ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ប្រជុំ​ទ្រង់ទ្រាយធំ​ ស្រប​ពេល​តុលាការ​​បើក​សវនាការ​ករណី​លោក​ កឹម សុខា


រូបឯកសារ៖ ក្រុម​ស្រ្តី​​ដែលជា​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​សង្រ្គោះជាតិ​មកពី​ខេត្ត​នានា​​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

សាលាដំបូង​រាជធានី​នឹង​បើក​សវនាការ​​នៅថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ដើម្បី​​ជំនុំ​ជម្រះ​ក្តី​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ ​«មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ» ​ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ ​​ពាក់​ព័ន្ធ​នឹង​​សំណុំ​រឿង​​របស់​​នាង​ខុម ចាន់តារ៉ាទី ហៅស្រីមុំ​​ប្តឹង​ពីបទ​សញ្ចារ​កម្ម។​

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួបជុំ​ថ្នាក់​ដឹកនាំ ​សមាជិក ​និង​មហាជន​រាប់​រយ​នាក់នៅ​ទីស្នាក់​ការ​របស់ខ្លួន ​ស្រប​ពេល​តុលាការបើក​សវនាការ​ករណី​លោក​កឹម សុខា​ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា​ខាងមុខ​នេះ។

គណបក្ស​ប្រឆាំង​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៥ ​ខែ​សីហា​ ជូន​ដំណឹង​អំពី​ការរៀបចំ​ពិធី​ជួប​សំណេះ​សំណាល​រវាង​ថ្នាក់​ដឹកនាំ ជាមួយ​រចនា​សម្ព័ន្ធ​ និង​មហាជន​រាប់​រយ​នាក់​ នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​នៅ​សង្កាត់​ចាក់​អង្រែ​លើ។ ​ការ​ជួប​ប្រជុំនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៩ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦ ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង១២​ថ្ងៃត្រង់ ​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ការ​វិវត្ត​នៃ​ស្ថាន​ការណ៍នយោបាយ​ ផ្សព្វផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ជា​ពិសេស​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​អាច​ឃ្លាំ​មើល​ចំណាត់​ការ​របស់​តុលាការ​លើ​ការ​កាត់​ក្តី​លោក​កឹម សុខា ​ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ម៉ន ផល្លា​ ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ​បាន​លើក​ឡើង​ថា ​លិខិត​ដែល​ដាក់ទៅ​សាលា​រាជធានី​គ្រាន់​តែជា​ការ​ជូន​ដំណឹង​ប៉ុណ្ណោះ​ ដោយ​លោក​ពន្យល់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​ប្រជុំ​ទៅ​តាម​ការ​គ្រោង​ទុក​ បើទោះ​ជា​សាលា​រាជធានី​មិន​អនុញ្ញាត​ក៏​ដោយ។​

លោក​បន្ថែម​ថា៖​

«ខ្ញុំ​អត់​មាន​ការ​ព្រួយ​បារម្ភ​អីទេ ​ព្រោះ​នេះ​វា​ជា​សកម្មភាព​ធម្មតា​ដែល​យើង​ធ្លាប់បាន​ធ្វើ​កន្លង​មក​ហើយ ​ដែល​ថ្នាក់ដឹកនាំ​ជាតិ​របស់​យើង​ជួប​សំណេះ​សំណាល​ផ្ទាល់​ជាមួយ​រចនា​សម្ព័ន្ធ​ទូទាំង​រាជធានី ​ក៏​ដូចជា​តាម​បណ្តា​ខេត្ត»។​

លោក​មាន ចាន់យ៉ាដា ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​ VOA​ ថា ​សាលា​រាជធានី​បាន​ទទួល​លិខិតរបស់​គណបក្ស​សង្គ្រោះជាតិ​រួច​ហើយ។ ​លោក​ឲ្យ​ដឹង​ថា ​សាលា​រាជធានី​បាន​ជូន​ដំណឹង​ត្រឡប់​ទៅ​គណបក្ស​ប្រឆាំង​អំពី​គម្រោង​នៃការ​ជួប​គ្នា​ផ្ទាល់​នៅ​រសៀល​ថ្ងៃទី​៧​កញ្ញានេះ​ ដើម្បី​ពិភាក្សាលើ​ការ​ស្នើ​សុំ​ និង​បញ្ជាក់ឲ្យ​បាន​ច្បាស់​អំពី​ចំនួន​អ្នកចូល​រួម ដើម្បីចៀស​វាង​ការ​ជួបជុំ​មនុស្ស​ច្រើន​ពេក​ អាចធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់ ​និង​ចរាចរណ៍​ក្នុង​ទីក្រុង។​

លោក​បញ្ជាក់​ថា៖​

«ចំនួន​រាប់​រយនាក់​ដែល​ពួកគាត់​ស្នើ​ហ្នឹងបាន​ន័យ​ថា​ម៉េច? ​ពួកគាត់​អាច​ជួប​ប្រជុំ​គ្នា​បានតែ​ក្នុង​បរិវេណ​ស្នាក់​ការ​គណបក្ស​តែ​ប៉ុណ្ណោះ ​មិន​អាច​ហួស​ចេញ​មក​លើ​ចិញ្ចើម​ផ្លូវ​នោះ​ទេ»។​

ទោះជាយ៉ាង​ណា​ លោក​មាន ចាន់យ៉ាដា​មិនបាន​បញ្ជាក់​ពី​វិធាន​ការ​ទេ ​ប្រសិន​គណបក្ស​ប្រឆាំង​ប្រជុំ​លើសចំនួន​កំណត់​នោះ។​

សាលាដំបូង​រាជធានី​នឹង​បើក​សវនាការនៅថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ដើម្បីជំនុំ​ជម្រះ​ក្តី​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ ​«មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ» ​ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ ពាក់​ព័ន្ធ​នឹងសំណុំ​រឿងរបស់នាង​ខុម ចាន់តារ៉ាទី ហៅស្រីមុំប្តឹង​ពីបទ​សញ្ចារ​កម្ម។​

កាលពី​ថ្ងៃទី​៥ ​កញ្ញា​នេះ ​រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំងសមត្ថកិច្ច​រាប់​រយ​នាក់ ​និង​ដាក់​របាំង​បិទ​ផ្លូវ​ការ​ហែញត្តិ​របស់​គណបក្ស​ជំទាស់​ ដែលគ្រោង​ដង្ហែ​ទៅ​កាន់​ស្ថានទូត​ដែល​ជា​ប្រទេស​ហត្ថលេខី​សន្ធិ​សញ្ញាទីក្រុង​ប៉ារីស​ ដើម្បី​សុំ​ឲ្យ​ជួយ​ការពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា៕

XS
SM
MD
LG