សមាជិកព្រឹទ្ធសភាអាមេរិកលោក John McCain ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ក្នុងអាយុ ៨១ ឆ្នាំ ដោយសារជំងឺមហារីកខួរក្បាល នឹងត្រូវបានផ្ដល់កិត្តិយសនៅឯពិធីបុណ្យសព និងបុណ្យរំឭកវិញ្ញាណក្ខន្ធរបស់លោកនៅក្នុងរដ្ឋ Arizona និងរដ្ឋធានី Washington។
ដំបូង សពរបស់លោក McCain នឹងត្រូវតម្កល់នៅឯអាគារ Arizona State Capitol ដែលនៅទីនោះពិធីបុណ្យសពជាលក្ខណៈឯកជននឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ដែលនឹងត្រូវជាថ្ងៃកំណើតទី ៨២ ឆ្នាំរបស់លោក។ សាធារណជននានានឹងអាចគោរពសពរបស់លោកបាននៅទីនោះ។
ហើយនៅថ្ងៃព្រហស្បតិ៍ ពិធីបុណ្យគោរពវិញ្ញាណក្ខន្ធជាលក្ខណៈឯកជននឹងធ្វើឡើងនៅឯព្រះវិហារគ្រិស្តសាសនា North Phoenix Baptist Church។
រីឯនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនវិញ សពរបស់លោក McCain នឹងត្រូវតម្កល់នៅឯអាគារសភានៅថ្ងៃសុក្រ។ សាធារណជននឹងត្រូវអញ្ជើញឲ្យចូលគោរពសពរបស់លោក។
លោក McCain នឹងក្លាយជាសមាជិកព្រឹទ្ធសភាទី ១៣ ដែលនឹងត្រូវតម្កល់នៅឯផ្នែកចំណុចកណ្ដាលដែលហៅថា Capitol Rotunda នៃអាគារសភា ដែលនេះជាកិត្តិយសមួយរក្សាទុកសម្រាប់ «ពលរដ្ឋដ៏ប្រសើរឧត្ដុង្គឧត្ដមបំផុត» របស់ប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារ Architect of the Capitol។
ពិធីគោរពវិញ្ញាណក្ខន្ធនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននឹងត្រូវធ្វើឡើងនៅឯព្រះវិហារគ្រិស្តសាសនា Washington National Cathedral នៅថ្ងៃសៅរ៍។ លោកអតីតប្រធានាធិបតី Barack Obama និងលោកអតីតប្រធានាធិបតី George W. Bush ត្រូវគេរំពឹងថានឹងថ្លែងសុន្ទរកថានៅឯពិធីនោះ។
សពរបស់លោក McCain នឹងត្រូវកប់នៅឯទីបញ្ចុះសព U.S. Naval Academy Cemetery នៅក្នុងទីក្រុង Annapolis រដ្ឋ Maryland៕