ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​សហព័ន្ធ​រាំង​ខ្ទប់​បញ្ជា​លោក​ Trump ឱ្យ​កម្រិត​​ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​អាមេរិក


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត Reuters នៅ​សេតវិមាន កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត Reuters នៅ​សេតវិមាន កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ចៅ​ក្រម​សហព័ន្ធ​ស.រ.អា.​ម្នាក់​បាន​ចេញ​បញ្ជាជា​បណ្តោះ​អាសន្នរារាំង​រដ្ឋបាល​ Trump មិន​ឱ្យ​ធ្វើតាម​បទបញ្ញត្តិ​ខាង​អន្តោប្រវេសន៍​ថ្មី​ដែល​អាច​រាំង​ខ្ទប់​សិទ្ធិ​ជ្រក​កោន​សម្រាប់​ពួក​មនុស្ស​ដែល​មិន​បាន​ចូល​ក្នុងស.រ.អា.​តាម​កន្លែង​ចូល​ក្នុង​ប្រទេស​អាមេរិក​ដែល​បាន​ត្រូវ​កំណត់។

ប្រធានាធិបតី Donald Trump បាន​ចេញ​ផ្សាយ​បទបញ្ញត្តិ​នេះ​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃទី៩ ខែ​វិច្ឆិកា​ដោយ​លោក​បាន​និយាយ​ថា​ ជា​ការ​ចាំ​បាច់ត្រូវ​ដោះស្រាយ​ការ​មក​ដល់​នៃ​ពួក​ជន​ចំណាក​ស្រុក​រាប់ពាន់​នាក់​នៅ​ឯ​ព្រំដែន​រវាង​ស.រ.អា. និង​ប្រទេស​ម៉ិកស៊ិក ដែល​លោក​បាន​ថ្លែង​ថា «ហាក់​ដូចជា​គ្មាន​មូលដ្ឋាន​ខាង​ផ្លូវ​ច្បាប់​ដើម្បី​ទទួល​ឱ្យ​ចូល​ក្នុង​ប្រទេស​យើង​ទេ»។

សហភាព​សេរីភាពស៊ីវិល​អាមេរិកាំង​ភាសា​អង់គ្លេស​ហៅ​ថា​ American Civil Liberties Union និង​ក្រុម​ឯ​ទៀតៗ​បាន​ដាក់​បណ្តឹង​មួយ​ហើយ​ស្វះស្វែង​ឱ្យមាន​អធិបញ្ជា​មួយ​ប្រឆាំង​នឹង​បទ​បញ្ញត្តិ​ថ្មី​ទាំង​នេះ​នៅ​ពេល​ដែល​ករណី​នេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ។​

លោក Jon Tigar ចៅក្រម​តំបន់​ស.រ.អា.​បាន​ចេញ​ផ្សាយ​សេចក្តី​សម្រេច​របស់​លោក​កាលពី​យប់​ថ្ងៃចន្ទ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​សភា «បាន​បញ្ជា​ច្បាស់លាស់» តាម​រយៈ​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ និង​ការ​ចូល​សញ្ជាតិ​ហៅ​កាត់​ថា INA ថា​ជន​ទាំងឡាយ​ណា​ដែល​មក​ដល់​ស.រ.អា.​អាច​ដាក់​ពាក្យ​សុំសិទ្ធិ​ជ្រក​កោន​នៅ​កន្លែង​ដែល​ពួក​គេ​បាន​ចូល​ក្នុង​ប្រទេស​អាមេរិក​ ហើយ​ថា​ការ​សម្រេច​របស់​លោក Trump «ជា​ការ​ផ្ទុយ​មិន​អាច​សម្រុះសម្រួល​បាន​ជា​មួយ​ច្បាប់​ INA និង​បំណង​របស់​សភា​ដែល​បាន​ត្រូវ​សម្តែង​ឱ្យ​ដឹង»។

លោក​ចៅ​ក្រម​ Jon Tigar បាន​រារាំង​រដ្ឋាភិបាល​មិន​ឱ្យ​ធ្វើ​តាម​បទបញ្ញត្តិថ្មី​នេះ​ក្នុង​រយៈពេល​មួយ​ខែ ដោយ​លោក​បាន​កំណត់​ការ​ធ្វើ​សវនាការ​លើក​ក្រោយ​អំពី​ករណី​នេះនៅ​ថ្ងៃទី១៩ ខែធ្នូ៕

XS
SM
MD
LG