ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ប្រទេស​អាមេរិក​បញ្ជូន​បញ្ជី​គម្រោង​សាងសង់​របស់​យោធា​ដែលអាច​កាត់​ថវិកា​ដើម្បី​យក​ទៅ​សង់​ជញ្ជាំង​ព្រំដែន


លោក​ប្រធានាធិបតី ថ្លែង​អំពី​សន្តិសុខ​ព្រំដែន នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​បង្ហាញ​អំពី​បញ្ជី​នៃ​គម្រោង​សាងសង់​របស់​យោធា​ដល់រដ្ឋ​សភា​ដែល​អាច​កាត់​យក​ថវិកា​ទៅ​ប្រើប្រាស់​ ដើម្បី​ជួយ​ដល់​ការសង់​ជញ្ជាំង​នៅ​តាម​ទល់ដែន​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​ ដែល​លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជា​ឲ្យ​សាងសង់។

រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការពារ​ប្រទេស​លោក Patrick Shanahan បាន​បញ្ជូន​បញ្ជី​នេះ​ទៅរដ្ឋសភា​កាល​ពី​ថ្ងៃចន្ទ គឺ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការប្រជុំសភា​ដ៏​តានតឹង​មួយ​ ដែល​ពេល​នោះ​ពួក​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ទាមទារ​រក​បញ្ជី​គម្រោ​ង​របស់​យោធា​ណា ​ដែល​អាច​រង​ផលប៉ះពាល់​ពី​ការ​កាត់​ថវិកា​ដើម្បី​យក​ទៅ​សង់ជញ្ជាំង​ព្រំដែន។ បញ្ជី​នេះ​រួម​បញ្ជូល​គម្រោង​សាងសង់​រាប់រយ​គម្រោង​នៅ​តាម​បណ្តា​រដ្ឋ​ជាច្រើន​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ព្រមទាំង​មូលដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ទូទាំង​ពិភពលោក​ផងដែរ។

មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ម្នាក់​និយាយ​ថា មិនមែន​មាន​ន័យ​ថាគម្រោង​ទាំងអស់​នៅក្នុង​បញ្ជី​នេះ​នឹង​ត្រូវ​កាត់​បន្ថយ​ថវិកា​នោះ​ទេ ដោយសារ​តែ​ថវិកា​គម្រោង​សាងសង់​ទាំងអស់​បញ្ជូល​គ្នា​មាន​ចំនួន​សរុប​ប្រមាណ​១២ពាន់៩រយលាន​ដុល្លារ ​ដែល​ចំនួននេះ​ច្រើន​ជាង​ថវិកា​ជាង​៣ពាន់៦រយលានដុល្លារ​ដែល​លោក Trump​ បាន​ព្យាយាម​កាត់​ពី​ថវិកា​យោធា។

សមាជិក​ព្រឹទ្ធសភា​លោក Jack Reed ដែល​ជា​គណកម្មាធិការ​កិច្ចការ​យោធា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ផ្សព្វផ្សាយ​ពី​បញ្ជី​គម្រោង​យោធា​ដែល​មាន​ហានិភ័យ​នេះ​នៅលើ​បណ្តាញ​ព័ត៌មាន​ និង​បាន​រិះគន់​លោក Trump ចំពោះ​ផែនការ​ប្រើប្រាស់​ថវិកា​យោធា​សម្រាប់​ជញ្ជាំង​ព្រំដែន​របស់​លោក។

កាល​ពី​ខែមុន​ លោក Trump បាន​ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​ស្ថានភាព​អាសន្ន​ដើម្បី​សង់ជញ្ជាំង​នៅ​តាម​ទល់ដែន​ភាគខាងត្បូង​សហរដ្ឋអាមេរិក ​បន្ទាប់​ពី​រដ្ឋសភា​មិន​អនុម័ត​សំណើ​ថវិកា​សង់ជញ្ជាំង​ព្រំដែន​របស់​លោក។ ការប្រកាស​នេះ​អនុញ្ញាត​ឲ្យ​លោក Trump ប្រើប្រាស់​ថវិកា​ពី​គម្រោង​សាងសង់​របស់​យោធា​ដើម្បី​ជួយ​ចំណាយ​លើ​ការ​សង់​ជញ្ជាំង​ព្រំដែន៕

XS
SM
MD
LG