ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Douyin និង TikTok របស់​ចិន​ចាប់ផ្ដើម​បង្ក្រាប​លើ​ព័ត៌មាន​ប្រឌិត​និង​ព័ត៌មាន​ក្លែងក្លាយ


រូបឯកសារ៖ សិស្សចិនម្នាក់ដែលហៅខ្លួនឯងថា Evie ធ្វើវីដេអូសម្រាប់​ពួកអ្នកគាំទ្រនៅលើ Douyin បណ្តាញសង្គមចិននៅទីក្រុងឡុងដ៍កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ (Reuters)
រូបឯកសារ៖ សិស្សចិនម្នាក់ដែលហៅខ្លួនឯងថា Evie ធ្វើវីដេអូសម្រាប់​ពួកអ្នកគាំទ្រនៅលើ Douyin បណ្តាញសង្គមចិននៅទីក្រុងឡុងដ៍កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ (Reuters)

នៅ​ប្រទេស​ចិន សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេង​ទៀត បណ្ដាញ​សង្គម​អនឡាញ​នៅតែ​ជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​ក្នុង​ការ​អាន​ព័ត៌មាន ហើយ​ជា​ញឹកញាប់​វា​ជា​រឿង​គួរ​ឱ្យ​ឈឺក្បាល​សម្រាប់​បណ្ដាញ​ទាំងនេះ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ព័ត៌មាន​ប្រឌិត​និង​ព័ត៌មាន​ក្លែងក្លាយ។

បណ្ដាញ​សង្គម​អនឡាញ Douyin ដែល​មាន​លក្ខណៈ​ជា​វីដេអូ​ខ្លីៗ គឺជា​កម្មវិធី​ដូច TikTok ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ByteDance របស់​ចិន​ដែរ ប៉ុន្តែ​គឺ​អាច​ប្រើប្រាស់​បាន​តែ​នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ។ កាលពី​ពេល​ថ្មីៗ​នេះ Douyin បាន​ប្រកាស​អំពី​យន្តការ​ផ្ទៀងផ្ទាត់​ថ្មី​មួយ​សម្រាប់​ខ្លឹមសារ​ព័ត៌មាន​ណា​ដែល​គេ​សង្ស័យ​ថា​ក្លែងក្លាយ។

Douyin បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា​ថា ខ្លួន​នឹង​ដៅ​គោលដៅ​លើ «វីដេអូ​លក្ខណៈ​សម្តែង» ដែល​មាន​ចេតនា​នាំ​ឱ្យ​ទស្សនិកជន​យល់ខុស ហើយ​តម្រូវ​ឱ្យ​អ្នក​បង្កើត​វីដេអូ​បញ្ជាក់​លើ​វីដេអូ​ដូចនេះ​ថា​ជា​វីដេអូ​បែប​ប្រឌិត​ឬ​សម្តែង។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ Douyin បាន​យោង​លើ​ករណី​មួយ​ដែល​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​ម្នាក់​នៅ​ខេត្ត Anhui នៃ​ប្រទេស​ចិន​សម្តែង​ក្នុង​វីដេអូ​ដូចជា​គ្រូពេទ្យ​នោះ​បាន​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ម្នាក់​តាមរយៈ​ការ​វះកាត់​បន្ទាន់​ដូច្នេះ​ដែរ។ វីដេអូ​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​ទស្សនិកជន។

ចំណែកឯ​បណ្ដាញ​សង្គម​អនឡាញ TikTok របស់​ចិន​ដែល​គេ​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស​ចិន​វិញ​ក៏​បាន​លើកឡើង​ផងដែរ​ថា ខ្លួន​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​គ្រប់គ្រង​វីដេអូ​ណា​ដែល​មាន​បំណង​ធ្វើ​ឱ្យ​ទស្សនិកជន​មាន​ការ​យល់ខុស​ដោយ​ចេតនា​សម្រាប់​ហេតុផល​នយោបាយ និង​បាន​បញ្ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ជា​គោលដៅ​ដែល​ខ្លួន​ត្រូវ​ផ្ដោត។

ទោះបីជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ចិន​ក៏ដោយ ក៏ TikTok បាន​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​ដែល​បាន​ប្រកាស​លើ​វេបសាយ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី ២៣ ខែ​ឧសភា​ថា ខ្លួន​នឹង​ដាក់​កំហិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ដែល​រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ផងដែរ មិន​ឱ្យ​ប្រើប្រាស់​វេទិកា​របស់​ខ្លួន​ដើម្បី​ចែកចាយ​ព័ត៌មាន​ប្រឌិត​និង​ព័ត៌មាន​មិន​ពិត​នៅ​ក្រៅ​ប្រទេស។

នៅ​ក្នុង​រយៈពេល ៤ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៤ នេះ TikTok ថា ខ្លួន​បាន​បង្អាក់​ប្រតិបត្តិការ​ជះ​ឥទ្ធិពល​ចំនួន ១៥ និង​លុបចោល​ទំព័រ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ដែល​ពាក់ព័ន្ធ​ចំនួន ៣.០០១ ដែល «ភាគច្រើន​នៃ​ទំព័រ​ទាំងនេះ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ជះ​ឥទ្ធិពល​លើ​សុន្ទរកថា​នយោបាយ ដែល​រួម​ទាំង​សុន្ទរកថា​ទាក់ទិន​នឹង​ការ​បោះឆ្នោត​ផងដែរ»។

ទោះបីជា​សេចក្តី​ប្រកាស​របស់ TikTok នៅលើ​វេបសាយ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ជាក់លាក់​អំពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ក៏ដោយ ក៏ TikTokបាន​លើកឡើង​អំពី «ការ​ប្រឆាំង​នឹង​ប្រតិបត្តិការ​ជះ​ឥទ្ធិពល​ក្នុង​អំឡុង​ឆ្នាំ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ»។ TikTok ថា កាលពី​ខែ​កុម្ភៈ ខ្លួន​បាន​លុបចោល​ទំព័រ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​នៅ​ចិន​ចំនួន ១៦ ដែល​មាន​អ្នក​តាមដាន​គាំទ្រ​ជាង ១១០.០០០ នាក់​ដែល​លើក​តម្កើង​គោលនយោបាយ​និង​វប្បធម៌​ចិន​នៅ​សហរដ្ឋ​អាមេរិក។

នាយក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិក​អ្នកស្រី Avril Haines បាន​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សភា​អាមេរិក​កាលពី​ថ្ងៃ​ទី ១២ ខែ​មីនា​ថា សហរដ្ឋ​អាមេរិក «មិន​អាច​បញ្ជាក់» បាន​ថា​ចិន​អាច​ប្រើប្រាស់ TikTok ដើម្បី​ជះ​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ ២០២៤ នេះ​នៅ​សហរដ្ឋ​អាមេរិក​នោះទេ។

លោក Mike Gallagher អតីត​ប្រធាន​គណៈកម្មាធិការ​ពិសេស​នៃ​រដ្ឋសភា​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ចិន បាន​ព្រមាន​ថា TikTok មាន «ឱកាស​ធំធេង» ក្នុងការ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN កាលពី​ខែ​មេសា​ថា សហរដ្ឋ​អាមេរិក​បាន​ឃើញ​ភ័ស្តុតាង​ដែល​ចិន​ប៉ុនប៉ង​ជះ​ឥទ្ធិពល​និង​លូកដៃ​ចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាងមុខ។

រដ្ឋាភិបាល​ចិន​បាន​បដិសេធ​ម្តងហើយ​ម្តងទៀត​ថា​ខ្លួន​មិន​បាន​លូកដៃ​ចូល​ក្នុង​ការ​បោះឆ្នោត​បរទេស​ណាមួយ​ទេ ដែល​ក្នុង​នោះ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lin Jian បាន​លើកឡើង​ដូចនេះ​ម្ដង​ទៀត​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ការ​ចោទ​ប្រកាន់​របស់​លោក Blinken លើ​រដ្ឋាភិបាល​ចិន​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ២៩ ខែ​មេសា​កន្លង​ទៅ​នេះ។

ស្ថានទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់ VOA ដែល​សុំ​ឱ្យ​បញ្ចេញ​មតិ​លើ​រឿង​នេះ​ទេ។

ការ​លើកឡើង​របស់ TikTok អំពី​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​បន្ទាប់ពី​បណ្ដាញ​សង្គម​អនឡាញ​នេះ​ដាក់​ពាក្យ​បណ្តឹង​កាលពី​ថ្ងៃ​ទី ៧ ខែ​ឧសភា​ប្រឆាំង​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​បង្ខំ​ឱ្យ​ខ្លួន​លក់​សិទ្ធិ​គ្រប់គ្រង​នៅ​អាមេរិក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ខែ​មេសា​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន ByteDance លក់ TikTok នៅក្នុង​សហរដ្ឋ​អាមេរិក​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក​នៅតែ​អាច​ប្រើប្រាស់​បណ្ដាញ​សង្គម​អនឡាញ​នេះ​បាន ដោយសារតែ​ក្ដី​បារម្ភ​ថា​បណ្ដាញ​សង្គម​អនឡាញ​នេះ​អាច​ចែកចាយ​ទិន្នន័យ​ឯកជន​របស់​ពលរដ្ឋ​អាមេរិកាំង​ដល់​អាជ្ញាធរ​ចិន៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG