អាមេរិកនឹងផ្តល់ជំនួយផ្នែកយោធាចំនួន ៣៨ពាន់លានដុល្លារដល់អ៊ីស្រាអែល សម្រាប់ពេលមួយទសវត្សរ៍ ដែលនេះគឺជាកញ្ចប់ជំនួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ក្រោមកិច្ចព្រមព្រៀងមួយដែលត្រូវបានប្រកាសឲ្យដឹងនៅក្នុងសប្តាហ៍នេះ ហើយបានចុះហត្ថលេខាកាលពីថ្ងៃពុធម្សិលមិញនេះ។ កិច្ចព្រមព្រៀងដែលទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍មុននេះ នឹងអនុញ្ញាតឲ្យអ៊ីស្រាអែលធ្វើបច្ចុប្បន្នកាលយន្តហោះចម្បាំងភាគច្រើនរបស់ខ្លួន ដើម្បីជួយដល់ទាហានជើងគោកនិងដើម្បីពង្រឹងប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន នេះបើយោងតាមមន្ត្រីកំពូលរបស់អាមេរិកដែលបានថ្លែងឲ្យដឹង។ ក្នុងខណៈពេលដែលកញ្ចប់ថវិកានេះគឺជាការផ្តល់ជំនួយយោធាដ៏ធំបំផុតរបស់អាមេរិកដែលមិនធ្លាប់មានពីមុនមកក៏ដោយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក៏បានផ្តល់ជាសម្បទានទៅឲ្យអាមេរិកវិញផងដែរ នេះបើយោងតាមក្រុមមន្ត្រីនៃភាគីទាំងពីរដែលបានថ្លែងឲ្យដឹង៕