លោក Elon Musk ដែលជាមហាសេដ្ឋីបច្ចេកវិទ្យានិងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីចិនលោក Li Qiang នៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនកាលពីថ្ងៃទី ២៨ ខែមេសាកន្លងទៅនេះ ដោយលោក Li បានសន្យាថាប្រទេសចិន «តែងតែ» បើកទ្វារទទួលស្វាគមន៍ក្រុមហ៊ុនបរទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Musk ដែលជាអ្នកមានជាងគេបំផុតមួយរូបនៅលើពិភពលោក បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែមេសានោះក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោកក្នុងរយៈពេលតិចជាងមួយឆ្នាំទៅកាន់ប្រទេសទីផ្សាររថយន្តអគ្គិសនីដ៏ធំជាងគេបង្អស់នៅលើពិភពលោកនេះ។
ទូរទស្សន៍ CCTV របស់ចិនបានរាយការណ៍ថា ក្នុងអំឡុងជំនួបនោះ លោក Li បានសន្យាថាប្រទេសចិននឹងធ្វើបន្ថែមទៀតដើម្បីជួយក្រុមហ៊ុនបរទេស។
លោក Li ត្រូវបានគេដកស្រង់សម្ដីដែលបាននិយាយថា៖ «ទីផ្សារទ្រង់ទ្រាយធំរបស់ចិននឹងតែងតែបើកទ្វារទទួលស្វាគមន៍ក្រុមហ៊ុនបរទេស»។
លោក Li បានបន្តថា៖ «ប្រទេសចិននឹងប្រកាន់ខ្ជាប់ចំពោះពាក្យសម្ដីរបស់ខ្លួន ហើយនឹងបន្តប្រឹងប្រែងធ្វើការដើម្បីពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារនិងពង្រឹងការធានានូវសេវាកម្ម»។
លោក Li បានបន្ថែមថា រដ្ឋាភិបាលចិននឹងផ្ដល់ដល់ក្រុមហ៊ុនបរទេសនូវ «បរិយាកាសអាជីវកម្មប្រសើរជាងមុន» ដើម្បីឱ្យ «ក្រុមហ៊ុនមកពីជុំវិញពិភពលោកអាចស្ងប់ចិត្តនៅពេលវិនិយោគនៅក្នុងប្រទេសចិន»។
ក្រោយមក លោក Musk បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញ X ថា លោកមានកិត្តិយសណាស់ដែលបានជួបជាមួយនឹងលោក Li និងបានបន្ថែមថា លោកនិងលោក Li «បានស្គាល់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
លោក Musk មានចំណាប់អារម្មណ៍ទូលំទូលាយផ្នែកអាជីវកម្មនៅក្នុងប្រទេសចិន ហើយដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់លោកទៅកាន់ប្រទេសចិនគឺកាលពីខែឧសភានិងខែមិថុនាឆ្នាំមុន។
ទូរទស្សន៍ CCTV បានស្រង់សម្ដីរបស់លោក Musk ដែលបានសរសើរ «ក្រុមអ្នកធ្វើការជនជាតិចិនដែលឧស្សាហ៍ព្យាយាមនិងប៉ិនប្រសប់» នៅឯរោងចក្រខ្នាតយក្សរបស់ក្រុមហ៊ុន Tesla ក្នុងទីក្រុងសៀងហៃក្នុងអំឡុងពេលលោកជួបជាមួយនឹងលោក Li។
លោក Musk បានបន្ថែមថា៖ «ក្រុមហ៊ុន Tesla មានឆន្ទៈក្នុងការឈានជំហានបន្ទាប់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសចិនដើម្បីសម្រេចឱ្យបាននូវលទ្ធផលឈ្នះ-ឈ្នះ»។
កាលពីថ្ងៃទី ២៨ ខែមេសានោះដែរ លោក Musk បានជួបជាមួយនឹងប្រធានក្រុមប្រឹក្សាលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិរបស់ចិនលោក Ren Hongbin «ដើម្បីពិភាក្សាអំពីជំហានបន្ទាប់នៅក្នុងកិច្ចសហប្រតិបត្តិការនិងប្រធានបទផ្សេងៗទៀត»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ CCTV។
នៅក្នុងប្រទេសចិន រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla បានក្លាយជាវត្ថុដ៏សំខាន់បំផុតមួយសម្រាប់ជីវិតរស់នៅតាមទីក្រុងរបស់ពលរដ្ឋថ្នាក់កណ្ដាល។
លោក Musk ដែលធ្លាប់ចំអកឱ្យរថយន្តអគ្គិសនីរបស់ចិន បានហៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិននៅក្នុងឆ្នាំនេះថាជា «ក្រុមហ៊ុនរថយន្តដ៏មានការប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោក»។
លោកត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនដកស្រង់សម្ដីកាលពីថ្ងៃទី ២៨ ខែមេសាថា៖ «វាជាការល្អដែលឃើញរថយន្តអគ្គិសនីមានការវិវឌ្ឍប្រសើរឡើងនៅក្នុងប្រទេសចិន»។
លោកបានបន្ថែមថា៖ «រថយន្តទាំងអស់នៅពេលអនាគតគឺជារថយន្តអគ្គិសនី»។
ក្រុមហ៊ុន Tesla របស់លោក Musk ធ្លាប់បានជួបបញ្ហានៅក្នុងប្រទេសចិន។ កាលពីខែមករា ក្រុមហ៊ុននេះបានប្រកាសឱ្យរថយន្តអគ្គិសនីរបស់ខ្លួនជាង ១ លាន ៦ សែនគ្រឿងនៅក្នុងប្រទេសចិនមកជួសជុលសុសវែទាក់ទងនឹងចង្កូតរថយន្ត។
ដំណើរទស្សនកិច្ចរបស់លោក Musk ទៅកាន់ប្រទេសចិនលើកនេះធ្វើឡើងនៅចំពេលដែលមានសង្គ្រាមតម្លៃខ្លាំងក្លារវាងក្រុមហ៊ុននានាដែលចង់នាំមុខគេនៅក្នុងទីផ្សាររថយន្តអគ្គិសនី។
ក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិនបាននាំមុខក្រុមហ៊ុន Tesla នៅក្នុងត្រីមាសទីបួនកាលពីឆ្នាំមុនដោយក្លាយជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេបង្អស់នៅលើពិភពលោក។
ក្រុមហ៊ុន Tesla បានដណ្ដើមតំណែងនេះមកវិញនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុន BYD នៅតែនាំមុខនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។
បទវិភាគមួយរបស់ក្រុមហ៊ុន Wedbush Securities បានហៅទស្សនកិច្ចរបស់លោក Musk នេះថាជា «ដំណាក់កាលជាប្រវត្តិសាស្ត្រមួយសម្រាប់លោក Musk ក៏ដូចជាសម្រាប់រដ្ឋាភិបាលចិនផងដែរ» ដោយសារតែកម្រិតនៃការប្រកួតប្រជែងក្នុងស្រុកនិង «ការទាមទារទន់ភ្លន់ជាងមុន» សម្រាប់ក្រុមហ៊ុន Tesla។
ចំណាប់អារម្មណ៍របស់លោក Musk នៅក្នុងប្រទេសចិនបានធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើល ដោយប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ថា ទំនាក់ទំនងរបស់លោក Musk ជាមួយនឹងបរទេសគឺសមនឹងមានការពិនិត្យពិច័យ។
លោក Musk ក៏បានបង្កឱ្យមានភាពប្រទាំងប្រទើសផងដែរនៅពេលដែលលោកបាននិយាយថាកោះតៃវ៉ាន់គួរតែក្លាយជាផ្នែកមួយរបស់ប្រទេសចិន។ ការថ្លែងរបស់លោកនេះត្រូវបានមន្ត្រីចិនស្វាគមន៍ ប៉ុន្តែបានធ្វើឱ្យរដ្ឋាភិបាលតៃវ៉ាន់ខឹងសម្បា៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាបញ្ចេញមតិ