ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មន្ត្រី​សន្តិសុខ​ជាតិ​អាមេរិក​ប្រឆាំង​នឹង​ជញ្ជាំង​ព្រំដែន​របស់​លោក Trump


លោក​ប្រធានាធិបតី​ថ្លែង​នៅ​ក្នុង​សេតវិមាន ជាមួយ​នឹង​ក្រុម​អភិបាល​រដ្ឋ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ថ្លែង​នៅ​ក្នុង​សេតវិមាន ជាមួយ​នឹង​ក្រុម​អភិបាល​រដ្ឋ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

អតីត​មន្ត្រី​សន្តិសុខជាតិ​សហរដ្ឋអាមេរិក​មួយ​ក្រុម​ដែល​មាន​គ្នា​៥៨នាក់​មក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃចន្ទ​បាន​រួមគ្នា​អះអាង​ថា​ លោក​ប្រធានាធិបតី Donald Trump គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​ស្ថានភាព​អាសន្ន​ដើម្បី​សង់​ជញ្ជាំង​នៅតាម​ព្រំដែន​រវាង​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​ដើម្បី​ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​ទេ។​

អតីត​ក្រុមមន្ត្រី​ទាំង​នោះ​បាន​និយាយ​ថា «គ្មាន​ភស្តុតាង​ណា​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​នៅ​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​របស់​លោក​ប្រធានធិបតី ដើម្បី​ឲ្យ​លោក​អាច​យក​ថវិកា​ទៅ​សង់ជញ្ជាំង​ព្រំដែន​ភាគ​ខាងត្បូង​បាន​ទេ»។

ក្រុម​អតីត​មន្ត្រី​ដែល​បាន​ចុះហត្ថលេខា​នៅ​លើ​សេចក្តី​ថ្លែងការ​រួមគ្នា​នោះ​រួម​មាន​ ក្រុម​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​លោកស្រី Madeleine Albright លោក John Kerry អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​លោក Chuck Hagel អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​ លោកស្រី Susan Rice អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោក Thomas Pickering អតីត​នាយក CIA លោក Leon Panetta និង​អតីត​ទីប្រឹក្សា​ក្រសួងការបរទេស​លោក Eliot Cohen។

លោក Trump បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​កាល​ពី១០ថ្ងៃមុន​ ដើម្បី​ជៀសវាង​សុំ​ការ​អនុម័ត​ពី​រដ្ឋសភា​លើ​សំណើ​ថវិកា​របស់​លោក​ចំនួន​៥ពាន់​៧រយលាន​ដុល្លារ​ដើម្បី​សង់ជញ្ជាំង​ព្រំដែន ដែល​លោក​និយាយ​ថា​ជា​ការ​ចាំបាច់ ​ដើម្បី​ទប់ស្កាត់​អន្តោប្រវេសន៍​ខុសច្បាប់​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ និង​ដើម្បី​ហាមឃាត់​ការ​ដឹកជញ្ជូន​ថ្នាំញៀន​ផងដែរ។ រដ្ឋសភា​បាន​អនុម័ត​ផ្តល់​ថវិកា​ចំនួន​១ពាន់៣៧៥លានដុល្លារ​សម្រាប់​សង់​របារ​ព្រំដែន​ ប៉ុន្តែ​មិនមែន​ជា​ជញ្ជាំង​ទេ។

លោក Trump មិន​បាន​ឆ្លើយតប​ដោយ​ផ្ទាល់​ចំពោះ​សេចក្តី​ថ្លែងការ​ដោយ​អតីត​ក្រុម​មន្ត្រី​សន្តិសុខ​ទាំង​នេះ​ទេ​ ប៉ុន្តែ​លោក​បាន​ការពារ​ផែនការ​សង់​ជញ្ជាំង​របស់​លោក​នៅ​អំឡុង​កិច្ចប្រជុំ​នៅ​ឯសេតវិមាន​ជាមួយ​ពួក​អភិបាល​រដ្ឋ​នានា៕

XS
SM
MD
LG