ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ចៅក្រម Brett Kavanaugh នឹង​ត្រូវ​ឡើង​សវនាការ​តែងតាំង​សម្រាប់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក


លោក Brett Kavanaugh បេក្ខជន​ចៅក្រម​នៅ​តុលាការ​កំពូល​អាមេរិក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក Mike Lee សមាជិក​ព្រឹទ្ធសភា នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។
លោក Brett Kavanaugh បេក្ខជន​ចៅក្រម​នៅ​តុលាការ​កំពូល​អាមេរិក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក Mike Lee សមាជិក​ព្រឹទ្ធសភា នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

គណៈកម្មការ​ព្រឹទ្ធសភា​មួយ​របស់​អាមេរិក​នឹងចាប់​ផ្តើម​បើក​សវនាការ​តែងតាំងនៅថ្ងៃ​ទី​អង្គារ ទៅ​លើ​ការ​តែងតាំង​ចៅក្រម​តុលាការ​សហព័ន្ធ លោក Brett Kavanaugh សម្រាប់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក ដែល​ជា​តំណែង​មួយ​មិន​មាន​អាជ្ញាយុកាល​នោះ​ទេ។ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សង្ឃឹម​ថា ការ​តែងតាំង​លោក Kavanaugh ជា​ចៅក្រម​តុលាការ​កំពូល​នឹង​ធ្វើ​ឲ្យ​មាន​អ្នក​អភិរក្ស​និយម​ភាគ​ច្រើន​នៅ​ក្នុង​តុលាការ​កំពូល​នេះ​ជាច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត។

លោក Kavanaugh នឹង​ប្រឈម​នឹង​សំណួរ​ពិបាកៗ​ជាច្រើន​ពី​សំណាក់​សមាជិក​សភា​នៅ​ក្នុង​គណៈកម្មការ​អង្គចៅក្រម​ព្រឹទ្ធសភា អំពី​ទស្សនៈ​របស់​លោក​ទៅ​លើ​បញ្ហា​ជាច្រើន រួម​ទាំង​ការ​រំលូត​កូន អំណាច​របស់​រដ្ឋអាជ្ញា​ពិសេស​ក្នុង​ការ​ស៊ើបអង្កេត​លើ​ករណី​លោក ត្រាំ និង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ជម្លោះ​រវាង​អ្នក​ជឿ​លើ​សាសនា​ផ្សេង​គ្នា សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ការ​ត្រួតត្រា​លើ​បរិស្ថាន និង​បញ្ហា​នានា​ជាច្រើន​ទៀត។ ​

សេតវិមាន​កំពុង​តែ​សង្ឃឹម​ថា ព្រឹទ្ធសភា​ទាំង​មូល​នឹង​សម្រេច​តែងតាំង​លោក Kavanaugh វ័យ​៥៣​ឆ្នាំ ឲ្យ​ធ្វើ​ជា​ចៅក្រម​ទី​៩​នៃ​តុលាការ​កំពូល នៅ​ក្នុង​ខែ កញ្ញា ​នេះ ដែល​ជា​ពេល​សមស្រប​មួយ​សម្រាប់​លោក​ក្នុង​ការ​ជំនួស​តំណែង​លោក​ចៅក្រម Anthony Kennedy ដែល​បាន​ចូល​និវត្តន៍​ ហើយ​តុលាការ​កំពូល​អាមេរិក​នឹង​ចាប់​ផ្តើម​អាណត្តិ​ថ្មី​នៅ​ថ្ងៃ​ទី ​១ ខែ តុលា​ ខាង​មុខ​នេះ។

លោក​ចៅក្រម Kennedy ជារឿយៗ ស្រប​តាម​ក្រុម​ចៅក្រម​តុលាការ​កំពូល​អភិរក្ស​និយម​ដែល​មាន​គ្នា​៤​នាក់ ប៉ុន្តែ​លោក​តែងតែ​បោះឆ្នោត​គាំទ្រ​ដល់​ចៅក្រម​សេរីនិយម​ក្នុង​ការ​បដិសេធ​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ហាមឃាត់​ការ​រំលូត​កូន ​ហាមឃាត់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឬ​ដាក់​កម្រិត​ទៅ​លើ​សាកលវិទ្យាល័យ​នានា​ក្នុង​ការ​ចាត់​វិធានការ​តឹងរ៉ឹង​ទទួល​យក​សិស្ស​ជា​ជនជាតិ​ភាគតិច​ឲ្យ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​របស់​ខ្លួន។

ផ្អែក​លើ​ការ​សម្រេច​រាប់រយ​ដែល​លោក Kavanaugh បាន​សរសេរ​នៅ​តុលាការ​សហព័ន្ធ អ្នកវិភាគ​ឯករាជ្យ​លើ​តុលាការ​កំពូល​ភាគច្រើន​កំពុង​តែ​ទស្សន៍ទាយ​ថា ប្រសិន​បើ​សម្រេច​តែងតាំង លោក Kavanaugh ជារឿយៗ នឹង​ត្រូវ​យល់​ស្រប​ជាមួយ​នឹង​ចៅក្រម​អភិរក្ស​និយម​ ជាជាង​បោះឆ្នោត​បដិសេធ​ទៅ​លើ​បញ្ហា​សំខាន់ៗ​នានា​ដូច​កាល​ពី​ពេល​ដែល​លោក Kennedy កាន់​តំណែង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG