អ្នកចរចានៅក្នុងសភាសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ បានឯកភាពគ្នាលើកញ្ចប់ថវិកាចំណាយចំនួន ១ ទ្រីលានដុល្លារអាមេរិក សម្រាប់ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធរហូតដល់ខែកញ្ញា ខាងមុខនេះ។
កិច្ចព្រមព្រៀងកញ្ចប់ថវិកាចំណាយនេះ រួមបញ្ចូលថវិកាលើផ្នែកផ្សេងៗ ដើម្បីជាការទាក់ទាញដល់សមាជិកសភាមកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានព្រឹទ្ធសភា និងរដ្ឋសភាអនុម័ត កិច្ចព្រមព្រៀងនេះនឹងតំណាងឲ្យច្បាប់ដែលធ្វើឡើងដោយគណបក្សទាំងពីរ នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី Donald Trump។
ជំនួយការសមាជិកសភានានា បានបញ្ជាក់ថា ថវិកាចំនួន ១ ពាន់ ៥ រយលានដុល្លារអាមេរិក នឹងត្រូវចំណាយសម្រាប់បញ្ហាសន្តិសុខព្រំដែន ប៉ុន្តែចំនួនថវិកានេះ គឺចង់សំដៅដល់គោលបំណងផ្សេង ក្រៅពីគោលបំណងសាងសង់ជញ្ជាំងព្រំដែន ដែលលោក Trump ចង់សាងសង់នៅតាមបណ្ដោយព្រំដែនជាមួយនឹងប្រទេសម៉ិកស៊ិកនោះ។
ទោះជាយ៉ាងណាក៏ដោយ ក៏លោក Trump ទទួលបានជោគជ័យនៅក្នុងការជំរុញរបស់លោកឲ្យមានការបង្កើនការចំណាយសម្រាប់វិស័យយោធា ដោយនៅក្នុងកញ្ចប់ថវិកានេះ មានបន្ថែមនូវការចំណាយសម្រាប់វិស័យយោធាចំនួន ១៥ ពាន់លានដុល្លារអាមេរិក។
កញ្ចប់ថវិកានេះ ក៏ត្រូវគេរំពឹងថា នឹងមានបន្ថែមថវិកាចំនួន ២ ពាន់លានដុល្លារអាមេរិក សម្រាប់ការចំណាយរបស់វិទ្យាស្ថានសុខាភិបាលជាតិ។
សភាត្រូវតែអនុម័តលើច្បាប់ថវិកានេះ ហើយលោក Trump ចាំបាច់ត្រូវចុះហត្ថលេខាលើច្បាប់នេះ មុនថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីជៀសវាងមិនឲ្យបង្អាក់ដល់ដំណើរការរដ្ឋាភិបាល៕