ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានផ្សព្វផ្សាយនូវបញ្ជីអនុម័តដោយសភាមួយ ដែលមានរាយឈ្មោះអ្នកនយោបាយ និងអ្នកជំនួញរុស្ស៊ី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Vladimir Putin បន្ថែមទៅនឹងទំនាក់ទំនងរបស់បុគ្គលទាំងនេះជាមួយនឹងមេដឹកនាំកំពូលៗ និងទ្រព្យសម្បត្តិគ្មានជាប់បំណុលរបស់ពួកគេផងដែរ។
បញ្ជីឈ្មោះបុគ្គលជាង ២ រយនាក់នេះ មិនមានបញ្ជាក់អំពីការដាក់ទណ្ឌកម្មថ្មីណាមួយនោះទេ ទោះបីជាបុគ្គលនេះមួយចំនួននៅជាប់ទណ្ឌកម្មដែលសហរដ្ឋអាមេរិកដាក់កាលពីលើកមុនក៏ដោយ។
កាលពីខែសីហា ឆ្នាំមុន ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាទាំងស្ទាក់ស្ទើរលើច្បាប់មួយដែលត្រូវបានអនុម័តស្ទើរតែជាឯកច្ឆន្ទដោយសភា។ ច្បាប់នោះមានគោលបំណងដាក់ទណ្ឌកម្មលើរុស្ស៊ីសម្រាប់ការជ្រៀតជ្រែករបស់ប្រទេសនេះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។
លោក Trump បានបញ្ជាក់នៅពេលនោះថា ច្បាប់នេះ «រំលោភទៅលើអំណាចនីតិប្រតិបត្តិ មិនបានផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុនអាមេរិក និងបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអឺរ៉ុប»។
ច្បាប់នេះទុកពេល ១៨០ ថ្ងៃឲ្យរដ្ឋាភិបាលលោក Trump បង្កើតបញ្ជីឈ្មោះបុគ្គលរុស្ស៊ី ដែលក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងមន្ត្រីកំពូលៗនៃទីភ្នាក់ងារចារកម្មរុស្ស៊ីផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov ដែលស្ថិតនៅក្នុងបញ្ជីនោះដែរ បានហៅវិធានការរបស់សហរដ្ឋអាមេរិកថាជាវិធានការដែល «មិនដែលមានពីមុនមក» និងបាននិយាយថា សហរដ្ឋអាមេរិកចាត់ទុកមនុស្សគ្រប់គ្នាថាជាសត្រូវរបស់ខ្លួន។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលរុស្ស៊ីនឹងចំណាយពេលដើម្បីវិភាគទៅលើបញ្ជីឈ្មោះនេះ៕