ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ចង់​ដាក់​សម្ពាធ​ដល់​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ


បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​ឯកភាព​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​លះបង់​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន Shinsuke Sugiyama បាន​និយាយ​ថា៖ «គ្រោះថ្នាក់​ផ្នែក​សន្តិសុខ​នា​ពេល​បច្ចុប្បន្ន​នេះ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង បាន​ឈាន​ដល់​កម្រិត​នៃ​ការ​គំរាមកំហែង​ថ្មី​មួយ​ផ្សេង​ទៀត។ ខ្ញុំ​គិត​ថា យើង​ត្រូវ​មាន​វិធានការ​ផ្សេង​ពី​វិធានការ​កន្លង​មក ដែល​អាច​ដោះស្រាយ​នូវ​បញ្ហា​នេះ​បាន»។

លោក Shunsuke Sugiyama បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ទីក្រុង​តូក្យូ ដែល​នៅ​ទី​នោះ លោក​បាន​ជួប​ជាមួយ​នឹង​លោក​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken និង​លោក​អនុ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង Lim Sung-nam។

សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ជា​សមាជិក​នៃ​ក្រុម​ពិភាក្សា ៦ ភាគី ដែល​បាន​ជាប់​គាំង​នៅ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ចរចា​នៅ​ក្នុង​ឆ្នាំ ២០០៩។

លោក Antony Blinken ថា៖ «គោល​នយោបាយ​របស់​យើង​មិន​បាន​ផ្លាស់ប្ដូរ​ទេ។ យើង​នឹង​មិន​ទទួល​ស្គាល់​ប្រទេស​កូរ៉េ​ខាង​ជើង​ថា​ជា​ប្រទេស​ដែល​ខ្លាំងក្លា​ខាង​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។ យើង​នឹង​មិន​ទទួល​ស្គាល់​ការ​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា គោល​បំណង​គឺ​ចង់​អំពាវនាវ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រឡប់​មក​កាន់​តុ​ចរចា​វិញ ដើម្បី​ការ​ពិភាក្សា «ដែល​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​ល្អ»៕

XS
SM
MD
LG