ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ប្រទេស​ម៉ាឡេស៊ី​ លោក​អូបាម៉ា​លើក​ឡើង​អំពី​ទុក្ខសោក​របស់​ជន​ភៀស​ខ្លួន


លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា (រូប​កណ្តាល) ចូល​រួម​ថត​រូប​ជា​លក្ខណៈ​គ្រួសារ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ក្នុង​ក្រុង​មជ្ឈមណ្ឌល​សន្និសីទ​គូឡាឡាំពួ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា (រូប​កណ្តាល) ចូល​រួម​ថត​រូប​ជា​លក្ខណៈ​គ្រួសារ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ក្នុង​ក្រុង​មជ្ឈមណ្ឌល​សន្និសីទ​គូឡាឡាំពួ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា កំពុង​បន្ត​ការពារ​ផែនការ​របស់​លោក​ដើម្បី ទទួល​ជន​ភៀស​ខ្លួន​ស៊ីរី​ថែម​ទៀត នៅ​ក្នុង​ជំនួប​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​កុមារ​ដែល​បាត់បង់​លំនៅដ្ឋាន​ដោយសារ​អំពើ​ហិង្សា​ និង​ភាព​ក្រី​ក្រ។

លោក​អូបាម៉ា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ (Kuala Lumpur) ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​តំបន់​នោះ កាល​ពី​ថ្ងៃ​សៅរ៍​នេះ​បាន​អញ្ជើញ​ទៅ​ទស្សនា​មូលនិធិ​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​កុមារ ដែល​នៅ​ទីនោះ​លោក​បាន​ជួប​ជាមួយ​កុមារ​ភៀស​ខ្លួន រួម​ទាំង​កុមារ​ខ្លះ​ដែល​នឹង​មក​រស់​នៅ​សរអា​ផង​ដែរ។

«ពិភពលោក​ពិត​ជា​កំពុង​តែ​ផ្តោត​ទៅ​លើ​សោកនាដកម្ម​មនុស្សធម៌​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី ប៉ុន្តែ​យើង​មិន​អាច​ភ្លេច​ថា​មាន​ជន​ភៀស​ខ្លួន​រាប់​លាន​នាក់ផ្សេងទៀត ពី​កន្លែង​នាៗ​ដែល​មាន​ពោរពេញ​ទៅ​ដោយ​សារ​សង្គ្រាម​នោះ»។ នេះ​ជា​សម្តី​របស់​លោក​អូបាម៉ា។

កុមារ​ជា​ច្រើន​នៅ​មជ្ឈ​មណ្ឌល​នោះ ជា​ជនជាតិ Rohingya ដែល​កាន់​សាសនា​មូស្លីម ដែល​បាន​រត់​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ទី​ដែល​មាន​អ្នកកាន់​សាសនា​ព្រះ​ពុទ្ធ​ភាគ​ច្រើន។ ជន​ជាតិ Rohingya ​ភាគតិច​នេះ​កំពុង​ជួប​ប្រទះ​នឹង​ការ​ប្រកាន់​រើស​អើង និង​អំពើ​ហិង្សា​យ៉ាង​ខ្លាំង។

លោក​អូបាម៉ា​ថ្លែង​ថា «នៅ​ពេល​ដែល​ខ្ញុំ​អង្គុយ​នៅ​ទីនោះ ហើយ​និយាយ​ជាមួយ​ពួក​គេ នៅ​ពេល​ដែល​ពួកគេ​កំពុង​តែ​គូរ​រូប ឬ​ធ្វើ​លំហាត់​គណិតវិទ្យា​នោះ ពួក​គេ​មើល​ទៅ​គឺ​គ្មាន​អ្វី​ខុស​ពី​ក្មេងៗ​នៅ​អាមេរិក​ទាល់​តែ​សោះ»។

លោក​បន្ថែម​ទៀត​ថា «ការ​ជជែក​ថា ​យើង​គួរ​តែ​ខ្លាច​ពួក​គេ ហើយ​បោះ​បង់​ចោល​ពួកគេ​នោះ មិន​មែន​តំណាង​ឲ្យ​យើង​ទេ»។

ទស្សនកិច្ច​នេះ​បាន​ផ្តល់​ជូន​លោក​ប្រធានាធិបតី​នូវ​ឱកាស​មួយ​ទៀត ដើម្បី​ឆ្លើយតប​ទៅ​អ្នក​នៅ​អាមេរិក​ដែល​ជំទាស់​នឹង​ផែន​ការ​របស់​លោក​ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ចំនួន ១​ម៉ឺន​នាក់​នៅ​ឆ្នាំ​នេះ​ពី​ប្រទេស​ស៊ីរី។

នេះ​ជា​ចំនួន​ដែល​កើន​ឡើង​យ៉ាង​ច្រើន​សន្ធឹកពី​ចំនួន​ជន​ភៀស​ខ្លួន​ស៊ីរីប្រមាណ​២ពាន់​នាក់ ដែល​សរអា​បាន​ទទួល​យក​ ចាប់​តាំង​ពី​ដើម​ដំបូង​នៃ​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ប៉ុន្តែ​នេះ​ជា​ចំនួន​តិច​តួច​នៃ​ជន​ភៀស​ខ្លួន​រាប់​លាន​នាក់ ដែល​បាន​រត់​ចេញ​ពី​ប្រទេស​ស៊ីរី៕

XS
SM
MD
LG