ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​២៤​នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


ប៉ូលិសអាហ្វហ្គានីស្ថានត្រួតពិនិត្យកន្លែងដែលត្រូវបានបំផ្ទុះក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានថ្ងៃច័ន្ទ ទី២០ មិថុនា ២០១៦។

ការផ្ទុះគ្រាប់បែក​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ​ចំនួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ពេល​ព្រឹក​ថ្ងៃ​ច័ន្ទ នេះ​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់២៤​នាក់​និង​របួស​៤០​នាក់​ផ្សេង​ទៀត។ ​

ការវាយ​ប្រហារ​ដ៏​ប្រល័យបំផុត​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល នៅ​ពេល​ដែល​អ្នក​បោក​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​ដើរ​ចូល​ទៅ​ជិត​រថយន្តក្រុង​ខ្នាត​តូច​មួយ​គ្រឿង​និង​បាន​បំផ្ទុះ​ខ្លួន​ឯង។

ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន​បាន​ឲ្យ​ដឹង​ថា ការវាយ​ប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៤​នាក់​ស្លាប់​និង​របួស​៨​នាក់។ ក្រុម​តាលីបង់​បាន​អះអាង​ទទួល​ខុសត្រូវ​ថា​ជា​ស្នាដៃ​របស់​ខ្លួន​ភ្លាមៗ។

ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ទាំង​នោះ​គឺ​ជា​កង​យាមល្បាត​នេប៉ាល់​ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​បរទេស​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ ជនជាតិ​នេប៉ាល់​៥​នាក់​និង​ជនជាតិ​អាហ្វហា្កនីស្ថាន​៤​នាក់​ដែល​ធ្វើ​ដំណើរ​នៅ​លើ​រថយន្តក្រុង​នោះ​ក៏​បាន​រងរបួស​ផង​ដែរ។

ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏​មាន​ការផ្ទុះ​គ្រាប់បែក​ដែលក្រុមឧទ្ទាម​បង្កប់​នៅ​តាម​ដងផ្លូវ​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​រដ្ឋធានី​នេះ ដែល​បាន​បណ្តាល​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ថ្នាក់​ខេត្ត​ម្នាក់​និង​អង្គរក្ស​២​នាក់​ទៀត​រង​របួស។

នាយក​ប្រតិបត្តិ​អាហ្វហ្គានីស្ថាន លោក Abdullah Abdullah បាន​ថ្កោលទោស​ទៅ​លើ​អំពើ​ហិង្សា​នេះ ថា​ជា «​សកម្មភាព​ភេរវកម្ម​និង​ការបំភ័យ»។

សេចក្តី​សម្រេច​របស់​អង្គការ​ណាតូ​ក្នុង​រដ្ឋធានី​កាប៊ុល​បាន​ថ្កោលទោស​ទៅ​លើការវាយប្រហារ​នេះ ដោយ​បាន​និយាយ​ថា ការវាយប្រហារ​ដ៏​គួរ​ឲ្យ​តក់ស្លុត​ទាំង​នេះ​គឺ​បាន​ន័យ​ថាក្រុម​តាលីបង់​មិន​បាន​ឲ្យ​តម្លៃ​ដល់ជីវិត​ពលរដ្ឋ​ស៊ីវិលដែល​គ្មាន​កំហុសទាល់​តែ​សោះ បើ​ទោះ​បី​ជា​ក្រុម​នេះ​ធ្លាប់​សន្យា​រួច​មក​ហើយ​ក៏​ដោយ។

នៅ​ក្នុង​ខេត្ត Badakhshan ដែល​ស្ថិត​នៅ​ប៉ែក​ភាគ​ឦសាន​នៃ​ប្រទេស​ ក្រុម​មន្ត្រី​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោចណាស់​ចំនួន​១០​នាក់​ត្រូវ​បាន​សម្លាប់ ​និង​៣០​នាក់​ទៀត​បាន​រង​របួស នៅ​ពេល​ដែល​មាន​ការបំផ្ទុះ​គ្រាប់បែកនៅ​ក្នុង​ផ្សារដ៏​មមាញឹក​មួយ៕​

XS
SM
MD
LG