ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិប៉ាឡេស្ទីនគ្មានអារម្មណ៍រីករាយនៅថ្ងៃបុណ្យណូអែលពេលដែលអ៊ីស្រាអែលបាញ់ផ្លោងដាក់តំបន់ហ្កាហ្សា


ជនជាតិប៉ាឡេស្ទីននាំគ្នា​ពិនិត្យមើល​កន្លែងដែលត្រូវបាន​បំផ្លាញ​ដោយការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល នៅ​ជំរំ Maghazi នៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
ជនជាតិប៉ាឡេស្ទីននាំគ្នា​ពិនិត្យមើល​កន្លែងដែលត្រូវបាន​បំផ្លាញ​ដោយការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល នៅ​ជំរំ Maghazi នៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ជនជាតិ​ប៉ាឡេស្ទីន​បាន​និយាយ​ថាពួកគេ​គ្មាន​អារម្មណ៍​រីករាយ​នោះ​ទេ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​នេះ ដោយសារតែ​អ៊ីស្រាអែល​បាន​បាញ់​ផ្លោង​ដាក់​តំបន់​ហ្កាហ្សា​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​មិន​ដឹង​ថា​សង្គ្រាម​ដែល​ក្រុម​ហាម៉ាស់​អះអាង​ថា ​បាន​សម្លាប់​មនុស្ស​ជាង ២០.០០០ នាក់​ នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌ មាន AFP។

ការប្រារព្ធ​ពិធីបុណ្យ​ណូអែល​ដ៏​សប្បាយ​រីករាយ​នេះ​ត្រូវ​បាន​លុបចោល​នៅ​ក្នុងទីក្រុង Bethlehem នៃ​តំបន់ West Bank ដែល​ជា​កន្លែង​ដែល​គេ​គោរព​ចាត់ទុក​ជា​ទីកន្លែង​កំណើត​របស់​ព្រះយេស៊ូគ្រិស្ត ដោយ​មាន​អ្នក​បន់ស្រន់​ឬ​ក៏​អ្នក​ទេសចរ​តិចតួច​ប៉ុណ្ណោះ​នៅ​តាម​ដង​ផ្លូវ​ដែល​ជា​ទូទៅ​ពោរពេញ​ដោយ​មនុស្ស។

នៅ​ក្នុង​តំបន់​ហ្កាហ្សា ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច១៨នាក់​ស្លាប់​នៅ​ក្នុង​ទីក្រុង Khan Yunis នៅ​ភាគ​ខាង​ត្បូង។ ទីក្រុង​នេះ​គឺ​ជា​ចំណុច​កណ្ដាល​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​ពេល​ថ្មីៗ​នេះ។

នៅ​ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង លោក Fadi Sayegh ដែល​ក្រុម​គ្រួសារ​របស់​លោក​ធ្លាប់​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Bethlehem ដើម្បី​ប្រារព្ធ​បុណ្យ​គ្រឹស្ត ម៉ាស​បាន​និយាយ​ថា​លោក​នឹង​មិន​ប្រារព្ធ​ពិធីបុណ្យ​នេះ​ទេ​នៅ​ឆ្នាំ​នេះ។

លោក​បាន​និយាយ​នៅ​ពេល​ដែល​លោក​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​លាង​ឈាម​ថា៖ «គ្មាន​ភាព​រីករាយ​អ្វី​ទេ។ គ្មាន​ដើមឈើ​លំអ​សម្រាប់​បុណ្យ​ណូអែល​ទេ។ គ្មាន​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​គ្រួសារ​ទេ។ គ្មាន​ការ​ប្រាព្ធ​អ្វី​ទាំងអស់។ ខ្ញុំ​បន់​ឱ្យ​សង្គ្រាម​នេះ​ចប់​ឱ្យ​ឆាប់ៗ»។

សង្គ្រាម​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​យុទ្ធជន​ក្រុម​ហាម៉ាស់​បាន​វាយ ​ប្រហារ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​និង​បាន​សម្លាប់​មនុស្ស​ប្រហែល ១.១៤០ នាក់​ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល និង​បាន​ចាប់​មនុស្ស ២៥០ នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង។ នេះ​បើ​យោង​តាម​តួលេខ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​ផ្អែក​លើ​តួលេខ​របស់​អ៊ីស្រាអែល។

ដើម្បី​ជា​ការតបត​ទៅ​វិញ អ៊ីស្រាអែល​បាន​សន្យា​កម្ទេច​ក្រុម​ហាម៉ាស់​និង​យុទ្ធនាការ​យោធា​របស់​ក្រុម​នេះ ដែល​រួម​មាន​ទាំង​ការ​ទម្លាក់​គ្រាប់​បែក​តាម​អាកាស​ដ៏​ខ្លាំងក្លា​ផង​ដែរ។

យុទ្ធនាការ​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស ២០.៤២៤ នាក់​ស្លាប់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​និង​កុមារ។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា។

សម្ដេច​ប៉ាប Francis បាន​ចាប់ផ្ដើម​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​ជា​សាកល​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​ការ​អំពាវនាវ​ឱ្យ​មាន​សន្តិភាព។

ព្រះអង្គ​បាន​ថ្លែង​ថា៖ «ពួក​យើង​មាន​អារម្មណ៍​អាណិតអាសូរ​ចំពោះ​តំបន់​ហ្កាហ្សា ប្រជាជន​ទាំង​អស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា ប៉ុន្តែ​មាន​អារម្មណ៍​អាណិត​អាសូរ​ជាពិសេស​ចំពោះ​សហគមន៍​គ្រិស្ត​សាសនា​របស់​យើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​កំពុង​រង​ការ​ឈឺចាប់»៕

XS
SM
MD
LG