ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន​ភូមា​​ព្រួយបារម្ភ​ថា មូលនិធិ​សន្តិភាព​អាចនឹង​បង្អាក់​ដល់​ដំណោះស្រាយ​នយោបាយ


លោក​ប្រធានាធិបតី ថេន សេន (Thein Sein)​ (ស្តាំ)
លោក​ប្រធានាធិបតី ថេន សេន (Thein Sein)​ (ស្តាំ)
ប្រែសម្រួលដោយ ឌី ខាំបូលី
ក្រុម​សកម្មជន​ភូមា​និយាយ​ថា មូលនិធិ​អន្តរជាតិ​ដែល​ត្រូវបាន​បង្កើត​ឡើងដើម្បីជំរុញ​ឲ្យ​មានសន្តិភាព នៅក្នុង​តំបន់​បះបោរ​ខាង​ជាតិ​ពន្ធុ ប្រថុយប្រថានដល់​ការបំផ្លាញ​ដល់​ដំណើរការ​នេះ។ ក្រុម​អ្នក​រិះគន់​និយាយ​ថា «មូលនិធិ​សន្តិភាព»​ដែល​ដឹកនាំ​ដោយ​ប្រទេស ន័រវេ (Norway) និង​ធនាគារ​ពិភពលោក (World Bank) កំពុង​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍ ជាជាង​ដំណោះស្រាយ​នយោបាយ​ដ៏​យូរអង្វែង​មួយ។ ឯកអគ្គរដ្ឋទូត​របស់​ប្រទេស ន័រវេ បដិសេធ​ទស្សន​បែបនោះ ហើយ​និយាយ​ថា ចំណុច​រួមរបស់​ពួកគេ​គឺ​សន្តិភាពដ៏​យូរអង្វែង​មួយ។
ក្រុម​សកម្មជន​ភូមា​និយាយ​ថា គំនិត​ផ្តួចផ្តើម​ផ្នែក​មូលនិធិ​នាពេល​ថ្មីៗនេះ​ ដើម្បីជំរុញ​ឲ្យមានសន្តិភាព នៅក្នុង​តំបន់​ជនជាតិ​ភាគតិច ​ដែល​ទើបងើប​ចេញពីជម្លោះ គឺមាន​ចេតនាល្អ ប៉ុន្តែ​អាចផ្តល់ផលអាក្រក់​ជាងផលល្អ។
ផែនការ​ផ្តល់ជំនួយ​ទាំងឡាយ ត្រូវបានចាប់ដំណើរការ​កាលពី​ដើម​ឆ្នាំ​នេះ​ដោយ​ប្រទេស ន័រវេ ធនាគារពិភពលោក សហគម​អឺរ៉ុប (European Union) ចក្រភព​អង់គ្លេស (United Kingdom) អង្គការ​សហប្រជាជាតិ (United Nations) និង​ប្រទេស អូស្រ្តាលី (Australia)។
លោក​ប្រធានាធិបតី ថេន សេន (Thein Sein)​ ដែល​មាន​គំនិត​កំណែរ​ទម្រង់​របស់​ភូមា និងដែល​ចាប់តាំង​ពី​ចូលកាន់​អំណាច​មក បាន​ចុះហត្ថលេខា​ទៅលើ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា ជាមួយនឹង​ក្រុម​បះបោរ​ខាង​ជាតិ​ពន្ធភាគច្រើន គាំទ្រ​យន្តការ​ទាំងនេះ។
ប៉ុន្តែ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​របស់​ភូមា ត្អូញ​ត្អែរថា គំនិត​ផ្តួចផ្តើម​ទាំងនេះ​មិនបាន​ដាក់បញ្ចូល​ផ្នែក​ផ្សេងៗទៀតឲ្យ​បានគ្រប់គ្រាន់នៅ​ឡើយ​ ហើយ​ផ្តោត​ខ្លាំង​ពេក​ទៅលើ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល មុនពេល​សន្តិភាពយ៉ាងរឹងមាំ​មួយ ​ត្រូវបាន​បង្កើតឡើង។
លោកស្រី​ ឃីន អូម៉ារ៍ (Khin Ohmar) នៃ​អង្គការ​ភាព​ជាដៃគូភូមា បាន​និយាយ​នៅឯ​ក្លឹប​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៃ​ប្រទេស​ថៃ (Foreign Correspondents Club of Thailand)។ លោកស្រី​ណ ​និយាយ​ថា ការអភិវឌ្ឍន៍​មិនគួរជា​ការជំនួសឲ្យ​ដំណោះស្រាយ​នយោបាយ​នោះទេ។
«រដ្ឋាភិបាល​បាន​ផ្តល់អាទិភាព​យ៉ាង​ច្បាស់​លាស់ទៅលើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ជាង​ការសម្រេចបាន​នូវ​សន្តិភាព​ប្រកប​ដោយ​និរន្តភាព​ តាម​រយៈ​ការ​ចរចា​នយោបាយ។ ហើយ​អ្វី​ដែល​យើង​កំពុងមើលឃើញ​នាពេល​ឥឡូវ​នេះ​ គឺភាព​ខ្វះការចូលរួម​ពី​ស្រ្តី​និង​សង្គមស៊ីវិល​នៅក្នុង​ដំណើរការ​នេះ​កន្លងមក»។
ធនាគារ​ពិភពលោក​ បាន​ឲ្យ​ដឹងថា កម្មវិធី​លើកកម្ពស់​ការអភិវឌ្ឍន៍​សហគម​របស់​ខ្លួន នឹង​ផ្តល់​មូលនិធិ​ចំនួន​៨៥​លាន​ដុល្លា​សម្រាប់​សាលារៀន ផ្លូវថ្នល់ ទឹក និង​គម្រោង​ផ្សេងៗទៀត ដែល​នឹង​ត្រូវ​សម្រេច​ចិត្ត​ដោយ​សហគម​មូលដ្ឋាន។
មូលនិធិ​រាប់រយ​លាន​ដុល្លា​បន្ថែមទៀត នឹង​ត្រូវបាន​រំពឹង​ថា នឹង​អាច​ផ្តល់​ឱ្យ នៅពេល​ដែល​ភូមា​ដោះស្រាយ​បំណុល​កាល​អតីតកាល​ជាមួយ​ធនាគារ​ពិភពលោក​។
ក្រុម​ម្ចាស់​ជំនួយ​គាំទ្រ​សន្តិភាព ដែល​បង្កើតឡើង​ដោយ​ប្រទេស ន័រវេ និង​លេច​ចេញ​ជា​រូប​រាង​កាល​ពី​ខែ​មិថុនាតាមការស្នើឡើងពី​លោក​ប្រធានាធិបតី ថេន សេន បាន​សន្យា​ផ្តល់​ថវិការ​ដំបូងចំនួន​៣០​លាន​ដុល្លា សម្រាប់​តំបន់​ដែល​ទទួលរងគ្រោះ​ដោយសារជម្លោះ។
ការផ្តោត​ការយកចិត្ត​ទុកដាក់​ជាចម្បង គឺ​ទៅលើ​ជំនួយ​អភិវឌ្ឍន៍ ដែល​ដោយ​រាប់​បញ្ចូលទាំង ការជួយសង្រ្គោះ​រយៈពេល​ខ្លី ការដោះមីន ការកាត់​បន្ថយភាព​ក្រីក្រ និង​ការអប់រំជាដើម។
