ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក ម៉ិកស៊ិក និង​កាណាដា បើក​ការ​ចរចា​ឡើង​វិញ​ទៅ​លើ​កិច្ចព្រមព្រៀងNAFTA ​


អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក​ Robert Lighthizer (ឆ្វេង) ចាប់ដៃ​ជាមួយ​នឹង​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ប្រទេស​ម៉ិកស៊ិកលោក Ildefonso Guajardo Villarreal រួម​ជាមួយ​នឹង​អ្នកស្រី Chrystia Freeland រដ្ឋមន្រ្តី​ការបរទេស​បន្ទាប់ពី​ចូលរួម​ក្នុង​សន្និសីទកាសែតនៃ​ការចរចា​ឡើង​វិញ​ក្នុង​រាជធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៦ សីហា ២០១៧។

សហរដ្ឋអាមេរិក ម៉ិកស៊ិក និង​កាណាដា បាន​បើក​ការ​ចរចា​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង ជាមួយ​នឹង​អ្នក​តំណាង​ខាង​ពាណិជ្ជកម្ម​របស់​អាមេរិក លោក Robert Lighthizer ដែល​ទាមទារ​ពី​ដំបូង​ថា ការ​កែប្រែ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​និង​បង្កើន​ការ​ផលិត​យានយន្ត​នៅ​អាមេរិក​ខាង​ជើង។

នៅ​ពេល​បើក​សន្និសីទ​កាសែត​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន លោកLighthizer បាន​មាន​ប្រសាសន៍​ថា លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មិន​ចង់​កែប្រែ​កិច្ចព្រមព្រៀង NAFTA បន្តិចបន្តួច​នោះ​ទេ ដោយសារ​កិច្ចព្រមព្រៀង​នេះ​«បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន ហើយ​ត្រូវការ​ការ​កែតម្រូវ​ច្រើន​ដើម្បី​ឲ្យ​ប្រសើរ​ឡើង‍»។ ​

កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ១៩៩៤ នេះ គឺ​ជា​អាទិភាព​ចម្បង​មួយ​របស់​លោក ត្រាំ ក្នុង​អំឡុង​ពេល​ដែល​លោក​ឈរ​ឈ្មោះ​សម្រាប់​តំណែង​នៅ​សេតវិមាន ដែល​ជារឿយៗ​ហៅ​កិច្ចព្រមព្រៀង NAFTA នេះ ថា​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​«ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ‍» ហើយ​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​លំអៀង​ទៅ​លើ​ពាណិជ្ជកម្ម​អាមេរិក​ដែល​មាន​ឱនភាព​ជាមួយ​នឹង​ម៉ិកស៊ិក ខណៈ​ដែល​អនុញ្ញាត​ឲ្យ​ការងារ​រោងចក្រ​ត្រូវ​ទៅ​ធ្វើ​ម៉ិកស៊ិក​វិញ។ សហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន​៦៤​ពាន់​លាន​ដុល្លារ​ជាមួយ​នឹង​ម៉ិកស៊ិក​កាល​ពី​ឆ្នាំ​មុន។

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ម៉ិកស៊ិក លោក Ildefonso Guajardo Villarreal បាន​ការពារ​កិច្ចព្រមព្រៀង​នេះ ដោយ​ថ្លែង​ថា ការ​កែប្រែ​កិច្ចព្រមព្រៀង​នេះ​ច្រើន​គឺ​មិន​ចាំបាច់​ឡើយ។ លោក​បាន​និយាយ​ថា​ «បញ្ហា​គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​បែកខ្ញែក​កិច្ចព្រមព្រៀង NAFTA នោះ​ទេ ប៉ុន្តែ​ចរចា​ទៅ​លើ​ថា​តើ​កិច្ចព្រមព្រៀង​នេះ​អាច​ដំណើរការ​ប្រសើរ​ជាង​មុន​យ៉ាង​ដូចម្តេច‍»៕

XS
SM
MD
LG