ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ស.រ.អា.​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្តូរជំហរ​របស់ខ្លួន​ចំពោះ​រដ្ឋាភិបាល​លោក​ហ៊ុន សែន


លោក ​Steve Chabot ​នៃ​គណបក្ស​សាធារណ​រដ្ឋ​មក​ពីរដ្ឋ ​អូហាយូ ​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​អាស៊ី ​និង​បាស៊ីហ្វ៊ិក​។
លោក ​Steve Chabot ​នៃ​គណបក្ស​សាធារណ​រដ្ឋ​មក​ពីរដ្ឋ ​អូហាយូ ​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​អាស៊ី ​និង​បាស៊ីហ្វ៊ិក​។
សមាជិក​សភា​ស.រ.អា.​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស.រ.អា.​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់ខ្លួន​សម្រាប់​រដ្ឋាភិបាលកម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជាង​៣ ទសវត្សរ៍។​ ការ​ទាមទារ​នេះ​គឺធ្វើ​ឡើង​នៅ​ក្នុង​សវនាការ​សួរ​ដេញ​ដោល​មួយ​អំពី​វិបត្តិ​នយោបាយ​និង​វិបត្តិ​សង្គម​ដែល​កំពុង​លេច​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា។​

សមាជិក​សភា​ស.រ.អា.​បានបើក​សវនាការ​សួរដេញ​ដោល​មួយ​និយាយ​អំពី​វិបត្តិ​សង្គម​និង​វិបត្តិ​នយោបាយ​ដែល​កំពុង​លេចឡើង​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​ជំរុញ​ថា​ រដ្ឋាភិបាល​ស.រ.អា.​ត្រូវតែ​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត​ចំពោះ​ប្រទេស​កម្ពុជា​ដែលមាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ដ៏ធ្ងន់ធ្ងរ​ ហើយនឹង​មិនបាន​រៀបចំ​ការ​បោះ
ឆ្នោត​មួយ​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​ត្រឹមត្រូវ។​

សមាជិក​សភា​អាមេរិកាំង​ម្នាក់គឺ​លោក​ Steve Chabot ​នៃ​គណបក្ស​សាធារណ​រដ្ឋ​មក​ពីរដ្ឋ ​អូហាយូ ​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​អាស៊ី ​និង​បាស៊ីហ្វ៊ិក​នៃ​គណៈ​កម្មាធិការ​ការ​បរទេស​បាន​បើក​កិច្ច​ពិភាក្សា​ដោយ​ហៅ​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន​ថា​ ជា​របៀប​ផ្តាច់ការ ​ពុករលួយ​ធ្វើឲ្យ​ប្រជា​ពល​រដ្ឋ​គ្មាន​សេរីភាព​ពេញលេញ។​ ​ លោក​បាន​ប្តេជ្ញា​ថា​ នឹង​ជំរុញដល់​រដ្ឋាភិបាល​ស.រ.អា.​ឲ្យ​ផ្លាស់ប្តូរ​គោល​ជំហរ។​

លោក​និយាយថា៖​ «នយោបាយ​ស.រ.អា.​ចំពោះ​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ។​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ចាំបាច់​ត្រូវចាត់​វិធានការ​ម៉ឺងម៉ាត់​ខ្លាំង​ថែម​ទៀត​ចំពោះ​ជន​ផ្តាច់ការ​ដែលកាន់​អំណាច​វែង​ជាង​គេ​ក្នុង​តំបន់​អាស៊ីនេះ»។​

ក្រុមសាក្សី​មកពី​អង្គការ​សិទ្ធិ​មនុស្ស​យូមែនរ៉ៃវច​ តំណាង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​និង​អង្គការ​ច្បាប់​របស់​ស.រ.អា.​ហៅ​វិទ្យាស្ថាន​ជាតិ​ប្រជាធិតេយ្យ​ NDI ​របស់​ស.រ.អា.​ បាន​រៀបរាប់​អំពី​ស្ថានការណ៍​រំលោភសិទ្ធិ​មនុស្ស​ ដូចជា​ការ​រំលោភ​បំពាន​ដីធ្លី ​អំពើ​ពុក​រលួយ​ បញ្ហា​សម្លាប់​សកម្មជន​ បញ្ហា​ចាប់ខ្លួន​អ្នកតវ៉ា​ដីធ្លី ​និង​អ្នកកាសែត​ដាក់គុក​ រិតត្បិត​សេរីភាព​បញ្ចេញ​មតិ ​គ្មានការ​កែទម្រង់​ការបោះ​ឆ្នោត​តាម​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​គឺលោក​សូរីយ៉ា ស៊ូប៊ែឌី ​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​ជំទាស់​បាន​ចូល​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ ការ​គម្រាម​កំហែង​ផ្នែក​នយោបាយ​លើ​មេដឹកនាំ​គណបក្ស​ជំទាស់​និង​សមាជិក​ហើយ​នឹង​ភាព​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​ និងការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាដើម។​

លោក​ Chabot ​បាន​អះអាង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែលកាន់​អំណាច​៣០ឆ្នាំនេះ​មិនបាន​កែទម្រង់​ប្រទេស​ទៅតាម​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ឆ្នាំ១៩៩១​ ដែល​សហគមន៍​អន្តរជាតិ​ចង់ឃើញ​ការរីក​ចម្រើន​ផ្នែក​ប្រជាធិបតេយ្យ ​ការគោរព​សិទ្ធិ​មនុស្ស​ ការគោរព​ច្បាប់​ និង​ការ​អភិវឌ្ឍន៍។​

លោក​និយាយថា៖ «២០ឆ្នាំ​កន្លងទៅ​ចាប់តាំងពី​កម្ពុជា​បាន​ធ្វើការ​បោះឆ្នោត​លើក​ទី១​មក​ តែជាទស្សនៈ​វិស្ស័យ​សម្រាប់​ពលរដ្ឋ​កម្ពុជា​គឺ​ថា​ អ្វី​ដែល​សហគមន៍​អន្តរជាតិ​បាន​កត់ត្រានោះ​មិនទាន់​ក្លាយ​ជា​ការណ៍​ពិត​ទេ។​ ប្រទេស​កម្ពុជា​នៅតែ​ត្រូវ​បំផ្លាញ​ដោយ​ប្រព័ន្ធ​នយោបាយ​ពុករលួយ​ ហើយ​កំពុង​ក្លាយ​ជា​ការគ្រប់​គ្រង​ផ្តាច់ការ​ខ្លាំង​ឡើងៗ​ជារៀង​រាល់ថ្ងៃ»។​

លោក​បន្ថែម​ថា ​លោក​នឹង​តាក់តែង​សេចក្តី​ព្រាងច្បាប់​ដើម្បី​ដាក់ជូន​ក្រសួង​ការ​បរទេស​ស.រ.អា.​ ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ស.រ.អា. ​ដើម្បី​មិន​ឲ្យ​មាន​ការ​គាំទ្រ​ដល់​ការ​បោះឆ្នោត​ទេ​ ប្រសិន​បើ​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​បញ្ហា​កែ​ទម្រង់ការ​បោះឆ្នោត​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ព្រងើយ​ ហើយ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​សម រង្ស៉ី​មិនត្រូវ​គេ​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង។​

សមាជិក​សភា​ម្នាក់​ទៀត​គឺ​លោក ​Dana Rohrabacher ​ខាង​គណបក្ស​សាធារណរដ្ឋ ​មកពី​រដ្ឋ​កាលីហ្វ័ញ៉ា​បាន​រិះគន់​ការដឹកនាំ​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​រយៈ​ពេល​៣០ឆ្នាំ​មក​នេះ​ ដោយ​ចោទ​ប្រកាន់​ថា​ លោក​ហ៊ុន ​សែន​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ច្រើន​ ហើយ​កាន់​អំណាច​វែង​ជ្រុល​ដែល​ត្រូវ​ប្តូរចេញ។​

លោក​និយាយថា៖ «វាជា​ពេល​វេលា​ដែល​លោក ​ហ៊ុន​ សែន​ត្រូវ​ចុះចេញ​ពីអំណាច​ហើយ។​ លោក​ហ៊ុន សែន​ជាជន​ពុករលួយ​និង​សាហាវ​ឃោរឃៅ​ ដែល​ដឹកនាំ​ប្រទេស​ក្នុង​កណ្តាប់​ដៃគាត់​ជាច្រើន​ទសវត្សរ៍​មក​ហើយ។​ វា​ដល់ពេល​ដែល​លោក​ហ៊ុន សែន​ត្រូវ​ចុះ​ចេញ​ពី​អំណាច​ហើយ»។​

លោក​បាន​បន្ថែមថា៖​ «បើសិនជា​លោក​ហ៊ុន​ សែន​កាន់តែ​ធ្វើការ​កៀប​សង្កត់​ឡើងៗ​ ហើយ​ជា​ការណ៍​ពិត ​គ្មានបំណង​ក្នុងការ​ចាកចេញ​ពីអំណាច​ ​ពេល​នោះ​ខ្ញុំអាច​និយាយ​ថា​ យើង​នឹង​កាត់​បន្ថយ​ថវិកា​របស់​យើង​សម្រាប់​កម្ពុជា​គ្រប់វិស័យ​ទាំងអស់។​ ការ​កាត់ជំនួយ​ដល់​រដ្ឋាភិបាល​មួយ​ដែល​ដឹក​នាំ​ដោយ​លោកហ៊ុន​ សែន​គឺជា​អទិភាព​របស់​យើង។​ ដូច្នេះ​វា​អាច​ជាឱកាស​ខ្ពស់​ណាស់​ចំពោះ​កម្ពុជា​ដែល​បាត់បង់​អ្វីៗ​ទាំងអស់»។​

សមាជិក​សភា​ម្នាក់​ទៀត​គឺ​លោក ​Eni F. H.​ Faleomavaega ​ខាង​គណបក្ស​ប្រជាធិតេយ្យ​មកពីកោះ​ Samoa ​បាន​ជំទាស់​ទៅ​នឹង​ការកាត់​ជំនួយ​ស.រ.អា.​ សម្រាប់​កម្ពុជា។​ លោក​ថ្លែង​ថា​ ប្រទេស​កម្ពុជា​រងទុក្ខ​វេទនា​ដោយសារ​សង្គ្រាម​ ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរក្រហមដែល​មួយ​ផ្នែក​ដោយសារ​នយោបាយ​ស.រ.អា. ដែរ។​ លោក​ថ្លែង​ថា​ ស.រ.អា.​មិនគួររករឿង​កម្ពុជា​និង​កាត់​ជំនួយទេ​ តែត្រូវ​លុប​ចោល​បំណុល​ជាង​៤៧០​លាន​ដែល​កម្ពុជា​ជំពាក់​ស.រ.អា.​កាលពី​ទស​វត្សរ៍​១៩៧០។​

លោក​ជៀម យាប​ សមាជិក​សភា​កម្ពុជា​និងជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជានិយាយថា​ ​សមាជិក​សភា​ស.រ.អា.​មួយ​ចំនួន​មិនយល់​ពី​ស្ថាន​ការណ៍​កម្ពុជា​ច្បាស់ ​ហើយ​ជឿលើ​របាយ​ការណ៍​របស់​គណបក្ស​ជំទាស់។​

លោក​និយាយ​ថា៖ ​«រឿង​គេ​ស្នើសុំ​កាត់​ជំនួយ​ពី​កម្ពុជា​ហ្នឹង​ចាំបាច់​ត្រូវតែ​ថ្លឹង​ថ្លែង​ឲ្យ​ច្បាស់​លាស់​ផងដែរ​ថា ​មូលហេតុ​អីដែល​កាត់​បន្ថយ​ជំនួយ​ដែល​ស.រ.អា.​បាន​រៀបចំ ​ឬក៏​បាន​ផ្តល់ជូន​ដល់​កម្ពុជា​រួចរាល់​អស់​ហើយ។ ​រឿង​នេះ​ក៏ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ថ្នាំង​ថ្នាក់ដែរ ​ពីព្រោះ​ការ​ដែល​ដឹកនាំ​ប្រទេស​ជាតិ​ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​កើតចេញ​ពី​លទ្ធផល​នៃការ​បោះ​ឆ្នោត»។​

លោកបាន​បន្ថែមថា​ លោក​មានការ​សោកស្តាយ​និង​មិន​សប្បាយ​ចិត្ត​ចំពោះ​ភាព​អយុត្តិធម៌​ដែល​ផ្តល់​ជូន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។​ លោក​ថ្លែង​ថា​ការ​រៀប​ចំការ​បោះឆ្នោត​ក្តី​និង​ករណី​លោក​សម រង្ស៉ី​ក្តី​គឺជា​រឿង​ដែល​កម្ពុជា​ធ្វើ​ទៅ​តាម​ច្បាប់​កម្ពុជា។​

លោក ​John Sifton ​នាយក​ផ្នែក​តស៊ូមតិ​នៃ​អង្គការ ​Human​ Rights ​Watch ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែលបាន​ធ្វើសក្ខី​កម្ម​អំពីការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​សភា​ស.រ.អា.​ បានថ្លែង​ប្រាប់​វីអូអេ​ក្រោយ​ពី​បញ្ចប់​សវនាការ​នោះ​ថា ​កម្ពុជា​អាច​ត្រូវ​កាត់​ជំនួយ​ពី​ស.រ.អា.​និង​អន្តរជាតិ​ផ្សេង​ទៀត​ដែល​ទំនង​ជា​សហគមន៍​អឺរ៉ុប​ ប្រទេស​ជប៉ុន​ជាដើម​ ប្រសិន​បើ​ការ​បោះឆ្នោត​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌ ​ហើយ​កម្ពុជា​និង​លោក​ហ៊ុន សែន​មិន​ទទួល​បាន​ភាព​ស្របច្បាប់​តាម​បែប​ប្រជាធិបតេយ្យ​ដោយ​សារ​ការបោះឆ្នោត​នេះ។​

លោក​និយាយថា៖ «ដូច្នេះ ​ដល់​ពេល​ហើយ​ បន្ទាប់ពី​រយៈ​ពេល​២១​ឆ្នាំ​ ឬ​បន្ទាប់​ពី​២៨​ឆ្នាំ​ដែល​កាន់​អំណាច​នោះ​គឺដល់​ពេល​ដែល​ត្រូវ​ផ្លាស់ប្តូរ​ ហើយ​និយាយ​ថា​ យើង​ត្រូវ​ការ​ចាំ​បាច់​ឲ្យ​លោក​ហ៊ុន សែន​យល់​ថា​ ល្គឹកណា​លោក​ហ៊ុន​ សែន​មិនចាប់​ផ្តើម​បង្កើត​បរិយាកាសបញ្ចេញ​មតិ ​សេរី​និង​ប្រជា​ធិបតេយ្យ​ទេ​ វានឹង​ប៉ះពាល់​ ហើយ​ជួបផល​វិបាក​ខ្លាំង​ឡើងៗ ​គឺ​សហគមន៍​អន្តរជាតិ​និង​មិន​បន្ត​ផ្តល់ថវិកា ​ផ្តល់​ជំនួយ ​និង​ផ្តល់​ដល់​លោក​ហ៊ុន​ សែន​នូវ​ថវិកាដោយ​សេរី​ទៀត​ទេ»។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​នៅថ្ងៃ​ទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៣។​ មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក ​សម រង្ស៉ី​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ត្រូវ​ជាប់​ក្តីក្តាំ​តុលាការ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន ​ហើយត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​១១​ឆ្នាំ​កំបាំង​មុខ​នោះ​ ត្រូវ​គេ​ផាត់ចោល ​មិន​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ទេ។​ ទាំង​ស.រ.អា.​និង​សហគមន៍​អន្តរជាតិ​បាន​ធ្វើ​ការ​ព្រមាន​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត ​និង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ក្រោយ​ការ​បោះឆ្នោត។​

ថ្លែងប្រាប់​សវនាការ​សួរ​ដេញ​ដោល​ក្នុង​រដ្ឋ​សភា ​ លោក ​Patrick Merloe ​នាយក​កម្មវិធី​បោះឆ្នោត​នៃ​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​ជាតិ ​NDI​ បានថ្លែង​ពី​ភាព​មិន​ប្រក្រតី​ រឿង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ការ​ចេញ​ប័ណ្ណ​បោះឆ្នោត ​និង​ការ​រំខាន​សកម្មភាព​នយោបាយ​របស់​គណបក្ស​នយោបាយ​ ដោយសារ​អាជ្ញាធរ​និង​បញ្ហា​ផ្សេង​ទៀត​ ដែល​លោក​ Merloe​បញ្ជាក់​ថា ​ជា​ការ​គម្រាម​កំហែង​ដល់​គុណភាព​និង​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត។​
លោក​បាន​ឲ្យ​តម្លៃ​ទៅ​ដល់​សវនាការ​សភា​អាមេរិកាំង​ថា ​ជា​រឿង​សំខាន់។​

លោក​និយាយថា៖​ «សវនាការ​នេះ​នាំមក​នូវការ​យក​ចិត្ត​ទុកដាក់​ មិនគ្រាន់​តែ​សភា​អាមេរិកាំង​និង​មនុស្ស​សំខាន់ៗ​ជុំវិញ​រដ្ឋធានីទេ​ តែ​ដល់​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ ​ក្នុង​ការ​ធ្វើឲ្យ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​ដល់ការ​បោះឆ្នោត​ខាងមុខ​នៅ​កម្ពុជា។​ ខ្ញុំជឿ​ថា​ ការ​ពិភាក្សា​នយោបាយ​និង​បន្ត​ហើយ​ថា​ នឹង​មាន​ផល​ប្រយោជន៍​ចេញ​ពី​ការ​ពិភាក្សានេះ​ចំពោះ​ពលរដ្ឋ​កម្ពុជា»។​

ដោយ​មាន​ការយក​ចិត្ត​ទុកដាក់​និង​តាមដាន​កិច្ចការ​នយោបាយ​ស.រ.អា.​និង​កម្ពុជា ​លោក ​ចាន់លី គុជ​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​រដ្ឋម៉ារីឡែន។​ លោក​បាន​ចូលរួម​សង្កេត​ការណ៍​ក្នុង​សវនាការ​សភា​ស.រ.អា.​ផង​ដែរ។​ លោកបាន​ថ្លែង​ថា​ ពលរដ្ឋខ្មែរ​អាមេរិកាំង​ចង់ឃើញ​សម្ពាធ​ស.រ.អា.​ដ៏ខ្លាំងក្លា​ដើម្បី​ដំណោះ​ស្រាយ​បញ្ហា​ជា​បន្ទាន់​ចំនួន​ពីរ​គឺ​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​និង​កែ​ទម្រង់​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

លោក​និយាយថា៖​ «ហើយ​យើង​សុំ​ឲ្យស.រ.អា.​ធ្វើ​ហើយ ​ដោះស្រាយ​បញ្ហា​នេះ​ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ហ្នឹង​គឺ​ថា​ អស់​ជម្រើស​ក្នុង​ការ​រើបម្រះ​ក្នុងការ​កសាង​អនាគត​ វាសនាប្រទេសជាតិ​របស់ខ្លួន​ដោយ​ខ្លួន​ឯង។​ ហើយ​អាមេរិកាំង​ជា​ប្រទេស​មហា​អំណាច​មួយ​ដែលតែង​សម្តែង​នូវ​ការ​អាណិត​អាសូរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ជារៀង​ដរាប​រួច​មក​ហើយ​ដែរ»។​

ដោយចង់​ឃើញ​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​និង​ចង់​ឃើញការ​បោះឆ្នោត​មួយ​មាន​លក្ខណៈ​សេរី​និង​យុត្តធម៌ ​ត្រឹមត្រូវ​ សមាជិក​ព្រឹទ្ធសភា​ពីររូប​ដ៏​មាន​ឥទ្ធិពល​គឺលោក ​Marco Rubio ​និង​ព្រឹទ្ធិ​សមាជិក​ Lindsey Graham ​នៃ​គណៈ​កម្មាធិការ​ហិរញ្ញវត្ថុ​ បានចេញ​ជា​សេចក្តី​សម្រេច​មួយ​កាលពី​សប្តាហ៍​ថ្មីៗ​ដើម្បី​កាត់​ជំនួយ​៧០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា​ បើ​ការ​បោះឆ្នោត​មិន​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​ត្រឹមត្រូវ។ ​សេចក្តី​សម្រេច​នោះ​ត្រូវ​គាំទ្រ​ដោយ​សមាជិក​សភា​មាន​ឥទ្ធិពល​ភាគ​ច្រើន។​

លោក ​ Sean J. McIntosh​ អ្នក​នាំពាក្យ​ស្ថានទូត​ស.រ.អា.​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ រដ្ឋា​ភិបាល​ស.រ.អា.​បាន​ដឹង​ពីសេចក្តី​សម្រេច​របស់​សមាជិក​ព្រឹទ្ធ​សភា​ទាក់ទង​នឹងការ​ទទូចឲ្យ​មាន​ការ​ត្រួតពិនិត្យ​ពី​តម្លាភាព​ជាង​មុន​ចំពោះ​ជំនួយ​ដល់​កម្ពុជា ​តែលោក​មិនផ្តល់​អត្ថាធិប្បាយ​ទាក់ទង​នឹង​សេចក្តី​សម្រេច​ដែល​មិន​ទាន់​សម្រេច​នោះទេ។​ តែលោក​ថា ​ស្ថាន​ទទូត​ស.រ.អា.​ចូល​រួម​ក្តី​បារម្ភ​ដូចគ្នា​នឹង​សមាជិក​សភា​ដែរ។​

លោកបាន​បន្ថែម​ថា៖​ «ការ​បោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​នៅពេល​ខាង​មុខ ​ជា​ការ​សាកល្បង​ដ៏​សំខាន់​សម្រាប់​ការ​ប្តេជ្ញា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ប្រទេស​កម្ពុជា។ ​យើង​នឹង​ឃ្លាំមើល​ដំណើរ​ការ​ទៅមុខ​នៃ​ការ​បោះឆ្នោត​ឲ្យបាន​ដិតដល់»។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក ​ទេព នីថា ​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ប៉ុនប៉ង​កាត់​ជំនួយ​សម្រាប់​កម្ពុជា ​ដោយសារ​ការ​បោះឆ្នោត។​ លោក​ថ្លែង​ថា ​វាជា​រឿង​មិន​សមរម្យ​ទេ​ ក្នុងការ​វាយ​តម្លៃ​អំពីភាព​សេរី​ និង​យុត្តិធម៌​តាម​ការ​បោះឆ្នោត​និង​ច្បាប់​នៅ​ប្រទេស​ផ្សេង។​

លោក​និយាយថា៖ ​«តាមពិត​ទៅ​ ខ្ញុំ​មិន​ថា​ ម៉េចដែរ​ តែ​ប្រហែល​ជា​ទម្លាប់​អាមេរិកាំង​ហើយ​ដែល​តែង​ដាក់​សម្ពាធ​លើ​ប្រទេស​ទន់ខ្សោយ។​ ហើយការ​យល់​ឃើញ​អំពី​ប្រទេស​នីមួយៗ​ វាយ​តម្លៃ​តែ​ខ្លួន​ឯង​ ហើយ​ពុំបាន​យក​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​ពី​បញ្ហា​នេះ​ទេ។​ នេះ​ខ្ញុំ​និយាយ​ដោយត្រង់។​ ក្នុង​នាម​ខ្ញុំ​ជាអ្នក​រៀបចំ​ការបោះ​ឆ្នោត ​យើង​អនុវត្ត​ច្បាប់​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា។​ ហើយ​ចង់ដឹង​ថា​ ការ​បោះឆ្នោត​នៅកម្ពុជា​ហ្នឹង​ត្រឹមត្រូវ​ យុត្តិធម៌​ប៉ុណ្ណា​ សូម​ប្រៀប​ធៀប​ច្បាប់​បោះឆ្នោត​នៅ​កម្ពុជា។​ សូមកុំ​យក​ច្បាប់​បោះឆ្នោត​នៅ​ប្រទេស​ផ្សេងៗ​ ទម្លាប់​នៅ​ប្រទេស​ផ្សេងៗ​មក​វាយ​តម្លៃ​នៅ​ប្រទេស​កម្ពុជា»។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយរូប​បាន​អះអាង​ថា​ អ្វី​ដែល​លោក​មើលឃើញ​គឺការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពីអ្នក​នយោ​បាយ​ស.រ.អា.​មួយចំនួន​ ក្នុងពេល​ដែល​រដ្ឋាភិបាល​ស.រ.អា.​និង​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយគ្នា​លើ​វិស័យ​ជាច្រើន។ លោក​ថ្លែងថា ​ការ​បោះឆ្នោត​នៅ​កម្ពុជា​គឺជាការ​បោះឆ្នោត​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ​កម្ពុជា​ មិន​ទាក់ទង​នឹង​ឥទ្ធិពល​បរទេស​ណាមួយ​ទេ។​

លោក​និយាយថា៖ ​«យើង​ជឿជាក់​ថា ​ការ​បោះឆ្នោត​នេះ​គឺ​ជា​ការ​បោះឆ្នោត​ចេញ​ពី​ឆន្ទៈ​មហាជន​ខ្មែរ។​ ទោះបី​ជា​បរទេស​ណា​ដែលចង់​ដាក់​សម្ពាធ​មក​លើ​ការ​បោះឆ្នោត​នេះ ​វាគ្មាន​ប្រយោជន៍​ទេ។​ តែ​ស.រ.អា.​ត្រូវតែ​យល់​អំពី​កាតព្វ​កិច្ច​របស់​ខ្លួន​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ ទំនាក់​ទំនងល្អ​ក្នុង​ភាព​ជាដៃ​គូ។​ ហើយ​យើង​ជឿ​ហើយ​ថា​ ភាព​ជាដៃគូ​នេះ​បាន​ចាប់ផ្តើម​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​បំភ្លេច​ចោល​នូវអ្វីៗ​ដែលជា​ប្រវត្តិ​សាស្ត្រ​អាក្រក់ ​និង​ការ​ពិសោធន៍​អាក្រក់​ជាមួយ​នឹង​ស.រ.អា.»។​

ស.រ.អា.​បាន​កាត់ជំនួយ​ផ្ទាល់​និង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា ​ក្រោយពី​មាន​រដ្ឋប្រហារ​កាលពី​ឆ្នាំ​១៩៩៧​ ដែល​ព្រះអង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ត្រូវ​បណ្តេញ​ចេញ​ពីមុខ​តំណែង​ជានាយក​រដ្ឋមន្ត្រី​ទី១។​ តែ​ស.រ.អា.​លុបចោល​ទណ្ឌ​កម្ម​នៅឆ្នាំ​២០០៧ ​ហើយ​ក្រោយ​មក​បានផ្តល់​ជំនួយ​ឡើងវិញ។ ​ ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹងថា ​ជាប្រទេស​ក្រីក្ររ​មួយ​ក្នុង​ពិភព​លោក​និង​ពឹង​ផ្នែក​ជំនួយ​បរទេស​១ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។​ ប្រទេស​ចិន​ក្លាយ​ជា​ប្រទេស​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ដ៏សំខាន់​បំផុត​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​គេ​គិត​ថា ​លែង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ខ្លាច​រអា​នឹង​ទណ្ឌកម្ម​អន្តរ​ជាតិ​ ឬ​ទណ្ឌកម្ម​ប្រទេស​លោក​ខាងលិច៕​
XS
SM
MD
LG