ប្រទេសអង់គ្លេស បារាំងនិងស.រ.អា.បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយរិះគន់ការបង្ហោះរ៉ុក្កែតមួយកាលពីពេលថ្មីៗនេះដោយប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា «កម្មវិធីរបស់អ៊ីរ៉ង់ដើម្បីអភិវឌ្ឍកាំជ្រួចមីស៊ីលផ្លោង...មានផលប៉ះពាល់នាំឱ្យមានអស្ថិរភាពក្នុងតំបន់។ យើងអំពាវនាវដល់ប្រទេសអ៊ីរ៉ង់កុំឱ្យបង្ហោះកាំជ្រួចមីស៊ីល ផ្លោងថែមទៀតហើយកុំឱ្យធ្វើសកម្មភាពទាក់ទិន»។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអ.ស.ប.បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងមិនគ្រាន់តែទុកចិត្តពាក្យសម្តីរបស់អ៊ីរ៉ង់ដែលថាពួកគេគោរពតាមកាតព្វកិច្ចអន្តរជាតិប៉ុណ្ណោះទេ។ យើងនឹងបន្តដាក់ឱ្យមានផលវិបាករហូតដល់ពេលណាអ៊ីរ៉ង់ឈប់ការបង្ករឿងនិងគោរពដោយពេញលេញតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.»។
ប្រទេសអ៊ីរ៉ង់បាននិយាយថាខ្លួនបានបង្ហោះដោយជោគជ័យនូវរ៉ុក្កែតមួយគ្រឿងមានផ្ទុកផ្កាយវិទ្យាសាស្ត្រមួយចូលទៅក្នុងអវកាសកាលពីថ្ងៃព្រហស្បតិ៍។
ទូរទស្សន៍រដ្ឋនៅក្នុងប្រទេសអ៊ីរ៉ង់បានអះអាងថារ៉ុក្កែត «Simorgh» ដែលមានន័យថាបក្សី phoenix ក្នុងភាសា Farsi អាចផ្ទុកផ្កាយរណបមួយមានទម្ងន់២៥០គីឡូក្រាមរហូតដល់ចម្ងាយ៥០០គ.ម.ពីលើផែនដី ក៏ប៉ុន្តែមិនបាននិយាយក្បោះក្បាយអំពីប្រភេទនៃផ្កាយវិទ្យាសាស្ត្រនេះទេ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា «មជ្ឈមណ្ឌលអវកាស Imam Khomenei បានត្រូវបើកជាផ្លូវការជាមួយការបង្ហោះដោយជោគជ័យនូវយានអវកាស Simorgh»៕