ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃចន្ទថា ស្ថាប័នអន្តរជាតិរបស់លោកបានសម្រេចផ្អាកការប្រើប្រាស់ថ្នាំគ្រុនចាញ់ hydroxychloroquine នៅក្នុងការសាកល្បងនានា ដើម្បីរកមើលវិធីព្យាបាលមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណា ខណៈដែលអ្នកជំនាញកំពុងពិនិត្យសុវត្ថិភាពនៃថ្នាំនេះ។
លោក Tedros Adhanom Ghebreyesus បានយោងលើការសិក្សាមួយដែលត្រូវបានបោះពុម្ពនៅក្នុងទស្សាវដ្តីសុខាភិបាលឈ្មោះ Lancet ដែលរកឃើញថា អ្នកជំងឺកូវីដ១៩ដែលបានប្រើថ្នាំ hydroxychloroquine នេះមានអត្រានៃការស្លាប់ខ្ពស់ជាងអ្នកមិនប្រើថ្នាំនេះ។ លោក Tedros សង្កត់ធ្ងន់ថា ថ្នាំនេះជាទូទៅមានសុវត្ថិភាពចំពោះអ្នកជំងឺគ្រុនចាញ់ឬជំងឺស្វ័យស៊ាំ។
ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃអង្គការ WHO លោក Michael Ryan ថ្លែងថា ក្នុងការព្យាបាលសាកល្បងប្រើថ្នាំគ្រុនចាញ់នេះសម្រាប់អ្នកជំងឺកូវីដ១៩កន្លងមករបស់ WHO មិនមានបញ្ហាទេ ប៉ុន្តែការសម្រេចផ្អាកនេះធ្វើឡើងដើម្បីជាការប្រុងប្រយ័ត្នខ្ពស់។
កន្លងមក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសរសើរថ្នាំគ្រុនចាញ់ hydroxychloroquine នេះថា អាចព្យាបាលជំងឺកូវីដ១៩ដ៏មានប្រសិទ្ធភាព ហើយថែមទាំងអះអាងថាលោកបានលេបថ្នាំនេះទៀត ថ្វីបើលោកមិនមានធ្វើតេស្តវិជ្ជមានឃើញវីរុសកុរ៉ុណានោះទេ។
នៅជុំវិញពិភពលោកប្រទេសជាច្រើនចាប់ផ្តើមបន្តបន្ធូរបន្ថយវិធានការរឹតត្បិតសកម្មភាពសង្គម។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលមានករណីឆ្លងកូវីដ១៩ជាង៧៦.០០០ករណី បាននិយាយកាលពីថ្ងៃអង្គារថា នៅក្នុងថ្ងៃអាទិត្យទី៣១ ខែឧសភា ខាងមុខ ខ្លួននឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតជាបណ្តើរៗដូចជា អនុញ្ញាតឲ្យធ្វើដំណើរក្នុងស្រុកវិញបាន ទៅព្រះវិហារឥស្លាម និងបើកភោជនីយដ្ឋាននិងហាងកាហ្វេវិញ។ ហើយវិធានការរឹតត្បិតទាំងអស់នឹងត្រូវបញ្ចប់នៅថ្ងៃទី២១ ខែមិថុនាខាងមុខ។
ប៉ុន្តែនៅប្រទេសឥណ្ឌូណេស៊ីវិញ ក្រុមទាហាននិងប៉ូលិសចាប់ផ្តើមពង្រឹងវិធានតម្រូវឲ្យពាក់ម៉ាស់និងរក្សាគម្លាតពីគ្នាក្នុងសង្គម។ ឥណ្ឌូណេស៊ីបានរាយការណ៍ថា ត្រឹមថ្ងៃអង្គារ ខ្លួនមានអ្នកឆ្លងកូវីដ១៩ចំនួនជាង២៣.០០០នាក់និងអ្នកស្លាប់១.៤១៨នាក់។
នៅប្រទេសអង់គ្លេសវិញ នាយករដ្ឋមន្ត្រី Boris Johnson បានប្រកាសពីគម្រោងបើកផ្សារលក់ទំនិញឡើងវិញនៅថ្ងៃទី១ខែមិថុនា និងអនុញ្ញាតឲ្យហាងទាំងអស់អាចបើកទ្វារវិញនៅថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែលោកថា ចាំបាច់ត្រូវរក្សាវិធានការខ្លះដើម្បីបង្ការការផ្ទុះរាតត្បាតជាថ្មីនៃវីរុសកូរ៉ូណា៕