ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានជួបប្រជុំជាមួយរដ្ឋមន្ត្រីកិច្ចការយុទ្ធ សាស្ត្រអ៊ីស្រាអែល កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីពិភាក្សាពីការផ្លាស់ប្តូរនៃ «ដំណាក់ការថ្មីមួយ» នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
កិច្ចប្រជុំនោះបានផ្តល់ឱកាសនៃការពិភាក្សាគ្នាមួយអំពើវីធីនានា ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា ដែលកំពុងរងការហែកហួរដោយសង្គ្រាម និងការកាត់បន្ថយភាពគ្រោះថ្នាក់លើជនស៊ីវិលផងដែរ។ នេះបើតាមការលើកឡើងរបស់មន្ត្រីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ។
ការជួបពិភាក្សាគ្នានោះក៏ជាឱកាសមួយផងដែរក្នុងការលើកឡើងពីអន្តរកាលទៅរកជំហានថ្មីមួយនៅក្នុងសង្គ្រាម ដែលផ្តោតជាសំខាន់តែទៅលើគោលដៅនៃក្រុមហាម៉ាស់ប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរូបនោះ។
កិច្ចប្រជុំពិភាក្សានេះកើតមានឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនបានយល់ព្រមលើសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យមានការផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សាក្នុងទ្រង់ទ្រាយធំ។
ពលរដ្ឋចំនួន ២លាន ៤សែននាក់ ក្នុងតំបន់ហា្កហ្សា កំពុងទទួលរងការខ្វះខាតទឹក ម្ហូប ប្រេង ឥន្ធនៈនិងថ្នាំសង្កូវយ៉ាងខ្លាំង ដោយមានជំនួយខ្លះៗតែប៉ុណ្ណោះដែលអាចដឹកចូលក្នុងតំបន់នេះបាន។
សង្គ្រាមដ៏បង្ហូរឈាមក្នុងតំបន់ហ្កាហ្សាកើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស់បានធ្វើការវាយប្រហារទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយសម្លាប់មនុស្សអស់ប្រមាណ១.១៤០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ នេះបើតាមភ្នាក់ងារសារព័ត៌មាន AFP ដែលផ្អែកលើតួលេខរបស់អ៊ីស្រាអែល។
ក្នុងការវាយប្រហារលើអ៊ីស្រាអែលនោះ ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងចំនួន ២៥០ នាក់ ហើយដែលនៅពេលនេះនៅមានចំណាប់ខ្មាំង ១២៩ នាក់ នៅឡើយកំពុងស្ថិតក្នុងតំបន់ហ្កាហ្សា។
ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់ អ៊ីស្រាអែលក៏បានបើកការវាយប្រហារតាមអាកាសក្នុងទ្រង់ទ្រាយធំមួយ និងធ្វើការឡោមព័ទ្ធតំបន់ហ្កាហ្សាជាមួយនឹងការវាយលុកតាមជើងគោកផងដែរ។ យុទ្ធនាការវាយលុករបស់អ៊ីស្រាអែលនេះបានសម្លាប់មនុស្សប្រមាណ ២០.៩១៥ នាក់។ នេះបើយោងទៅលើតួលេខរបស់ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។
សេតវិមានបាននិយាយថាកិច្ចប្រជុំកាលពីថ្ងៃអង្គារនេះក៏នឹងផ្តល់ឱកាសមួយបន្ថែមទៀត សម្រាប់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ក្នុងការពិភាក្សាគ្នាលើបញ្ហាសន្តិសុខនិងការគ្រប់ គ្រងតំបន់ហ្កាហ្សាក្នុងពេលខាងមុខ គោលនយោបាយនាពេលអនាគតសម្រាប់ពលរដ្ឋប៉ាឡេស្ទីន ការងារបន្តក្នុងការធ្វើឱ្យមានប្រក្រតីភាពឡើងវិញ និងការធ្វើសមាហរណកម្មជាដើម៕