ស.រ.អា.កំពុងទប់ទល់នឹងឥទ្ធិពលប្រទេសអ៊ីរ៉ង់នៅក្នុងភូមិភាគមជ្ឈឹមបូព៌ាជាមួយរបៀបដោះស្រាយខ្លាំងក្លាជាងមុនក្នុងវិស័យបណ្តាញអ៊ីនធឺណិត។
លោកឧត្តមសេនីយ៍ Joseph Votel អគ្គមេបញ្ជាការនៃទីបញ្ជាការកណ្តាលស.រ.អា.ហៅកាត់ថា CENTCOM បាននិយាយកាលពីថ្ងៃពុធនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «ពួកអ៊ីរ៉ង់ធ្វើប្រតិបត្តិការសឹងតែទាំងស្រុងនៅក្នុងអ្វីដែលយើងហៅថាតំបន់មិនច្បាស់ភាសាអង់គ្លេសហៅថា Gray Zone ដែលជាកន្លែងនៅចន្លោះការប្រកួតប្រជែងអន្តរជាតិធម្មតា និងសង្គ្រាម «ដោយលោកបានហៅវាថាជា» វិស័យមួយដែលល្អប្រសើរសម្រាប់កិច្ចប្រតិបត្តិការនៃបណ្តាញអ៊ីនធឺណិត។
លោក Votel បានមានប្រសាសន៍ថា «យើងនៅ CENTCOM កំពុងពិនិត្យមើលវិធីសម្រាប់ប្រកួតប្រជែងក្នុងតំបន់មិនច្បាស់លាស់នេះដោយរូមបញ្ចូលកិច្ចប្រតិបត្តិការនៃបណ្តាញអ៊ីនធឺណិតជាផ្នែកមួយនៃរបៀបដោះស្រាយទាំងស្រុងដែលជាផ្នែកសំខាន់មួយនៃការណ៍នេះ»។
ពួកមន្ត្រីស.រ.អា.ខាងការស៊ើបការណ៍សម្ងាត់ និងពួកមន្ត្រីយោធាអាមេរិកាំងបានព្រមានជាយូរយារមកហើយអំពី «ឥទ្ធិពលអាក្រក់» របស់រដ្ឋាភិបាលក្រុងតេហេរ៉ង់នៅក្នុងភូមិភាគមជ្ឈឹមបូព៌ា។ ពួកមន្ត្រីទាំងនេះបានថ្លែងថាប្រទេសអ៊ីរ៉ង់ពឹងពាក់ច្រើនជាងមុនលើកិច្ចប្រតិបត្តិការខាងបណ្តាញអ៊ីនធឺណិតរបស់ខ្លួនដើម្បីចាត់ចែងកិច្ចការនៅលើសមរភូមិនិងនៅក្នុងបរិស្ថានខាងព័ត៌មាននៅក្នុងកន្លែងនានាដូចជាប្រទេសអ៊ីរ៉ាក់ ស៊ីរី និងប្រទេសយេម៉ែនជាដើម៕