រដ្ឋមន្ត្រីក្រសួងសន្តិសុខនៃប្រទេសម៉ិចស៊ិកបាននិយាយថា មានសមាជិកគ្រួសារសហរដ្ឋអាមេរិកយ៉ាងតិចណាស់ ៩នាក់ បានត្រូវសម្លាប់នៅក្នុងការស្ទាក់វាយប្រហារមួយក្នុងផ្នែកខាងជើងនៃប្រទេសម៉ិចស៊ិក។
បើតាមលោករដ្ឋមន្ត្រីសន្តិសុខម៉ិចស៊ិក Alfonso Durazo និងញាតិសន្តានឈ្មោះ Alex និង Julian LeBaron ថា ពួកជនរងគ្រោះទាំងនេះជាសមាជិកនៃគ្រួសារ LeBaron ដែលជាពលរដ្ឋសហរដ្ឋអាមេរិក ដែលបានបង្កើតសហគមន៍គ្រឹស្តសាសនានិកាយ Mormon ជាច្រើនទសវត្សរ៍មកហើយនៅក្នុងតំបន់ព្រំដែននោះ។
សមាជិកមួយចំនួននៃគ្រួសារនេះបានថ្លែងថាការវាយប្រហារនេះបានកើតមានឡើងនៅពេលដែលពួកសមាជិកនៃគ្រូសារនេះធ្វើដំណើរក្នុងឡានពីរគ្រឿងតាមផ្លូវគ្មានចាក់កៅស៊ូមួយនៅចន្លោះរដ្ឋព្រំដែន Chihuahua និង Sonora។
លោក Durazo បានបញ្ជាក់ថា ពួកសមាជិកគ្រួសារនេះបានធ្វើដំណើរក្នុងក្បួនរថយន្តមួយ ហើយលោកបានថ្លែងដែរថាពួកសមាជិកគ្រួសារនេះអាចមានការច្រឡំបល់ជាមួយអង្គការឧក្រិដ្ឋដែលប្រយុទ្ធគ្នាដើម្បីត្រួតត្រាតំបន់នោះ។
លោក Durazo ក៏បាននិយាយដែរថា ពួកប៉ូលិសនិងពួកទាហានកំពុងស្វែងរកកុមារម្នាក់ដែលបាត់ខ្លួន។
ការសម្លាប់ពួកជនទាំងនេះជាការវាយប្រហារថ្មីៗបំផុតក្នុងបណ្តាការវាយប្រហារមួយចំនួនកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសម៉ិចស៊ិក ដែលបានធ្វើឱ្យប្រទេសនេះស៊ាំនិងអំពើហិង្សាមានការទង្គុកចិត្ត។
លោកប្រធានាធិបតីអាមេរិក Donald Trump បានចាប់ផ្តើមដាក់គំនាបសង្កត់ជាបន្ទាន់លើប្រធានាធិបតីម៉ិចស៊ិក Andres Manuel Lopez ឱ្យបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមានអាវុធ។
លោក Trump បាន tweet ថា «ប្រសិនបើប្រទេសម៉ិចស៊ិក ត្រូវការ ឬសុំជំនួយដើម្បីកម្ចាត់ពួកមនុស្សអាក្រក់ទាំងនេះ សហរដ្ឋអាមេរិកប្រុងប្រៀបរួចស្រេចហើយដើម្បីធ្វើការនេះឱ្យបានឆាប់រហ័សនិងដោយមានប្រសិទ្ធភាពផងដែរ»៕