ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីតាលី​ប្រារព្ធ​​ទិវា​​កាន់​ទុក្ខ​បន្ទាប់​ពីការ​បាក់​ផ្លូវ​ស្ពាន​ដែល​សម្លាប់​មនុស្ស​៤២​នាក់


ស្ពាន​ Morandi ដែល​បាន​បាក់​នៅ​ប្រទេស​អីតាលី ក្នុង​ទីក្រុង​ Genoa កាល​ពី​ថ្ងៃទី​១៦ សីហា ២០១៨។

ប្រទេស​អ៊ីតាលី​កំពុង​ប្រារព្ធទិវាកាន់​ទុក្ខ​កាលពី​ថ្ងៃសៅរ៍​ បន្ទាប់​ពី​ការ​បាក់​រលំ​ផ្លូវ​ស្ពាន​នៅ​កំពង់​ផែ ​Genoa ​ដែល​បាន​សម្លាប់​មនុស្ស​៤២​នាក់។​

ស្នូរ​ទះដៃបាន​ផ្ទុះ​ឡើង​នៅ​ឯ​ពិធីបុណ្យ​សព​ក្នុង​ទីក្រុង​ Genoa ​នៅ​ពេលអ្នក​ជួយ​សង្គ្រោះ​និងសមាជិក​ផ្នែក​ការពារ​សុវត្ថិភាព​ជន​ស៊ីវិល​បាន​មក​ដល់​ដើម្បី​ចូល​រួមក្នុង​ពិធី​បុណ្យ​អ្នក​ដែល​បាន​ស្លាប់​នៅ​ពេល​ដែល​ស្ពាន ​Morandi ​បាន​បាក់​រលំ។ ​

ជ្ញាធរបាន​យក​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍នៅ​តំបន់ ​Genoa Fair ធ្វើ​ជា​ព្រះវិហារ​រៀបចំ​ពិធីនេះ។ ​អគារ​នេះត្រូវ​បាន​តុប​តែង​ដោយ​ផ្កា​និង​រូប​ថត។ ​មឈូស​ចំនួន​១៨ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ផ្កា​កុលាប​ពណ៌​ស​រួមទាំង​សាក​សព​អ្នក​កាន់​សាសនា​ជន​ជាតិអាល់​បានី​ពីរ​នាក់​ដែល​បាន​ស្លាប់និង​ក្ដារ​មឈូស​ពណ៌​ស​តូច​មួយ​សម្រាប់​ជនរង​គ្រោះ​វ័យ​ក្មេង​អាយុ​៨​ឆ្នាំ​ម្នាក់​ដែល​បាន​ស្លាប់​ជា​មួយ​ឪពុក​ម្តាយ។

​អេក្រង់​ដ៏​ធំមួយ​ត្រូវ​បានរៀប​ចំ​ឡើង​នៅ​ខាង​ក្រៅ​មជ្ឈ​មណ្ឌល​នេះ​សម្រាប់​ជនជាតិ​អ៊ីតាលី​ផ្សេង​ទៀត​ទស្សនា នៅ​ទូទាំង​ប្រទេស​និង​ភ្ញៀវទេសចរ ដែល​បាន​ចេញ​ចូល​រួម​ពិធី​នេះ។ ​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា ​ពួក​គេ​បាន​ចេញ​មកដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​សាច់​ញាតិ​របស់​ជន​រងគ្រោះ​ដោយសារ​អ្វី​ដែល​បាន​កើត​ឡើងនេះ​ក៏​អាចបង្ក​គ្រោះ​ថ្នាក់ចំពោះ​មនុស្ស​គ្រប់​រូប។

ព្រះចៅ​អធិការ​ Angelo Bagnasco ​នៃ​តំបន់ ​Genoa​បាន​ធ្វើជា​អធិបតី​នៃ​ពិធី​ដ៏​ឧឡារិក​នេះ។ មន្ត្រី​ជាន់​ខ្ពស់​អ៊ីតាលី​ និង​អ្នក​នយោបាយ​ រួមទាំង​លោក Sergio Mattarella ​ជា​ប្រមុខ​រដ្ឋ ​និង​លោក​នាយក​រដ្ឋមន្រ្តី ​Giuseppe Conte ​បាន​ចូលរួម​ក្នុងពិធី​នេះ​ដែរ។

​ប៉ុន្តែ​មិន​មែន​គ្រួសារ​ទាំង​អស់​របស់​ជន​រង​គ្រោះ​បាន​យល់​ព្រម​ចូលរួម​ទេ។​ គ្រួសារមួយ​ចំនួន​បាន​សម្រេច​បញ្ចុះ​សព​សាច់ញាតិ​របស់​ពួក​គេ​នៅ​ស្រុក​កំណើត​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បដិសេធ​មិន​ចូល​រួម​ដោយ​មានកំហឹង​ព្រោះ​យល់​ថា ​ពួកគេ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ក្នុង​គ្រោះ​ថ្នាក់​នេះដោយ​សារ​ការថែទាំ​ផ្លូវ​មិន​បាន​ត្រឹម​ត្រូវ។ ​

លោក​ប្រធានាធិបតី ​Sergio Mattarella ​បាន​ទៅ​ជួប​អ្នក​រងរបួស​នៅ​មន្ទីរពេទ្យ​ មុន​ពេល​ចូល​រួមក្នុង​ពិធី​នេះ។ លោក​បាន​និយាយ​ថា ​វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​ ​គួរ​ឱ្យ​ភ័យ​ខ្លាច​ជា​សោកនាដកម្ម​ដែល​មិន​ត្រឹម​តែ​វាយ​ប្រហារ​តំបន់ ​Genoa​ តែ​ប៉ុណ្ណោះ​ទេ​តែ​វាយ​ប្រហារ​ជាតិ​ទាំង​មូល៕

XS
SM
MD
LG