ការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកដើម្បីស្វែងរកថាតើប្រទេសរុស្ស៊ី បានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ដែរឬយ៉ាងណានោះ បានប្តូរពីការសើរើពិនិត្យខាងរដ្ឋបាលទៅជាការស៊ើបអង្កេតខាងព្រហ្មទណ្ឌវិញ។
កាសែត New York Times បានរាយការណ៍លើកដំបូងអំពីបញ្ហានេះកាលពីថ្ងៃព្រហស្បតិ៍ ដោយបានយោងដល់ប្រភព២។
ចំណាត់ការថ្មីនេះ ផ្តល់ឲ្យរដ្ឋអាជ្ញានាំមុខនូវលទ្ធភាពដើម្បីចេញដីកានិងបញ្ជីឈ្មោះទៅឲ្យគណៈវិនិច្ឆ័យ។
លោក John Durham មេធាវីសហរដ្ឋអាមេរិកនៅរដ្ឋ Connecticut ជារដ្ឋអាជ្ញានាំមុខនៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌនេះ។
លោក Robert Mueller រដ្ឋអាជ្ញាពិសេស បានបញ្ចប់នៅដើមឆ្នាំនេះនៅក្នុងរបាយការណ៍របស់លោកស្តីពីលទ្ធភាពនៃការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦ ដែលមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីសម្រេចថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ឬយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបានឃុបឃិតជាមួយប្រទេសរុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ លោក Mueler បានសរសេរថា លោកមិនអាចឲ្យប្រធានាធិបតីត្រាំរួចពីការចោទប្រកាន់ពីការរារាំងយុត្តិធម៌ ហើយបានប្រគល់បញ្ហានេះទៅឲ្យលោក William Barr រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
លោក Barr បាននិយាយថា លោក មិនបានរកឃើញទេថា លោកប្រធានាធិបតី ត្រាំ បានរារាំងយុត្តិធម៌នោះ៕