ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក​នឹង​ចរចាអំពី​ពាណិជ្ជកម្ម​ផ្លែឈើ​និង​បន្លែ


រូបឯកសារ៖ ទង់ជាតិសហរដ្ឋអាមេរិក និងទង់ជាតិម៉ិកស៊ិក​នៅខាងមុខផ្សារហ៊ុន ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥។
រូបឯកសារ៖ ទង់ជាតិសហរដ្ឋអាមេរិក និងទង់ជាតិម៉ិកស៊ិក​នៅខាងមុខផ្សារហ៊ុន ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិកមាន​គម្រោង​ធ្វើ​ការចរចាក្នុង​រយៈពេល ៩០ ថ្ងៃ​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​ក្ដី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា ការ​នាំចូល​ផ្លែឈើ​និង​បន្លែ​ពី​ប្រទេស​ម៉ិកស៊ិក​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​សហរដ្ឋ​អាមេរិក។

ការិយាល័យ​របស់​លោក Robert Lighthizer ដែល​ជា​អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​ចង់​ពិនិត្យ​មើល​ជា​ពិសេស​លើ​ការ​នាំចូល​ផ្លែ​ស្ត្រប៊ឺរី ម្ទេសប្លោក និង​ផ្លែឈើ​ផ្សេងៗទៀត ហើយ​ថា​ការ​ពិនិត្យមើល​ឡើង​វិញ​នោះ អាច​នាំឲ្យ​មាន​ការ​យក​ពន្ធគយ។

លោក Lighthizer បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «លោក​ប្រធានាធិបតី Donald Trump ទទួលស្គាល់​ពី​បញ្ហា​លំបាក​ដែល​កសិករ​អាមេរិកាំង​ប្រឈម ហើយ​បាន​តាំងចិត្ត​លើក​កម្ពស់ និង​ធានា​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ស្មើភាព​គ្នា​សម្រាប់​កសិករ​អាមេរិកាំង​ទាំងអស់»។

ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ិកស៊ិក​បាន​សន្យា​ចូលរួម​នៅ​ក្នុង​ការចរចា​នេះ ហើយ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​ចង់ «ស្វែងរក​ដំណោះ​ស្រាយ​ប្រកប​ដោយ​ការ​ពេញចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​ចំពោះ​កង្វល់​ដែល​បាន​លើកឡើង​ដោយ​ផ្នែក​កសិកម្ម​របស់​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG