ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​រិះគន់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​ចុះ​ថយ


រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Anders Ygeman រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​ស៊ុយអ៊ែត នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអ៊ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (រូបថត៖ Reuters/Nora Lorek)
រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Anders Ygeman រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​ស៊ុយអ៊ែត នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអ៊ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (រូបថត៖ Reuters/Nora Lorek)

លោក​​ស ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​ចោទ​គណបក្ស​ប្រឆាំង​ថា​ បាន​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ដោយ​អះអាង​ថា​ ក្រុម​តំណាង​រាស្ត្រ​ និង​​មេ​ដឹកនាំ​​គណបក្ស​ប្រឆាំង​បាន​ប្រើ​សិទ្ធិ​ខ្លួន​ជា​អ្នក​ធ្វើ​ច្បាប់​ ដើម្បី​​បម្រើ​គោល​បំណង​នយោបាយ​ ដោយ​ការ​រំលោភ​បំពាន​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ។

ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​ដាក់​ញ្ញត្តិ​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្សប្រឆាំង​នៅតាម​ស្ថានទូត​នៃ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បន្ទោស​ធ្ងន់ៗ​ថា ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងកំពុង​ធ្វើ​សកម្មភាព​ហួស​សិទ្ធិ​កំណត់​ក្នុង​ច្បាប់​ និង​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ដល់​ដំណើរការ​កសាង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោកស ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​ចោទ​គណបក្ស​ប្រឆាំង​ថា​ បាន​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ដោយ​អះអាង​ថា​ ក្រុម​តំណាង​រាស្ត្រ​ និងមេ​ដឹកនាំគណបក្ស​ប្រឆាំង​បាន​ប្រើ​សិទ្ធិ​ខ្លួន​ជា​អ្នក​ធ្វើ​ច្បាប់​ ដើម្បីបម្រើ​គោល​បំណង​នយោបាយ​ ដោយ​ការ​រំលោភ​បំពាន​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ។​ នេះ​បើយោង​ទៅ​តាម​លិខិត​ចំហ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ផ្ញើជូន​ទៅ​សភា​ជាតិ​នា​រសៀល​ថ្ងៃ​ពុធ​នេះ។​

លិខិត​របស់​លោកស ខេង ​ចុះថ្ងៃ​ទី​៧ ​ខែ​កញ្ញា​នេះធ្វើឡើង​បន្ទាប់​ពីក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិបើក​យុទ្ធនាការ​ដង្ហែ​ញ្ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​បស្ចឹម​ប្រទេស​ និង​ស្ថានទូត​ប្រទេស​ជា​សមាជិក​អាស៊ាននានា​ ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។​ ការ​ដាក់​ញត្តិ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅធ្វើ​ឡើង​ដើម្បី​សុំឲ្យស្ថានទូតជួយ​ជំរុញ​ឲ្យ​មាន​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងក៏​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ប្រវត្តិ​សាស្ត្រ​នេះ​ បំពេញ​តួនាទី​របស់​ខ្លួន​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ដើរ​តាម​គន្លង​ប្រជា​ធិបតេយ្យ​ គោរព​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោបាយ​ និង​សេរីភាព​បញ្ចេញ​មតិ។​

ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ លោកស ខេង​ ដែល​ជា​ប្រធាន​ក្រុមមតិ​ភាគច្រើន​នៅ​សភា​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ មិន​ត្រឹមតែ​មិនរំលោភ​កិច្ច​ព្រមព្រៀង​ដែល​ជួយបញ្ចប់​ការ​បង្ហូរ​ឈាម​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ តែ​រដ្ឋាភិបាល​បច្ចុប្បន្ននេះ​ថែម​ទាំង​បាន​រួមចំណែក​ដល់​ការ​បង្កើត​កិច្ចព្រម​ព្រៀង​ដែល​បាន​ចុះហត្ថ​លេខា​ ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​១៩​ នៅ​ថ្ងៃ​ទី​២៣​ ​ខែ​ ​តុលា​ឆ្នាំ​១៩៩១។​

លោក​រដ្ឋ​មន្ត្រីស ខេង​បាន​បន្ត​ថា​ ការណ៍​ពិត​ សមាជិក​សភា​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ​ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ ​ស្ថាប័ន​នយោបាយ​របស់​ប្រទេស​ ហើយ​លោក​បាន​ថ្លែង​ថា​ សមាជិក​សភា​គណបក្ស​ប្រឆាំងតែ​ងតែ​ទាញ​យក​ផល​ប្រយោជន៍​ពី​អភ័យ​ឯកសិទ្ធិ​របស់​ពួកគេ​ ដើម្បី​បម្រើ​គោល​នយោបាយ​ និង​ភាព​អាត្មា​និយម​របស់​ពួក​គេ។​

លោក​ស ខេង​ក៏​បាន​ស្តី​បន្ទោស​ថា​ លោកកឹម​ សុខា​ និង​លោក​សម រង្សី​ ដែល​ជា​មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រឆាំងមិន​គោរព​ច្បាប់។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«អ្វី​ដែល​អាក្រក់​ជាង​នេះ​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​គិត​ថា​ ពួក​គេ​នៅ​លើ​ច្បាប់។​ ឧទាហរណ៍​ លោកកឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​កោះហៅ​ដោយ​តុលាការ​ជាច្រើន​ដង​ ប៉ុន្តែ​គាត់​មិន​បាន​មក​បង្ហាញ​ខ្លួន​ទេ។​ ប្រសិន​បើ​គាត់​ពិត​ជា​គ្មាន​កំហុស​ ដូច​ដែល​គាត់​ និង​អ្នក​គាំទ្រ​គាត់​ជឿជាក់​មែន​នោះ​ ​គាត់​គួរ​តែ​ធ្វើដូច​អ្វី​ ដែល​គាត់​និយាយ​ និង​ទទួល​ខុសត្រូវ»។​

លោកស ខេងអះអាង​បន្ត​ថា៖​

«ដូចគ្នា​ផង​ដែរ​ លោក​សម រង្ស៊ី​ធ្លាប់បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​អស់​ជាច្រើន​ដង​កាលពីអតីត​កាល​ និង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គាត់​កំពុង​តែ​ស្នើ​ឲ្យ​មាន​ការ​លើក​ការ​ចោទ​ប្រកាន់​ចំពោះ​បទ​ល្មើស​របស់​គាត់។​ ឥរិយាបទ​ របស់​មេដឹកនាំ​គណបក្ស​ប្រឆាំងគឺ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទាល់​តែ​សោះ»។​

លោក​ស ខេង​បាន​ថ្លែង​បន្ថែម​ថា​ ​«ដើម្បី​ការពារ​មុខមាត់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​លទិ្ធ​ប្រជា​ធិបតេយ្យ​ ​ យើង​ទាំង​អស់​គ្នា​ទទូច​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ និង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​នានា​របស់​អាស៊ាន​ សូម​យក​ទស្សនៈ​របស់​ខ្លួន​ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​ពិត​នៅ​កម្ពុជា។​ លោក​បញ្ជាក់​បន្ត​ទៀតថា​ ប្រសិន​បើ​ លទ្ធិ​ប្រជា​ធិបតេយ្យ​កំពុង​តែ​ធ្លាក់​ចុះ​ដូច​ដែល​ការ​អះអាង​ដោយ​សមាជិក​សភា​គណបក្ស​ប្រឆាំង​មែន​នោះ​ ប្រទេស​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​មិន​អាច​ទទួល​បាន​នូវ​សន្តិភាព​ និង​វិបុលភាព​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ឡើយ»។​

នៅ​ក្នុង​ការ​ដាក់​ញ្ញត្តិ​របស់​ក្រុមតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំ​ចំនួន​៨រូប​ទៅ​កាន់​ស្ថានទូត​នានា កាល​ពី​ថ្ងៃ​ច័ន្ទ​ ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​ឲ្យ​បិទ​ចរាចរ​នៅ​តាមមហាវិថី​ និង​ផ្លូវ​នានា​ នៅ​រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅកាន់​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​ក្នុង​ខ័ណ្ឌ​មានជ័យ។​

កាលពី​ថ្ងៃ​ច័ន្ទ​ ​លោក​សុន ឆ័យ​ ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងបាន​ចាត់​ទុក​ថា​ ការ​ដាក់​ពង្រាយ​កង​កម្លាំង​ដើម្បី​រារាំង​ការ​ហែ​ញត្តិ​របស់​តំណាង​រាស្រ្ត​ដែល​មាន​ចំនួន​៨​នាក់ ​និង​រថយន្ត​៣​គ្រឿង​នោះគឺ​ជា​ការ​រំលោភ​ច្បាប់​ ​បង្ក​ឲ្យប្រជា​ពលរដ្ឋមាន​ការ​ភ័យ​ខ្លាច និង​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​ជាតិ។​

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោកសុន​ ឆ័យ​បាន​ទេ​នា​ថ្ងៃ​ពុធ​នេះ។​ ប៉ុន្តែ​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ ​លោកបាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់​កណ្តាល​គណ​បក្ស​សង្គ្រោះជាតិ​ ឲ្យ​បាន​ដឹង​អំពី​ខ្លឹមសារ​មួយ​ចំនួន​នៃ​លិខិត​ចំហ​របស់​គណបក្ស​សង្គ្រោះជាតិ។ លោក​និយាយ​យ៉ាង​ដូច្នេះ​ថា៖​

