ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​អាមេរិក​ស្នើឱ្យ​ត្រួត​ពិនិត្យ​ app «NewsBreak» ក្រោយ​មាន​ដំណឹង​ថា​មាន​ប្រភព​ពី​ចិន


រូបឯកសារ៖ ស្លាកយីហោ​សម្គាល់​ក្រុមហ៊ុន Newsbreak ត្រូវបាន​ឃើញ​នៅ​អគារ​ការិយាល័យ​ក្រុមហ៊ុន​ឯកជន​ នៅទីក្រុង Mountain View រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ ស្លាកយីហោ​សម្គាល់​ក្រុមហ៊ុន Newsbreak ត្រូវបាន​ឃើញ​នៅ​អគារ​ការិយាល័យ​ក្រុមហ៊ុន​ឯកជន​ នៅទីក្រុង Mountain View រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

តំណាងរាស្ត្រ​អាមេរិក ៣ រូប​បាន​ស្នើ​ឱ្យ​មាន​ការ​ពិនិត្យពិច័យ​បន្ថែម​ទៀត​លើ​កម្មវិធី NewsBreak ដែល​ជា app ប្រមូលផ្ដុំ​ព័ត៌មាន​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ៥ ខែ​មិថុនា​ថា app នេះ​មាន​ប្រភព​មកពី​ចិន​និង​បាន​ប្រើ​បច្ចេកវិទ្យា AI ដើម្បី​ផលិត​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន។

សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នេះ​ផ្អែកលើ​ឯកសារ​តុលាការ​ដែល​មិន​ត្រូវ​បាន​គេ​រាយការណ៍​កាលពី​មុន​ទាក់ទិន​នឹង​ការ​រំលោភ​សិទ្ធិ​ម្ចាស់​កម្មសិទ្ធិ​បញ្ញា សារ​អ៊ីមែល​ព្រមាន​អំពី​កម្មសិទ្ធិបញ្ញា និង​លិខិត​មួយ​ច្បាប់​របស់​ក្រុមហ៊ុន​មួយ​កាលពី​ឆ្នាំ ២០២២ ដែល​បញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​អំពី «ព័ត៌មាន​ដែល​បង្កើត​ដោយ​បច្ចេកវិទ្យា AI‍» ដើម្បី​កំណត់​ករណី​យ៉ាងតិច​ចំនួន ៤០ ដែល​ការ​ប្រើប្រាស់​របស់​កម្មវិធី NewsBreak នូវ​បច្ចេកវិទ្យា AI ប៉ះពាល់​ដល់​សហគមន៍​ដែល​ខ្លួន​ខិតខំ​បម្រើ។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Mark Warner ដែល​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា បាន​និយាយ​ថា៖ «រឿង​តែ​មួយ​គត់​ដែល​គួរ​ឱ្យ​ភ័យខ្លាច​ជាង​ក្រុមហ៊ុន​មួយ​ដែល​ធ្វើការ​ទាក់ទិន​នឹង​ព័ត៌មាន​ដែល​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា AI ដែល​គ្មាន​ការ​ត្រួតពិនិត្យ​នោះ គឺ​ក្រុមហ៊ុន​មួយ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​រដ្ឋាភិបាល​បរទេស​ដែល​ជា​គូប្រជែង‍ [របស់​សហរដ្ឋ​អាមេរិក]»។

លោក​បាន​បន្ថែម​ថា៖ «នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​បច្ចេកវិទ្យា​ពី​ប្រទេស​ដែល​អាច​បង្ក​ការ​គំរាមកំហែង​ចំពោះ​សហរដ្ឋ​អាមេរិក។ វា​ក៏​ជា​ការ​រំឭក​ផងដែរ​ថា​យើង​ត្រូវការ​វិធីសាស្រ្ត​រួម​មួយ​ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​នេះ។ យើង​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ក្រុមហ៊ុន​ម្ដង​មួយៗ​បាន​ទេ‍»។

តំណាងរាស្ត្រ​ទាំង​នោះ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ទំនាក់ទំនង​បច្ចុប្បន្ន​និង​កាលពី​មុន​របស់ NewsBreak ជាមួយ​នឹង​វិនិយោគិន​ចិន និង​អំពី​វត្តមាន​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ដែលវិស្វករ​ជាច្រើន​របស់​ក្រុមហ៊ុន​នេះ​ស្ថិត​នៅ​ទីនោះ។

នៅក្នុង​ការ​ឆ្លើយតប​ទៅនឹង​សំណើ​សុំ​អត្ថាធិប្បាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters អំពី​ការ​លើកឡើង​របស់​ក្រុម​តំណាងរាស្ត្រ​ទាំង​នោះ NewsBreak ថា ខ្លួន​គឺជា​ក្រុមហ៊ុន​អាមេរិក។ អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​នេះ​បាន​និយាយ​ដូច្នេះ​ថា៖ «NewsBreak គឺ​ជា​ក្រុមហ៊ុន​អាមេរិក​និង​នៅតែ​ជា​ក្រុមហ៊ុន​អាមេរិក។ ការ​លើកឡើង​ណាមួយ​ដែល​ផ្ទុយ​ពី​នេះ​គឺ​មិន​ពិត​នោះ​ទេ‍»។

NewsBreak ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ ២០១៥ ក្នុង​នាម​ជា​បុត្តសម្ព័ន្ធ​មួយ​របស់ YiDian ដែល​ជា app ប្រមូលផ្ដុំ​ព័ត៌មាន​មួយ​របស់​ចិន។

ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​លោក Jeff Zheng ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន NewsBreak ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​រួម​គ្នា​ចុះ​បញ្ជី​ប៉ាតង់​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៥ សម្រាប់​ក្បួន​ដោះស្រាយ «Interest Engine» តាម​កុំព្យូទ័រ ដែល​ស្នើ​នូវ​ព័ត៌មាន​ផ្អែក​លើ​ចំណាប់​អារម្មណ៍​និង​ទីតាំង​របស់​អ្នក​ប្រើប្រាស់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា NewsBreak គឺ​ជា​ក្រុមហ៊ុន​ទើប​ចាប់ផ្ដើម​ថ្មី​មួយ​ដែល​គ្រប់គ្រង​ដោយ​ឯកជន ដែល​អ្នក​ឧបត្ថម្ភ​ចម្បងៗ​គឺ​ក្រុមហ៊ុន Francisco Partners នៅ​ទីក្រុង San Francisco សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន IDG Capital នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

កាលពី​ខែ​កុម្ភៈ ក្រុមហ៊ុន IDG Capital ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ចិន​រាប់​សិប​ដែល​ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា​កំពុង​ធ្វើការ​ជាមួយ​នឹង​យោធា​ចិន។

ក្រុមហ៊ុន IDG Capital បាន​បញ្ជាក់​កាលពី​មុន​ថា ខ្លួន​មិនមាន​ទំនាក់ទំនង​ជាមួយ​នឹង​យោធា​ចិន​ទេ ហើយ​ខ្លួន​ក៏​មិន​ស្ថិត​នៅ​ក្នុង​បញ្ជីឈ្មោះ​នោះ​ដែរ។ ក្រុមហ៊ុន​នេះ​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​ទៅ​នឹង​ប្រតិកម្ម​របស់​ក្រុម​តំណាងរាស្ត្រ​អាមេរិក​នោះ​ឡើយ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG