ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ចំណាយ​ឆ្នាំ២០២០របស់​លោក Trump មាន​បញ្ចូល​ថវិកា​ចំនួន ៨ពាន់៦រយ​លាន​ដុល្លារ​សម្រាប់​សាងសង់​ជញ្ជាំង​ព្រំដែន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បង្ហាញ​គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល​ចំនួន ៤,៧ លាន​លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០២០។

គម្រោង​ចំណាយ​នេះ​ក៏​មាន​បញ្ចូល​ផង​ដែរ​នូវ​សំណើ​ថវិកា​របស់​លោក​ប្រធានាធិបតី Donald Trump ចំនួន ៨ ពាន់ ៦ រយ​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​សាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក។

ការ​ស្នើ​ថវិកា​របស់​លោក Trump សម្រាប់​សាងសង់​ជញ្ជាំង​ព្រំដែន​នេះ ទំនងជា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​ថ្មី​ជាមួយ​នឹង​សមាជិក​សភា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ នៅ​ក្នុង​អំឡុង​ពេល​លោក Trump ធ្វើ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​ទី ៣។ សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សំខាន់ៗ​បាន​សន្យា​ភ្លាមៗ​ថា​នឹង​រារាំង​សំណើ​របស់​លោក Trump នេះ។

គម្រោង​ចំណាយ​របស់​លោក Trump ចង់​ឲ្យ​មាន​ការ​បង្កើន​ថវិកា​ចំនួន ៥ ភាគរយ សម្រាប់​ក្រសួង​ការពារ​ប្រទេស និង​កាត់​បន្ថយ​ថវិកា ៥ ភាគរយ​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ដែល​មិន​ពាក់ព័ន្ធ​នឹង​យោធា។

គម្រោង​ចំណាយ​នេះ​ក៏​មាន​បញ្ចូល​ផង​ដែរ​នូវ​ការ​កាត់​បន្ថយ​កម្មវិធី​មួយ​ចំនួន ដែល​ផ្ដល់​សេវា​ថែ​រក្សា​សុខភាព​ដល់​ពលរដ្ឋ​អាមេរិកាំង​វ័យ​ចំណាស់ និង​អ្នក​ក្រីក្រ។ ការ​ចំណាយ​សម្រាប់​យោធា​នឹង​កើន​ពី ៧១៥ ពាន់​លាន​ដុល្លារ ទៅ ៧៥០ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​លោក Trump ម្នាក់ បាន​និយាយ​ថា គម្រោង​ចំណាយ​នេះ​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ «កម្មវិធី​ជា​ច្រើន ដែល​គ្មាន​ប្រយោជន៍‍»។

រដ្ឋបាល​លោក Trump រំពឹង​ថា​នឹង​មាន​ឱនភាព​ចំនួន ១,១ លាន​លាន​ដុល្លារ​ចាប់​ពី​ខែ​តុលា​ខាង​មុខ​នេះ​ត​ទៅ បើ​ប្រៀបធៀប​ការ​ចំណាយ​ជាមួយ​នឹង​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ពន្ធ និង​កម្រៃ​ផ្សេងៗ ដែល​រដ្ឋាភិបាល​ប្រមូល​បាន។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា បាន​ហៅ​សំណើ​ថវិកា​របស់​លោក Trump ថា​ជា «ថវិកា​ដ៏​គួរ​ឲ្យ​អាម៉ាស់‍» និង​ជា «ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​មាន​ចំណូល​មធ្យម‍»៕

XS
SM
MD
LG