ក្រសួងយុត្តិធម៌អាមេរិកបានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើការចោទប្រកាន់អំពីការបំពានផ្លូវភេទលើកុមារនៅក្នុងព្រះវិហារសាសនាគ្រិស្តនិកាយរ៉ូម៉ាំង កាតូលិក នៅរដ្ឋ Pennsylvania ដែលស្ថិតនៅប៉ែកខាងកើតសហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់អ្នកដែលបានដឹងអំពីការស៊ើបអង្កេតនេះ។
ប្រភពព័ត៌មាន ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការិយាល័យរបស់រដ្ឋអាជ្ញាអាមេរិកនៅក្នុងក្រុង Philadelphia កាលពីពេលថ្មីៗនេះបានចេញដីកាកោះហៅនានា នៅទូទាំងរដ្ឋ។
ពីដំបូងឡើយ ការស៊ើបអង្កេតនោះត្រូវបានរាយការណ៍ដោយបណ្តាញសារព័ត៌មាន Associated Press ហើយបន្ទាប់មករបាយការណ៍មួយរបស់ចៅក្រមក្នុងរដ្ឋ Pennsylvania កាលពីខែ សីហា បានគូសបញ្ជាក់ថា អាចារ្យសាសនាគ្រិស្តនិកាយកាតូលិកជាង៣០០នាក់នៅក្នុងរដ្ឋនេះ បានបំពានផ្លូវភេទកុមារអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ហើយថា មេដឹកនាំព្រះវិហារសាសនាគ្រិស្តទាំងនោះព្យាយាមបិទបាំងរឿងនេះ៕