ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្រ្ត​អាមេរិក​ផ្ញើ​លិខិត​ឲ្យ​លោក​ហ៊ុន សែន​ ដោយ​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​បោះឆ្នោត


វិមាន​សភា​កាពីតុល​របស់​សហរដ្ឋ​អាមេរិក​​នៅ​រដ្ឋធានីវ៉ាស៊ីនតោន។
វិមាន​សភា​កាពីតុល​របស់​សហរដ្ឋ​អាមេរិក​​នៅ​រដ្ឋធានីវ៉ាស៊ីនតោន។

លោក ​Edward R. Royce ​បន្ថែម​ក្នុង​លិខិត​នោះ​ថា ​បើគ្មាន​ការ​ចូលរួម​ពេញ​លេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​​ នោះ​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​នឹង​មិន​អាច​​ធ្វើ​បាន​ល្អ​ត្រឹម​ត្រូវ​ទាំង​ស្រុង​ឡើយ។

តំណាង​រាស្រ្ត​អាមេរិក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដោយ​បង្ហាញ​ក្តី​បារម្ភ​ថា​ ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខអាច​នឹងគ្មាន​វត្តមាន​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។​ លិខិត​នេះ​ធ្វើ​ឡើង​ ​បន្ទាប់​ពី​សភា​អាមេរិក​មើល​ឃើញ​ថា ​មេ​ដឹកនាំ​កម្ពុជា​កំពុង​អនុវត្តថយ​ក្រោយ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក​ Edward R. Royce (ឆ្វេង) ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេសនៃ​សភា​តំណាង​រាស្រ្តសហ​រដ្ឋ​អាមេរិក​ និង​លោក John Kerry រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក។
លោក​ Edward R. Royce (ឆ្វេង) ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេសនៃ​សភា​តំណាង​រាស្រ្តសហ​រដ្ឋ​អាមេរិក​ និង​លោក John Kerry រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក។

បាន​ស្នើ​ឲ្យ​លោក​ហ៊ុន សែន​បញ្ឈប់​ការ​យាយី​ និង​ធ្វើ​បាបគណបក្ស​ប្រឆាំង ​ដើម្បីចៀស​វាង​កុំ​ឲ្យប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិប​តេយ្យ​មិន​អាច​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោតនៅ​កម្ពុជា​នេះ។​

លិខិត​ដែលលោក​ Edward R. Royce ​ផ្ញើ​ជូន​លោក​ហ៊ុន សែន ​កាលពី​ថ្ងៃទី​៧ ​ខែ​កញ្ញា​នេះ ​សរសេរ​ថា ​លោក​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា។ ​លោក​បន្តថា ​របាយ​ការណ៍​នានា​បាន​បង្ហាញ​ថា ​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​បង្ខំ​ឲ្យ​ជ្រក​កោននៅ​ក្នុង​ទីស្នាក់​កណ្តាល​គណបក្ស​ ហើយ​ប្រហែល​ជា​ឆាប់ៗ​នេះ​ លោក​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​បដិសេធ​មិន​ចូលខ្លួន​ទៅ​តុលាការទាក់​ទិន​ករណី​សញ្ចារ​កម្ម បើទោះជា​លោក​មាន​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ​ក៏ដោយ។​

លោក ​Edward R. Royce ​បន្ថែម​ក្នុង​លិខិត​នោះ​ថា ​បើគ្មាន​ការ​ចូលរួម​ពេញ​លេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ នោះ​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​នឹង​មិន​អាចធ្វើ​បាន​ល្អ​ត្រឹម​ត្រូវ​ទាំង​ស្រុង​ឡើយ។​ ​លោក​អះអាង​ថា ​នោះ​ជា​អ្វី​ដែល​សភា​តំណាង​រាស្រ្ត​សហ​រដ្ឋ​អាមេរិកមិន​អាចទទួល​យក​បានទេ។ ​លោក​បញ្ជាក់​ដោយ​សំដៅ​ទៅ​លោក​ហ៊ុន សែន​ថា៖​

«ខ្ញុំ​ទទូច​ជាខ្លាំង​ឲ្យ​លោក​ពិចារណា​ទៅ​លើ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ដំណើរ​ការ​បោះឆ្នោត ដែល​ទំនង​ជា​កើត​មក​ពីការតម្រង់​គោលដៅ​វាយ​ប្រហារ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង ​ហើយ​សូម​បញ្ឈប់​ការ​យាយី​ និង​ការ​ធ្វើបាប​ដ៏​ឃោរ​ឃៅ​មក​លើ​លោក​កឹម សុខា​ និង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត»។​

លិខិត​តំណាង​រាស្រ្ត​អាមេរិក​ផ្ញើ​ជូនលោក​ហ៊ុន សែន​ធ្វើ​ឡើង​ក្រោយ​ពី​សមាជិក​គណបក្ស​ប្រឆាំង ​និង​សកម្ម​ជន​នានាត្រូវ​ចាប់ខ្លួន​ និង​រងការ​វាយ​ដំ ​ខណៈ​ពេល​ដែល​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​ចាប់​ឃុំ​ខ្លួន​ទាំង​កំពុង​មាន​អភ័យ​ឯក​សិទ្ធិ ​និង​មាន​សញ្ជាត​អាមេរិក ​និង​បារាំង​ និង​ក្រោយ​ពី​មានឃាតកម្ម​កាល​ពី​ថ្ងៃ​១០ខែ​កក្កដា​ ឆ្នាំ២០១៦​ ​សម្លាប់​លោក​កែម ឡី​ អ្នក​អធិប្បាយ​នយោបាយ​កម្ពុជា​ដ៏​មាន​ប្រជាប្រិយ​ភាព។​

ឆ្លើយ​តប​នឹង​លិខិត​របស់​លោក ​Edward R. Royce​ លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កំពុង​អនុវត្ត​ការងារ​ប្រកប​ដោយ​លិទ្ធ​ប្រជា​ធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។ ​លោក​បន្ថែមថា ​រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​មានគណបក្ស​នយោបាយ​ច្រើន​គ្រប់​គ្រាន់​ដើម្បី​ប្រកួត​ប្រជែងក្នុងការ​បោះ​ឆ្នោតខាង​មុខ។​

លោក​បញ្ជាក់​ថា៖​

«កម្ពុជា​យ៉ាង​ហោច​ណាស់​មាន​២២​គណបក្ស ​បូក​ជាមួយ​ហ្នឹង​២២​ហ្នឹង​គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​មួយ​ទៀត​ហ្នឹង​២៣ ​ដែល​មាន​ដំណើរ​ការ​កំពុង​តែរៀប​ចំ​ខ្លួន​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។​ ​ ដូច្នេះ​ការ​បារម្ភ​ហ្នឹង​អត់​ចំទិសដៅ ​និង​អត់​ចំ​ស្មារតី​នូវ​អ្វី​ដែល​កើត​ឡើង​នៅ​កម្ពុជា​ទេ។​ អាស្រ័យ​ហេតុ​នេះ​ហ្នឹង​ ​អ្វី​ដែល​គាត់​ដឹង​គឺ​មាន​កម្រិត»។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​លើក​ឡើង​ថា ​ការ​គោរព​សិទ្ធិ​មនុស្សនៅ​កម្ពុជា​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ដូច្នេះ​ប្រទេស​ជា​ម្ចាស់​ជំនួយ​តែង​មាន​ការ​បារម្ភ ​និង​ដាក់​លក្ខខណ្ឌ​ដើម្បី​ឲ្យ​កម្ពុជា​ធានា​នូវ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ ​សេរី​ពហុ​បក្ស​ ចៀស​វាងវិបត្តិ​នយោបាយ​ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨។​

លោក​មាន​ប្រសាសន៍​ថា៖​

«នៅ​កម្ពុជា​យើង​កន្លង​មក​ ឲ្យ​តែបោះ​ឆ្នោត​ហើយ​តែង​តែ​មាន​បាតុកម្ម ​តែង​តែ​មាន​ការ​ជាប់​គាំង​នយោបាយ​ ហើយ​តែងតែមាន​កើត​ឡើង​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់។ អា​នេះ​ដែល​ជាការ​ព្រួយ​បារម្ភ​របស់​យើង ​នៅ​ពេល​ការ​បោះ​ឆ្នោត​ខាង​មុខ។​ បើ​សិនជាលទ្ធ​ផល​ដែល​កើត​ចេញ​ហ្នឹង​ហើយ ​គណបក្ស​នយោបាយ​ដទៃ​ទៀត​គាត់​មិន​អាច​ទទួល​យក​បាន​ វានឹង​អាច​កើត​នូវ​បាតុកម្ម ​ឬ​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង»។​

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​គោល​ការណ៍​ច្បាប់​អន្តរជាតិ ​ទើប​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជាអាច​ដំណើរ​ការ​ទៅ​ដោយ​រលូន។​

កាលពី​ថ្ងៃទី​៦ ​ខែ​កញ្ញា ​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អ.ស.ប.​បាន​បង្ហាញ​ពី​ការ​បារម្ភ​ ក្រោយ​មាន​ការ​ចល័ត​កម្លាំង​ទ័ព​នៅ​ជិត​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​ ​និង​ការ​ប្តេជ្ញា​របស់​មន្ត្រី​ជាន់ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​គណបក្ស​កាន់​អំណាច​ ព្រមទាំងការ​បិទផ្លូវ​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ហែ​ញត្តិ​ដាក់​នៅ​តាម​ស្ថានទូត​នានា​ ​ហើយ​ថា​ សកម្មភាព​ទាំង​នោះ​ជា​ការ​បំភិត​បំភ័យ​គណបក្ស​ប្រឆាំង ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល​ និង​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​កម្ពុជា៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG