ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​សវនការ​សភា​ស.រ.អា.


លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ណាំហុង និង​ជា​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា។
លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ណាំហុង និង​ជា​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា។
មន្ត្រី​ជាន់​ខ្ពស់រដ្ឋា​ភិបាល​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​ការ​ព្រមាន​កាត់​ជំនួយ​ពី​សហ​រដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា​ថា ​កម្ពុជា​មិន​ខ្វល់​នឹង​ការ​កាត់​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ទេ ​ដោយ​សារ​តែ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ។​

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​ក្រសួង​ការ​បរទេស​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ បាន​និយាយ​នៅថ្ងៃ​អង្គារ​នេះ​ថា​ អាមេរិកាំង​ជួយ​ឬមិន​ជួយ​អាស្រ័យ​ទៅ​លើ​សហ​រដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។​

លោក​និយាយថា៖​«អាមេរិកាំង​ជួយ​ឬមិន​ជួយ​ជា​សិទ្ធិ​របស់​អាមេរិក។​ ប៉ុន្តែ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ អធិបតេយ្យ​ចង់​អ្នក​ណា​ថា​អ្វី ថាចុះ។ ​ប៉ុន្តែ​សិទ្ធិ​សម្រេចអនាគត​របស់​កម្ពុជា ​វាស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ប្រជាជន​កម្ពុជា។ ​នេះ​ជា​សិទ្ធិ​អធិបតេយ្យ។​
អធិបតេយ្យ​មាន​ន័យ​ថា​សិទ្ធិ​សម្រេចជោគ​វាសនា​ជាតិ​និមួយៗ​គឺ​អាស្រ័យ​ទៅ​លើ​ប្រជាជន​ជាតិ​នោះ។​ ចង់​អ្នកណា​និយាយ ​អ្នក​ណា​ថាអ្វី​ថា​ ទៅ»។

សមាជិក​សភា​របស់​សហ​រដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ដេញ​ដោល​វិបត្តិ​នយោបាយ​និង​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បាន​ទាម​ទារ​ឲ្យសហ​រដ្ឋ​អាមេរិក​ផ្លាស់​ប្តូរ​គោល​នយោ​បាយ​របស់​ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

សមាជិក​សភា​ភាគ​ច្រើន​ ដែល​បាន​ចូល​រួម​ក្នុង​សវនាការ​នោះ​ បាន​ទាមទារ​ឲ្យរដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​កាត់​ផ្តាច់​ជំនួយ​មក​កាន់​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ខក​ខាន​និង​មិន​បាន​គោរព​សិទ្ធិ​មនុស្ស​ និង​មិន​អនុញ្ញាត​ឲ្យលោក​សម រង្ស៊ី​ មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​បោះ​ឆ្នោត។​

សមាជិក​សភា​ភាគ​ច្រើន​របស់​សហ​រដ្ឋ​អាមេរិក​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការបោះ​ឆ្នោត​នៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខនេះ​ថា​ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​ ស្នើភាព​គ្នា​បាន​ទេ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​កាន់​កាប់​អំណាច​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ពេល​ដែលវីអូអេ​ព្យាយាម​សាក​សួរ​លោក​នៅ​ឯ​ក្រសួង​ការ​បរទេស។​

លោក​និយាយ​ថា៖«​ប្រាប់ថា អត់​និយាយ​មុន​បោះ​ឆ្នោត ​ឯង​មក​សួរ​ធ្វើ​អ្វី»។​

សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​៧០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។​ ជំនួយ​ទាំង​នោះ​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​ សុខុមាល​ភាព​សង្គម ​និង​វិស័យអប់រំ។​

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​រិះគន់​មន្ត្រី​រដ្ឋាភិបាល​ថា​ ​បើ​រដ្ឋាភិបាល​មិន​ខ្វល់​ពី​ការ​កាត់​ផ្តាច់​ជំនួយ​របស់​អាមេរិក​គឺ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ខ្វល់។​

លោក​បញ្ជាក់​ថា ​អ្នក​ដឹកនាំ​ និង​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​លុយ​ពី​រាប់​រយ​លាន​ដុល្លារ​ទៅ​រាប់​ពាន់លាន​ដុល្លារ​ និង​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ក្នុង​ម្នាក់ៗ។​ គេមិន​ដែល​ខ្វល់​នឹង​ជំនួយ​ទេ ​តែប្រជាពលរដ្ឋ​ក្រី​ក្រ​ទេ​ដែល​ជាអ្នក​ខ្វល់។​

លោក​និយាយថា៖​ «​សំខាន់​មេដឹកនាំ​ត្រូវ​តែ​គិត​ពី​ផល​ប្រយោជន៍​ខ្លួន​ឯង។​តើយើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ​ដើម្បីទទួល​បាន​ជំនួយ? ​ ​ពីមុន​គេ​តែ​ចោទ​គណ​បក្ស​ជំទាស់​ពី​រឿង​កាត់​ជំនួយ ​ប៉ុន្តែ​មិន​មែន​មក​ពីគណបក្ស​ជំទាស់។ ​ឥឡូវ​មកពី​ទង្វើ​របស់​គណបក្ស​កាន់​អំណាច»។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​ បាន​និយាយ​ថា​ កម្ពុជា​មិន​ត្រូវ​មាន​ជំហរ​បែប​នេះ​ទេ។ ​ដ៏រាបណា​យើង​មិន​ទាន់​ហ៊ាន​បដិសេធ​ចោល​នូវ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ទេ​នោះ ​កម្ពុជា​នឹង​ជំពាក់​ជាមួយ​នឹង​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ។
លោក​បាន​បញ្ជាក់​ថា ​បើសិន​ជា​សហ​រដ្ឋ​អាមេរិក​កាត់​ជំនួយ​ នោះ​កម្ពុជា​នឹង​ទទួល​រង​នូវ​ផលប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ។​

លោក​និយាយ​ថា៖​ «ប៉ះពាល់​ដល់​ទីមួយ​គឺ​កិត្តិយស​នៅ​ក្នុង​ពិភព​លោក។​ទីពីរ​គឺ​ហៅ​ថា​ និត្យានុគោល​ភាព​របស់​របប​ហ្នឹង​តែម្តង ​ហើយ​ក៏នេះ​ឆ្លុះ​បញ្ចាំង​នៃ​ការ​ដើរ​ថយក្រោយ​នៃ​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ការទៅ​រក​ការ​កសាង​លិទ្ធិ​ប្រជាធិបតេយ្យ»។​

ការ​ដាក់​សម្ពាធ​របស់​សហ​រដ្ឋ​អាមេរិក​មក​លើ​ប្រទេស​កម្ពុជា​ផ្ទួនៗ​នេះ​បាន​ធ្វើ​ឡើង​ចំពេល​ដែល​ប្រទេស​នេះ​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​ដែលមាន​គណបក្ស​ចំនួន​៨​បាន​ចូល​រួម ​ក្នុង​នោះ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​រួម​សកម្មភាពឃោសនា​រក​សំឡេង​បោះ​ឆ្នោត​ទេ។​

មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​ព្រមាន​ជាមុន​ថា​ នឹង​អនុវត្ត​ដិការ​របស់​តុលាការ​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ ​នៅពេល​ដែល​មាន​វត្តមាន​លោក​សម រង្ស៊ី​នៅ​ក្នុង​ប្រទេស។​

តែទោះជាយ៉ាង​ណា​ក៏ដោយ​ក៏​ លោក​សម រង្ស៊ី​បាន​ប្រកាស​ថា​ ជំហរ​របស់លោក​នឹង​មិនផ្លាស់​ប្តូរទេ ​ហើយ​លោក​នឹង​វិល​មក​កម្ពុជា​នៅ​មុន​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុន​នេះ។​
លោក​បាន​និយាយ​ថា​ លោក​បាន​ត្រៀម​ខ្លួន​បូជា​ជីវិត​រួច​ហើយ​ដើម្បី​សង្គ្រោះ​ប្រជាជន​និងប្រទេស​ជាតិ។​

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ទាមទារ​ឲ្យលោក​សម រង្ស៊ី​ធ្វើ​លិខិត​មួយ​ជូន​រដ្ឋាភិបាល​ដើម្បី​ស្វះស្វែង​រក​ដំណោះ​ស្រាយ​មុន​លោក​សម្រេចវិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ។​

លោក​យឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ ​និយាយ​ថា ​គណ​សង្គ្រោះ​ជាតិ​មិនទាន់​ធ្វើ​ការ​សម្រេចអ្វីទេ ​ក្រៅ​ពី​ការ​សម្រេចវិល​មក​វិញ​របស់​លោក​សម រង្ស៊ី៕
XS
SM
MD
LG