ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាងរាស្រ្ត​ស.រ.អា​បើក​ផ្លូវ​ដល់​វិធានការ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ


លោក Steny Hoyer ជំនួយ​ការ​ក្រុម​សម្លេង​ភាគតិច​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​ទទួល​បរាជ័យ​មួយ​នៅ​អគារ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។

សភា​តំណាងរាស្ត្រ​អាមេរិកាំង​បាន​បើក​ផ្លូវ​ឱ្យ​មាន​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ផ្តល់​ប្រាក់​ក្នុង​រយៈពេល​ខ្លី​សម្រាប់​ឱ្យ​ក្រសួង​សនិ្តសុខ​មាតុភូមិមាន​ដំណើរការ។

កាលពី​ថ្ងៃ​សុក្រ​ ក្រុម​សមាជិក​សភា​បាន​បោះឆ្នោត​២៤០​សំទ្បេង​គាំទ្រ​និង១៨៣​សំទ្បេងជំទាស់​ដើម្បី​ជម្រុញ​សេចក្តី​ព្រាង​ច្បាប់​នេះ​តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​ប្រាក់​សម្រាប់​ភ្នាក់ងារ​មួយ​នេះ​ត្រូវ​អស់​នៅ​ម៉ោង​១២យប់។

សេចក្តី​ព្រាង​ច្បាប់​នេះ​ផ្តល់​ប្រាក់​សម្រាប់​រយៈពេល​បី​សប្តាហ៍​នៅ​ពេល​ដែល​ក្រុម​សាធារណរដ្ឋ​ខិតខំ​កែប្រែ​សកម្មភាព​ខាង​នីតិប្រតិបត្តិ​របស់​លោកប្រធានាធិបតី​ Barack Obama ដែល​កម្រិត​ការ​បញ្ជូន​ក្រុម​មនុស្ស​រស់​នៅ​ខុស​ច្បាប់​ក្នុង​ស.រ.អា.​ឱ្យ​វិល​ត្រទ្បប់​ទៅ​ប្រទេស​ពួក​គេ​វិញ។

នៅ​មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ​ចូល​ជា​ធរមានសភា​តំណាងរាស្ត្រ​អាមេរិកាំង​និង​ព្រឹទ្ធសភា​ស.រ.អា.​ត្រូវ​បោះឆ្នោត​មួយ​លើក​ទៀត​ដើម្បី​ធ្វើ​ការ​អនុម័តជា​ទី​បញ្ចប់។​

ប្រសិនបើ​សភា​ស.រ.អា.​មិន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​មុន​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​សុក្រ​ទេ បុគ្គលិក​ក្រសួង​សនិ្តសុខ​មាតុភូមិប្រមាណ​បីម៉ឺន​នាក់​អាច​ត្រូវ​បញ្ឈប់​លែង​ឱ្យ​ធ្វើការ​ជា​បណ្តោះអាសន្ន​ នៅ​ពេល​ដែល​បុគ្គលិក​២សែន​៤​ម៉ឺន​នាក់​ទៀត​អាច​ធ្វើការ​ដោយ​គ្មាន​ប្រាក់​បៀវត្សរ៍។​

ក្រសួង​សនិ្តសុខ​មាតុភូមិជាទី​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ដែល​យាម​ល្បាត​ព្រំដែន​របស់​ប្រទេស​និង​ត្រួតពិនិត្យ​ពួក​អ្នកដំណើរ​នៅ​ក្នុង​អាកាសយានដ្ឋាន៕

XS
SM
MD
LG