ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញថា លោកមាន «សិទ្ធិទាំងស្រុង» នៅក្នុងការប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ន ដើម្បីសាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ដោយមិនចាំបាច់មានការអនុម័តពីសភាក្នុងការផ្ដល់ថវិកា។
កាលពីថ្ងៃចន្ទ រដ្ឋចំនួន ១៦ បានប្ដឹងលោក Trump ទៅតុលាការសហព័ន្ធនៅក្នុងរដ្ឋ California ដែលនៅទីនោះ ចៅក្រមបានបដិសេធគម្រោងផ្សេងៗទៀតរបស់លោក Trump នៅក្នុងអំឡុងពេលលោកកាន់អំណាចបានរយៈពេល ២៥ ខែកន្លងមក។
ប៉ុន្តែលោក Trump បាននិយាយនៅឯសេតវិមានយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា យើងនឹងទទួលជោគជ័យទាក់ទងនឹងពាក្យបណ្ដឹងនេះ»។
នៅពេលដែលលោកប្រកាសអំពីការដាក់ប្រទេសទៅក្នុងភាពអាសន្នកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Trump បាននិយាយថា លោករំពឹងថានឹងចាញ់ការតតាំងផ្លូវច្បាប់លើកដំបូងអំពីការប្រកាសរបស់លោក ជាពិសេសប្រសិនបើពាក្យបណ្ដឹងដែលប្ដឹងប្រឆាំងនឹងការសម្រេចចិត្តរបស់លោកត្រូវបានប្ដឹងនៅតុលាការមណ្ឌលទី ៩ នៅរដ្ឋភាគខាងលិចសហរដ្ឋអាមេរិក ដែលនៅទីនោះ រដ្ឋចំនួន ១៦ បានប្ដឹងរូបលោក។
ប៉ុន្តែលោក Trump បានបញ្ជាក់ថា លោករំពឹងថានឹងទទួលបានជ័យជម្នះដោយមានការគាំទ្រពីតុលាការកំពូល ដែលតុលាការកំពូលនឹងច្រានចោលរាល់ការសម្រេចទាំងអស់របស់តុលាការជាន់ទាប។
ពាក្យបណ្ដឹងនេះទាមទារឲ្យតុលាការហាមឃាត់ជាអចិន្ត្រៃយ៍មិនឲ្យរដ្ឋបាលរបស់លោក Trump បង្វែរថវិកាពីគម្រោងផ្សេងនៅក្នុងរដ្ឋាភិបាល ដើម្បីយកមកសាងសង់ជញ្ជាំងព្រំដែន ដោយគ្មានការអនុម័តពីសភា៕