ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​ប្តេជ្ញា​ចូល​ប្រទេស​កម្ពុជា​មុន​ថ្ងៃ​បោះឆ្នោត​ ហើយ​ប៉ូលិស​​ត្រៀម​ចាប់​ខ្លួន​លោក


លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​
លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​
ភ្នំពេញ៖ អវត្តមាន​របស់​លោក​សម រង្ស៊ី​ មេដឹក​នាំគណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ចូល​រួម​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ​គឺ​ជា​ប្រធាន​បទ​យ៉ាង​សំខាន់​ក្នុង​ការ​វាស់​ស្ទង់​ដល់​ការ​បោះ​ឆ្នោត​ថា​ នឹង​អាច​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​ឬ​យ៉ាង​ណា?​ស្របពេល​ជាមួយ​គ្នានេះ​ដែរ​ មន្ត្រីជាន់​ខ្ពស់​នៃ​ស្នង​ការ​ប៉ូលិស​ជាតិ​បាន​ព្រមាន​ថា ​នឹង​អនុវត្ត​ដិកា​ចាប់​ខ្លួន​ បើ​លោក​សម រង្ស៊ី​វិល​ចូល​កាន់​មាតុ​ប្រទេស​វិញ។​

កាល​ពី​សប្តាហ៍​មុន​ លោក​សម រង្ស៊ី​បាន​ប្រកាស​តាមរយៈ​បណ្តាញ​សង្គម​Facebook ​របស់​លោក​ថា ​លោក​នឹង​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត ​ក៏ប៉ុន្តែ​ពេល​វេលា​ពិត​ប្រាកដ​មិន​ទាន់​ត្រូវ​បាន​កំណត់​ឲ្យបាន​ជាក់​លាក់​ទេ។​

លោក​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​ សម រង្ស៊ី​ ជាតំណាង​រាស្ត្រ​ជាប់​ឆ្នោត​និង​ជាប្រធាន​គណបក្ស​សង្គ្រោះជាតិ។ ​ខ្ញុំមាន​កិត្តិយស​ និង​សោមនស្ស​ជម្រាបជូន​បងប្អូន​ជន​រួមជាតិ​ជាទី​គោរព​និង​ជាទី​នឹក​រឭកថា ​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​និង​មក​ដល់​ទឹកដី​មាតុភូមិ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​គឺ​ថ្ងៃ​អាទិត្យ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ»។​

លោក​សម រង្ស៊ី​បាននិយាយ​ថា ​អ្វីៗដែល​លោក​បាន​ធ្វើ​ទាំង​អស់​មកទល់​ពេល​នេះ​គឺ​ដើម្បី​ការពារ​ទឹកដី​និង​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ព្រម​ទាំង​បម្រើ​ប្រជារាស្ត្រ​ខ្មែរ​ ហើយ​លោក​សុខចិត្ត​បូជា​ជីវិត​របស់​លោក​ដើម្បី​ជាតិ​មាតុភូមិ។​

លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​និរទេស​ដោយ​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​កាលពី​អំឡុងឆ្នាំ​២០០៩ មុនពេលតុលាការ​ខ្មែរ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១០​ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​ នៅ​ស្រុក​ចន្ទ្រាខេត្ត​ស្វាយរៀង ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ ក្លែង​ឯក​សារសារធារណៈ។​

ក្រុម​អ្នក​តាម​ដាន​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​មើល​ឃើញ​ថា​ វត្តមាន​របស់​លោក​សម រង្ស៊ី​ក្នុងការ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អាណត្តិទី​៥​នេះ​ជាម៉ែត្រ​វាស់​យ៉ាង​សំខាន់​ដល់​លទ្ធផល​បោះឆ្នោត​ថា​ តើ​បាន​ប្រព្រឹត្ត​ទៅ​ដោយសេរី​ ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។

លោក​យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​ បាន​និយាយ​ថា ​ការ​បោះឆ្នោត​មួយ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តធម៌​បាន​ត្រូវ​តែ​មាន​វត្តមាន​របស់​លោក​សម រង្ស៊ី។

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​អត់មាន​មេដឹកនាំ​មានន័យ​ថា​ អ្នក​ឈ្នះនិង​អ្នក​ចាញ់​គ្មាន​ន័យ​អ្វីទាំង​អស់​ ទាល់​មាន​ការ​ប្រកួត​គ្នា​ដោយ​សេរី​ ដោយ​គ្មាន​ការភ័យ​ខ្លាច​ ដោយ​ស្មើភាព​ ដោយ​មាន​អាជ្ញា​កណ្តាល ​ជាអាជ្ញាកណ្តាល​ពិត​ប្រាកដ​ដែល​រក្សា​អព្យាក្រិត្យ​ភាព​ក្នុង​ការ​ធ្វើ​ជាតួនាទី​អាជ្ញា​កណ្តាល​សម្រាប់​ការបោះ​ឆ្នោត»។

ចម្ងល់​ត្រូវ​បាន​លើក​ឡើង​ ថា​តើនៅពេល​ដែល​លោក​សម រង្ស៊ី​បាន​ជាន់​ជើង​ក្នុង​ទឹកដី​កម្ពុជា ​រដ្ឋាភិបាល​អាច​នឹង​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​ដែរ​ឬក៏​យ៉ាង​ណា?​

លោក​ឧត្តម​សេនីយ៍​ឯក​ កៀត ច័ន្ទថារិទ្ឋ​ អ្នកនាំពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​ ត្រូវ​បាន​គេហទំព័រ​របស់​ប៉ូលិស​និយាយ​ថា​ លោក​នឹង​អនុវត្តន៍​ដិកា​ចាប់​ខ្លួន ​នៅ​ពេល​ដែល​លោក​សម រង្ស៊ី​វិល​មកកាន់​មាតុប្រទេស។

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​ អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​ បាន​និយាយ​ថា ​រដ្ឋាភិបាល​ត្រូវ​ប្រឈម​មុខនឹង​បញ្ហាធំៗ​ពីរ​ នៅ​ពេល​ដែល​លោកសម រង្ស៊ី​បាន​បោះបាល់​ឲ្យ​រដ្ឋាភិបាល​លេង។

លោក​បាន​និយាយ​ថា​ បើមិន​ចាប់​ខ្លួន​ទេ​ អានុភាព​របស់​រដ្ឋាភិបាល​គឺ​ទន់​ខ្សោយតែ​បើមាន​ការ​ចាប់​ខ្លួនលោក​សម រង្ស៊ី​វិញ​ រដ្ឋាភិបាលអាច​នឹង​ទទួល​រង​នូវ​គំនាប​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

លោក​និយាយថា៖ «បើមាន​ការ​ចាត់​ការ​មិន​ស្រួល​ទេ​អាច​មាន​ការ​វឹកវរ​នៅ​ក្នុង​ប្រទេស។​ ទី​មួយ​ធ្វើ​ការ​អាក់​ខាន​រអាក់​រអួល​ដល់​ដំណើរ​ការ​បោះឆ្នោត​ឬក៏ការ​បោះឆ្នោត​ទាំង​មូល​តែម្តង​ត្រូវ​លើក​ទៅ​វិញ។​ នេះជាការ​មិន​ល្អ​សម្រាប់​រដ្ឋាភិបាល​គឺគ្រប់គ្រង​ប្រទេស​អត់បាន»។​

លោក​សន​ ម៉ាកឃីនថត​ អ្នកនាំពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ប្រាប់​តាម​រយៈ​សារ​អេឡិច​ត្រូនិច​នៅ​ថ្ងៃ​ច័ន្ទ​នេះថា៖«​យើង​ជឿជាក់​ថា ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​តម្រូវ​ឲ្យ​មាន​ទីលាន​ប្រកួត​ប្រជែង​មួយ​និង​ការ​ចូល​រួម​ដោយ​មិន​អាច​ខ្វះ​បាន​មកពី​គណបក្ស​ប្រឆាំង​នានា​រួម​ទាំង​មេដឹក​នាំ​មេ​ដឹកនាំ​ម្នាក់​ដ៏លេច​ធ្លោ​ក្នុង​គណបក្ស​ជំទាស់»។​

លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​និយាយ​ថា ​រដ្ឋាភិបាល​គ្មាន​វិធាន​ការ​ណា​មួយ​ប្រឆាំង​នឹង​លោក​សម រង្ស៊ីទេ​ តែ​ករណី​នេះ​ជារឿង​របស់​តុលាការ។​
លោក​និយាយ​ថា ​មកដល់​ពេល​នេះ​ ក៏​គ្មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ចំពោះ​ករណី​លោក​សម រង្ស៊ីដែរ។​

លោក​គល់ បញ្ញា​ នាយក​ប្រត្តិបត្តិ​អង្គការ​ឃ្លាំមើល​ដំណើរ​ការបោះ​ឆ្នោត​មួយ​ដែល​មាន​ឈ្មោះ​ថា​ Comfrel ​បាន​បញ្ជាក់​ថា​ ស្ថានភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បញ្ហា​ច្បាប់​ និង​បញ្ហា​នយោ​បាយ​ត្រូវ​តែ​ចាំបាច់​ឲ្យ​មាន​តុល្យភាព​គ្នា​ ពីព្រោះ​ករណី​លោក​សម រង្ស៊ី​ពាក់ព័ន្ធ​នឹង​ករណី​នយោបាយ។​

លោក​និយាយថា៖ ​«អញ្ចឹង​គេត្រូវ​ថ្លឹង​ថ្លែង​គ្នា​ ព្រោះ​ថា​ គេមិន​អាច​មើល​តែច្បាប់​ម៉្យាង​ទេ ​ពីព្រោះ​ករណី​លោក​សម​ រង្ស៊ី​ គាត់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ បញ្ហា​ដែល​កើត​ឡើង​ចំពោះ​គាត់​ភាគ​ច្រើន​គេមើល​ទៅ​ទាក់​ទិន​នឹង​បញ្ហា​នយោបាយ។​អញ្ចឹង​នៅ​ស្រុក​គេ​មួយ​ចំនួន​ ក៏គេ​គិត​អំពី​តុល្យភាព​រវាង​ផល​ប្រយោជន៍​នយោបាយ​ ហើយ​និង​ផល​ប្រយោជន៍​ការ​អនុវត្ត​ច្បាប់​ ពីព្រោះ​ថា ​ការ​អនុវត្ត​ច្បាប់​នៅ​ស្រុក​យើង​វា​មាន​បញ្ហា​ មិន​ទាន់​មាន​ភាព​រឹង​មាំ»។​

លោក​សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​សរសេរ​លិខិត​មួយ​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​ស្នើ​សុំ​ព្រះ​រាជ​អន្តរាគមន៍​លើក​លែង​ទោស​ មុន​ពេល​ដែល​លោក​សម្រេចចិត្ត​វិល​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​បោះ​ឆ្នោត។​

លោក​សម ប្រជាមានិត​ នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​និយាយ​ថា​ ក្រសួង​មិនទាន់​បាន​ទទួល​លិខិត​លើក​លែង​ទោស​ណា​មួយ​នៅ​ឡើយ​ទេ​ពាក់​ព័ន្ធ​នឹង​ករណី​លោក​សម រង្ស៊ី​នេះ។​

​លោក​បាន​បញ្ជាក់​ថា ​ប្រសិន​ណាបើ​លោក​សម រង្ស៊ី​វិល​មកកាន់​មាតុប្រទេស​ លោក​ប្រឈម​មុខ​ទទួល​ទោស​ដូច​ទណ្ឌិត​ដទៃ​ទៀត​ដែរ៕​
XS
SM
MD
LG