ប៉ុន្តែ បន្ទាប់ពី​ការប្រឹក្សា​យោបល់​ជាមួយ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​និង​ក្រុម​បះបោរ គម្រោងផ្សេងៗ​ទៀត​ដែល​កំពុង​ត្រូវបាន​បង្កើតឡើង ផ្តោត​ទៅលើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ឈប់បាញ់គ្នា ដូចជា​ការផ្តល់​មូលនិធិ​ទៅឱ្យ​ការិយាល័យ​ទំនាក់ទំនង​និង​ត្រួតពិនិត្យ។
លោកស្រី​ កាតយ៉ា ន័ដហ្គាដ (Katja Nordgaard) គឺជា​ឯកអគ្គរដ្ឋទូតន័រវេ ប្រចាំ​នៅ​ប្រទេស​ភូមា កម្ពុជា និង​ឡាវ។ ដោយ​បាន​ថ្លែង​ទៅកាន់​វីអូអេ​តាម​ទូរស័ព្ទ​ក្នុង​កំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​នៅក្នុង​សប្តាហ៍​នេះ​ទៅកាន់​ប្រទេស​ភូមា អ្នកស្រី​បាន​និយាយ​ថា គោលដៅ​របស់​មូលនិធិ​សន្តិភាព គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ចរចា​នយោបាយ។
អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​កំពុង​ធ្វើ គឺ​ព្យាយាម​ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិភាព​យូរ​អង្វែង​មួយ។ ដូច្នេះ ខ្ញុំ​ចង់និយាយ​ថា យើងកំពុងធ្វើ​កិច្ចការ​នេះ ដោយមាន​ការពិគ្រោះ​យោបល់​យ៉ាង​ជិតដិត​ជាមួយនឹង​ក្រុម​ប្រដាប់​អាវុធ ដោយរដ្ឋាភិបាលព្យាយាម​កសាង​ការជឿ​ទុកចិត្ត ព្យាយាម​កសាង​ទំនាក់ទំនង បង្កើត​ឳកាស​ដើម្បីទទួល​ជំនួយ​អន្តរាគមជា​ធម្មតា​ដែល​នឹងផ្តល់​ជូន។ កិច្ចការ​ទាំងអស់​នេះ​នឹង​មាន​សារសំខាន់​សម្រាប់​សន្តិភាព​យូរអង្វែង​មួយ»។
ប៉ុន្តែ ក្រុមសិទ្ធិមនុស្ស​ថ្លែងថា មូលនិធិ​សន្តិភាព​ ខកខាន​មិន​បានដោះស្រាយ​បុព្វហេតុ​ជម្លោះ​ជាមូលដ្ឋាន​មួយ​ចំនួន ដូចជា​ប្រភព​ធនធានជាដើម។
ការប្រយុទ្ធគ្នា​នៅតែបន្ត​រវាង​កងយោធា​ភូមា និង​ក្រុម​បះបោរ​ជនជាតិ កាជិន (Kachin) ចាប់តាំង​ពី​ជម្លោះ​នេះ​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ​មុន នៅក្បែរ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនីនិង​បំពង់​បង្ហូរ​ប្រេង​ដែលគាំទ្រ​ដោយ​ចិន។
ក្រុម​សារព័ត៌មាន កាជិន ​ដែល​ស្ថិតនៅ​និរទេស (Kachin News Group) រាយការ​ថា ការប្រយុទ្ធគ្នាកើនឡើង ចាប់តាំងពី​ខែ​សីហា នៅ​ក្បែរ​តំបន់ ផាហ៍កានត៍ (Hpakant) ដែល​ជា​កន្លែង​ដែល​ត្បូងថ្ម​ដែល​មាន​គុណភាព​ល្អ​បំផុត​របស់​ពិភពលោក ​ត្រូវបាន​ជីករុករក។
ទោះបីជា​របាយការណ៍​មិនអាច​ត្រូវបានបញ្ជាក់ដោយ​ឯករាជ្យ​ក៏ដោយ វាច្បាស់​ណាស់​ថា ភាគច្រើន​នៃ​ការប្រយុទ្ធ​គ្នា​នៅក្នុង​រដ្ឋ​កាជិន គឺ​និយាយ​អំពីថាតើ​អ្នកណា​ជាគ្រប់គ្រង​ធនធាន។
លោក ប៉ូល សេន​ត្វា (Paul Sein Twa) ធ្វើការ​ឱ្យ​បណ្តាញ​សកម្មភាព​សង្គម​បរិស្ថាន​ការ៉ែន (Karen Environmental Social Action Network)។
«ធនធាន​ធម្មជាតិ​គឺជា​មូលហេតុ​ចម្បង​មួយ​នៃ​ជម្លោះ​នៅក្នុង​តំបន់​នោះ ដែលអ្នក​អាច​មើលឃើញ​គម្រោង​ធំៗ​ជាច្រើន ហើយ​អ្នក​អាច​មើល​ឃើញបញ្ហា​នៃ​ការ​ពង្រីក​កងយោធា និង​ការរំលោភ​សិទ្ធិ​មនុស្ស។ ហើយ ខ្ញុំ​គិត​ថា នៅក្នុង​កំឡុង​ពេល​នៃ​ការកសាង​សន្តិភាព ជាពិសេស​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ដូចជា​ពេល​ឥឡូវនេះដែរ​ ដែល​បញ្ហា​ទាំងនេះ​ត្រូវបាន​ដោះស្រាយ។ ហើយ​ ​បញ្ហា​ទាក់ទង​ទៅនឹង​ការចែករំលែក​ផលប្រយោជន៍ បញ្ហា​នៃ​ការគ្រប់គ្រង ឬ​ការសម្រេចចិត្តនយោបាយ ជុំវិញ​ការគ្រប់គ្រង​ធនធាន​ទាំងនេះ។ ដូច្នេះ បើសិន​ជា​យើងមិន​អាច​ដោះស្រាយ​បញ្ហា​នេះ​ពីដំបូងទេ ខ្ញុំ​គិត​ថា វា​ក៏នឹង​អាច​នាំឲ្យ​មាន​ជម្លោះ​ច្រើន​បន្ថែម​ទៀត»។
ឯកអគ្គ​រដ្ឋទូតន័រវេ លោកស្រី ន័ដហ្គាដ និយាយ​ថា ទោះបីជា​ការ​គ្រប់គ្រង​ធនធាន​មិនត្រូវបាន​ដោះស្រាយ​តាមរយៈ​មូលនិធិ​សន្តិភាព​ក៏ដោយ បញ្ហា​នេះ​ត្រូវតែ​ត្រូវបាន​ដោះស្រាយ​តាមរយៈការ​ចរចា​នយោបាយ។
ហើយ ទោះបីជា​លោក​ស្រី​ទទួលស្គាល់ថា ដំណើរការ​សន្តិភាព​មានភាពផុយស្រួយក៏​ដោយ​ លោកស្រី​បដិសេធការរិះគន់​ ដែលថា​មូលនិធិ​មកដល់​លឿនពេក។
«មិនមែនទេ ខ្ញុំ​អាច​និយាយ​ថា វា​គឺជា​រឿង​ផ្ទុយ​ទៅវិញ​ទេ។ វា​ពិត​ជាមាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុងការ​គាំទ្រ​បទឈប់បាញ់​គ្នា ដូច​ដែលពូកគេ​មាន និងក្នុង​ការលើក​ទឹកចិត្ត»។
គម្រោងផ្តួចផ្តើម​ការគាំទ្រ​សន្តិភាព​ដល់​ភូមា​របស់​ប្រទេស ន័រវេ បាន​ផ្តល់តួនាទីនៃការចាត់​ចែង​និង​សម្របសម្រួល​ រវាង​ក្រុម​ឈប់​បាញ់គ្នា អាជ្ញាធរ និង​ពលរដ្ឋ​មូលដ្ឋាន ចាប់តាំងពី​ខែមករា​មក៕
XS
SM
MD
LG