ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានរកឃើញ «បណ្ដុំឯកសារមួយចំនួនតូច» ដែលអាចមានព័ត៌មានអំពីសារទំនាក់ទំនងឯកជនរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ជាមួយនឹងក្រុមមេធាវីរបស់លោក ដែលឯកសារទាំងនេះគួរតែត្រូវបានដកចេញពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើឯកសារសម្ងាត់ខ្លាំងដែលបានរឹបអូសពីភូមិគ្រឹះរបស់លោកនៅរដ្ឋ Florida កាលពី៣ សប្ដាហ៍មុន។
នៅក្នុងការដាក់ឯកសារជូនតុលាការនៅរដ្ឋ Florida កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាបាននិយាយថា ពួកគេនឹងផ្ដល់ព័ត៌មានបន្ថែមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខអំពីអ្វីដែលពួកគេបានរកឃើញនៅក្នុងប្រអប់ឯកសារចំនួន ២០ ដែលភ្នាក់ងារនៃទីភ្នាក់ងារសហព័ន្ធស៊ើបអង្កេត (FBI) បានដកហូតពីភូមិគ្រឹះរបស់លោក Trump ក្នុងអំឡុងការឆែកឆេរដែលមានការអនុញ្ញាតពីតុលាការ។
ឯកសារដែលបានដកហូតនៅក្នុងការឆែកឆេរដែលមិនប្រកាសឱ្យដឹងជាមុនកាលពីថ្ងៃទី ៨ ខែសីហាកន្លងទៅនេះរួមមានទាំងឯកសារចំនួន ១១ ដែលដាក់ស្លាកថាជាឯកសារសម្ងាត់ផ្នែកសន្តិសុខជាតិក្នុងកម្រិតផ្សេងៗគ្នាផងដែរ ដែលលោក Trump បានយកទៅជាមួយនៅពេលលោកបញ្ចប់អាណត្តិជាប្រធានាធិបតីកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ជាជាងប្រគល់ឯកសារទាំងនោះទៅឱ្យប័ណ្ណសារដ្ឋានជាតិសហរដ្ឋអាមេរិកដូចដែលច្បាប់តម្រូវ។
ដីកាឆែកឆេររបស់តុលាការដែលបានអនុញ្ញាតឱ្យភ្នាក់ងារ FBI ស្វែងរកឯកសារទាំងនោះ បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងស៊ើបអង្កេតថាតើមានការរំលោភច្បាប់ណាមួយកើតឡើងផ្នែកចារកម្មឬក៏ផ្នែករារាំងដំណើរការយុត្តិធម៌ ឬក៏អត់។
ប៉ុន្តែ នៅក្រោមនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌរបស់សហរដ្ឋអាមេរិក សារទំនាក់ទំនងណាមួយទោះក្នុងលក្ខណៈជាលាយលក្ខណ៍អក្សរឬក៏ជាការសន្ទនាផ្ទាល់មាត់ក៏ដោយរបស់លោក Trump ជាមួយនឹងមេធាវីរបស់លោក អាចត្រូវបានចាត់ទុកថាជាបុព្វសិទ្ធិ។
ហេតុដូចនេះហើយ ព័ត៌មានដែលបានមកពីសារទំនាក់ទំនងរវាងមេធាវីនិងកូនក្ដីដូចនេះមិនអាចត្រូវបានរដ្ឋអាជ្ញាប្រើនោះទេ ប្រសិនបើនៅទីបំផុតក្រសួងយុត្តិធម៌ចាត់វិធានការមិនធ្លាប់មានពីមុនមកនៅក្នុងការបន្តចោទប្រកាន់ព្រហ្មទណ្ឌលើលោក Trump។ ប៉ុន្តែ នៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតនេះ គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើក្រសួងយុត្តិធម៌នឹងធ្វើដូច្នេះឬក៏អត់៕
សារទំនាក់ទំនងខ្លះរវាងលោក Trump និងមេធាវីត្រូវបានរកឃើញក្នុងចំណោមឯកសារសម្ងាត់ដែលរឹបអូសពីភូមិគ្រឹះរបស់លោក
វ៉ាស៊ីនតោន —