«យើង​ខ្ញុំ​ជា​សមាជិក​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៃ​ប្រទេ​សកម្ពុជាសង្កេត​ឃើញ​ថា​ អ្នក​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រដ្ឋាភិបាល​បាន​ប្រព្រឹត្ត​ល្មើសឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ ដូចមាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ស្រាប់​ និង​គោល​ការណ៍​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ ​កាន់​តែ​ធ្ងន់​ធ្ងន់​ទៅ​ ដោយ​បាន​ប្រើ​អំណាច​ដោយ​រំលោភ​ក្នុង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ចាប់​ចង ​ឃុំ​ឃាំង​សកម្ម​ជន​ដីធ្លី​ មន្ត្រី​សិទ្ធិ​មនុស្ស​ ​សហជីព ​និង​ថ្នាក់​ដឹកនាំ​សហជីព​ រួម​ទាំង​សមាជិក​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផង»។​

ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅមក​រវាង​អ្នក​នយោបាយ​គណបក្ស​ធំៗ​ពីរ​នេះត្រូវ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​យល់​ឃើញ​ថា ជា​ការ​ចាប់​ផ្តើម​នៃ​សញ្ញា​គុំកួនគ្នា​ និង​ជា​ពេល​វេលា​ដែល​គណបក្ស​ទាំង​ពីរ​ពិបាក​ឈាន​ដល់ការ​សម្រុះ​សម្រួល​ផ្នែក​នយោបាយ​តាម​ការ​ចរចា​ ដោយសារ​តែ​ម្ខាង​ ដែល​មាន​អំណាច​ពេញដៃ​ ប្រឹង​តែ​គាប​សង្កត់​ រីឯ​ម្ខាងទៀត​ដែល​ទប់​នឹង​ការ​គាប​សង្កត់​មិន​បាន​ ត្រូវ​បង្ខំចិត្ត​សុំ​ជំនួយ​ពីអន្តរជាតិ។​

លោក​មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ​និយាយ​ថា​ គណបក្ស​ទាំង​ពីរ​នេះ​ក្នុង​ពេល​នេះ​ មិន​មែន​លេង​ល្បែង​នយោបាយបំភាន់​ភ្នែក​មហាជន​ខ្មែរ​នោះ​តែ​ តែ​ជា​ការ​ធ្វើ​ឲ្យ​មហាជន​ខ្មែរ​មើល​ឃើញ​កាន់តែ​ច្បាស់​នូវ​ជម្លោះ​នយោបាយ​លក្ខណៈ​បុគ្គល​ ដែល​កាន់​តែ​មាន​ភាព​ស្រួចស្រាវ​ទៅ​ ហើយ​ជា​ការ​រាំង​ស្ទះ​ដល់​ការ​ដោះ​ស្រាយបញ្ហា​ជាតិ​សំខាន់ៗ។

«ខ្ញុំ​គិត​ថា​ បើ​យើង​មើល​ពី​ចរិត​របស់​អ្នក​នយោបាយ​ទាំង​សង​ខាង​ ​មកដល់​ពេល​នេះ​ហាក់​ ដូច​ជា​មិនមែន​ជា​ការ​លេង​ល្បែង​បំភាន់​ភ្នែក​ទេ​បាទ គឺ​ថា​ ការ​គុំកួន​គ្នា​ហ្នឹង​ជា​ការ​គុំកួនគ្នា​ ​ជា​រឿង​គំនុំ​មែន​ទែន​ ជា​ការ​ឈ្លោះ​គ្នា​ ​ដែល​យើង​ថា​ ឈ្លោះ​គ្នា​ បុគ្គល​ហ្នឹង​គឺ​ឈ្លោះ​គ្នា​មែនទែន​តែ​ម្តង​បាទ»។​

ការ​ដាក់​ញ្ញត្តិទៅកាន់​ស្ថានទូត​តំណាង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ការ​វាយ​បក​មកវិញ​នៃ​ថា្នក់​ដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​នេះ​បាន​កើត​មាន​ឡើង​ នៅគ្រា​ដែល​លោកកឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​តម្រូវ​ឲ្យ​ចូល​ខ្លួន​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ពីបទ​«បដិសេធ​មិន​ចូល​ខ្លួន»​ ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ស្នេហា​លួច​លាក់​ដែល​គេ​នៅ​មាន​មន្ទិល​សង្ស័យ​ថា​ ​លោក​មាន​ជា​មួយ​នារី​អតីត​អ្នក​កាត់​សក់​ម្នាក់​គឺ​នាង​«ខុម ចាន់តារ៉ាទី»​ ហៅ​ស្រីមុំ។​

សវនាការ​ជំនុំ​ជម្រះ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ខាង​មុខ​នេះ៕

XS
SM
MD
LG