ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងអាចធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរមួយលើកទៀតនៅពេលណាមួយជាក់ជាមិនខាន។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-gyun បានបដិសេធមិនផ្ដល់ព័ត៌មានលំអិតបន្ថែមពីលើការដែលលោកបាននិយាយថា ការសាកល្បងអាវុធនុយក្លេអ៊ែរដែលមានសក្ដានុពលមួយអាចធ្វើឡើងនៅក្នុងផ្លូវរូងដែលទុកចោលមួយកន្លែងនៅឯការដ្ឋាន Punggy-ri ដែលនៅការដ្ឋាននេះ ប្រទេសកូរ៉េខាងជើងពីមុនធ្លាប់បានអនុវត្តនូវការសាកល្បងមួយចំនួន ដែលការសាកល្បងទាំងនោះគឺជាកិច្ចប្រឹងប្រែងដើម្បីផលិតនូវក្បាលគ្រាប់អាវុធនុយក្លេអ៊ែរដែលអាចដាក់ឲ្យត្រូវពីលើគ្រាប់មីស៊ីល។
ការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើងបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ការសាកល្បងលើកនេះ ជាការសាកល្បងលើកទី ៥ និងមានឥទ្ធិពលខ្លាំងក្លាបំផុត ដែលប្រទេសកូរ៉េខាងជើងបានធ្វើកន្លងមក។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបដិសេធនូវការសាកល្បងនេះ ដោយលើកឡើងថា ករណីនេះជាការរំលោភយ៉ាងច្បាស់លាស់ចំពោះការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងកាលពីទសវត្សកន្លងទៅនេះ ដែលការដាក់ទណ្ឌកម្មនេះជាការឆ្លើយតបទៅនឹងសកម្មភាពអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងចាត់វិធានការសមស្របមួយចំនួនដើម្បីជាការឆ្លើយតបចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ។
សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានសហការជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងជើង នៅក្នុងកិច្ចពិភាក្សា ៦ ភាគី ដែលមានគោលបំណងក្នុងការទប់ទល់នឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ដោយការផ្ដល់ជាជំនួយ ប៉ុន្តែការចរចាទាំងនោះបានទទួលបរាជ័យនៅក្នុងឆ្នាំ ២០០៩៕