សហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិកបានសម្រេចបាននូវកិច្ចព្រមព្រៀងមួយអំពីរឿងអន្តោប្រវេសន៍ដើម្បីបញ្ចៀសការយកពន្ធគយ ប៉ុន្តែមន្ត្រីអាមេរិកាំងបាននិយាយថា លោកប្រធានាធិបតី Donald Trump នៅតែរក្សាសិទ្ធិ ក្នុងការយកពន្ធគយលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក ប្រសិនបើម៉ិកស៊ិកមិនអាចធ្វើតាមកិច្ចព្រមព្រៀងនេះបាន។
លោក Trump បានបញ្ជាក់តាម Twitter កាលពីថ្ងៃសុក្រយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ជូនដំណឹងថា សហរដ្ឋអាមេរិកសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយនឹងប្រទេសម៉ិកស៊ិក។ ពន្ធគយដែលសហរដ្ឋអាមេរិកគ្រោងយកលើទំនិញរបស់ម៉ិកស៊ិកចាប់ពីថ្ងៃចន្ទខាងមុខនេះ ឥឡូវនេះត្រូវបានផ្អាកសិន»។
លោក Trump បានបន្ថែមថា៖ «ប្រទេសម៉ិកស៊ិកបានយល់ព្រមចាត់វិធានការខ្លាំងក្លាដើម្បីរារាំងរលកនៃការធ្វើចំណាកស្រុកកាត់តាមប្រទេសម៉ិកស៊ិក និងសំដៅឆ្ពោះមកព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក។ រឿងនេះត្រូវធ្វើឡើងដើម្បីកាត់បន្ថយឲ្យបានខ្លាំងក្លានូវការធ្វើអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសម៉ិកស៊ិកចូលមកក្នុងសហរដ្ឋអាមេរិក»។
ដោយថ្លែងនៅក្រៅកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស G20 នៅក្នុងប្រទេសជប៉ុន រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ម្សិលមិញថា កិច្ចព្រមព្រៀងនេះគឺស្របតាមគោលបំណងរបស់លោក Trump នៅក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍នៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ប៉ុន្តែការយកពន្ធគយនៅតែអាចអនុវត្ត ប្រសិនបើប្រទេសម៉ិកស៊ិកមិនធ្វើតាមការរំពឹងទុករបស់សហរដ្ឋអាមេរិក។
លោក Trump បានសរសេរពោរពេញដោយសុទិដ្ឋិនិយមនៅលើ Twiiter កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញថា៖ «ប្រទេសម៉ិកស៊ិកនឹងព្យាយាមខ្លាំងក្លាបំផុត។ ហើយប្រសិនបើប្រទេសនេះធ្វើដូច្នេះ នោះកិច្ចព្រមព្រៀងនេះនឹងក្លាយជាកិច្ចព្រមព្រៀងដ៏ជោគជ័យបំផុតមួយសម្រាប់សហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក»៕