សហរដ្ឋអាមេរិកកំពុងតែព្យាយាមរឹបអូសអចលនទ្រព្យ ស្នាដៃសិល្បៈ និងគ្រឿងអលង្ការ ដែលមានទឹកប្រាក់ជាង១ពាន់លានដុល្លារ ដែលអាជ្ញាធរចោទប្រកាន់ថា ត្រូវបានគេទិញដោយប្រើប្រាស់ថវិកាដែលត្រូវបានគេលួចពីមូលនិធិរដ្ឋរបស់ម៉ាឡេស៊ី។
ក្រសួងយុត្តិធម៌អាមេរិកបានដាក់ពាក្យបណ្តឹងនៅក្នុងទីក្រុង Los Angeles ដោយអះអាងថា ក្រុមមន្ត្រីដែលជិតស្និទ្ធនឹងនាយករដ្ឋមន្ត្រី Najib Razak បានផ្ទេរប្រាក់ជាង៣ពាន់៥០០លានដុល្លារពីមូលនិធិរដ្ឋចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ ដោយប្រើប្រាស់ប្រាក់ដែលគ្រោងនឹងប្រើសម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីទិញទ្រព្យសម្បតិ្តនៅអាមេរិក និងបង់ថ្លៃរៀបចំពិធីជប់លៀងដែលខ្ជះខ្ជាយ លេងល្បែង និងសម្រាប់កម្សាន្ត។
ពាក្យបណ្តឹងនេះមិនបានដាក់ឈ្មោះលោក Najib ដែលផ្តោតទៅលើការកើនឡើងការមិនពេញចិត្ត ក្នុងអំឡុងពេលដែលមានការស៊ើបអង្កេតនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅកន្លែងដទៃទៀត ជុំវិញមូលនិធិដែលលោកត្រួតត្រា ដែលត្រូវបានគេហៅថា 1Malaysia Development Berhad ឬ 1MBD។
ប៉ុន្តែពាក្យបណ្តឹងនោះបានដាក់ឈ្មោះកូនចុងរបស់លោក Najib ឈ្មោះ Riza Aziz ដែលជាផលិតករខ្សែភាពយន្តហូលីវូដ ថាជាបុគ្គលដែលមានជាប់ពាក់ព័ន្ធ។ ហិរញ្ញិកម៉ាឡេស៊ីឈ្មោះ Jho Low និងមន្ត្រីរដ្ឋាភិបាលនៅ Abu Dhabi ដែលមានឈ្មោះថា Khadem al-Qubaisi និង Mohamed Ahmed Badawy al-Husseiny ក៏ត្រូវបានដាក់ឈ្មោះនៅក្នុងពាក្យបណ្តឹងនោះផងដែរ។
សហរដ្ឋអាមេរិកចោទប្រកាន់ថា ប្រាក់មួយចំនួននៃប្រាក់មិនត្រឹមត្រូវទាំងនេះត្រូវបានAziz ប្រើប្រាស់ដើម្បីឧបត្ថម្ភដល់ការផលិតខ្សែភាពយន្តអាមេរិកដ៏ល្បីល្បាញមួយកាលពីឆ្នាំ២០១៣ ដែលមានចំណងជើងថា "The Wolf of Wall Street," ដែលជារឿងប្រឌិតមួយដែលនិយាយពីជីវិតពិតរបស់ពួកអ្នកបោកប្រាស់នៅ Wall Street។
បុគ្គលដែលមានរាយនាមនៅក្នុងពាក្យបណ្តឹងនោះនៅមិនទាន់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនៅឡើយទេ ប៉ុន្តែគេនៅអាចចោទប្រកាន់បុគ្គលទាំងនោះពីបទឧក្រិដ្ឋបាន៕