អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mahamad ព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសម៉ាឡេស៊ី កំពុងប្រឈមមុខនឹងការក្ស័យធន ដោយសាររឿងអាស្រូវដែលកំពុងកើតឡើងទាក់ទងនឹងមូលនិធិក្រុមហ៊ុនរដ្ឋ 1MDB។
លោក Mahathir Mahamad បានបញ្ជាក់នៅក្នុងអត្ថបទមួយ ដែលត្រូវបានចុះផ្សាយតាមអ៊ីនធឺណិត និងតាមបណ្តាញសង្គមថា «រដ្ឋាភិបាលនឹងមានឱនភាពថវិកា ដែលអាចឈានទៅដល់ការក្ស័យធន ប្រសិនបើ ប្រាក់កម្ចីមិនត្រូវបានសង និងប្រាក់ដើមរបស់ក្រុមហ៊ុន 1MDB មិនត្រូវបានបង់ទេនោះ»។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានថ្លែងថា ការនៅទ្រឹង មិនមានការបង់ប្រាក់ដោយក្រុមហ៊ុនរបស់រដ្ឋនេះ នឹងប៉ះពាល់ដល់ប្រយោជន៍ឥណទានរបស់ម៉ាឡេស៊ី ហើយថា រដ្ឋាភិបាល នឹងមិនអាចខ្ចីលុយក្នុងទីផ្សារឥណទានបានតទៅទៀតទេ។
លោក Mahamad ដែលធ្វើជានាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីនៅចន្លោះឆ្នាំ១៩៨១ដល់២០០៣ ក៏បានរំលឹកដល់ការរិះគន់ផ្ទាល់ខ្លួនរបស់លោកទៅលើនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្ន គឺលោក Najib Razak ដែលជាប់ទាក់ទិននៅក្នុងរឿងអាស្រូវនេះ និងកំពុងប្រឈមមុខ នឹងការពិនិត្យទៅលើប្រភពថវិកាជិត៧០០លានដុល្លារអាមេរិក ដែលត្រូវបានគេផ្ទេរចូលក្នុងគណនីធនាគារសម្ងាត់ផ្ទាល់ខ្លួនរបស់លោក តាមរយៈក្រុមហ៊ុននានា ដែលមានទំនាក់ទំនងជាមួយមូលនិធិទ្រព្យសម្បត្តិផ្ទាល់របស់ក្រុមហ៊ុន1MDB។ មូលនិធិនេះ ត្រូវបានផ្តួចផ្តើមឡើង ដោយលោក Najib ខ្លួនឯង កាលពី៦ឆ្នាំមុន។
លោក Mahamad មានប្រសាសន៍ថា «គ្មានការពន្យល់ណាមួយគួរឲ្យជឿបានទេ» អំពីទឹកប្រាក់នេះ ដែលថាជាអំណោយពីស្ដេចនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានសោយទិវង្គតទៅហើយនោះ៕