ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​រង​ការ​រិះគន់​ដោយសារ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ


លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សារព័ត៌មាន​អំពី​ការ​ដក​ខ្លួន​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាំតិ នៅ​ក្រសួង​ការបរទេស​ រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។

អ្នក​តស៊ូ​មតិ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​នានា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រកាស​របស់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៩ ខែ​មិថុនា​កន្លង​ទៅ​នេះ នៅ​ក្នុង​ការ​ដក​សមាជិកភាព​របស់​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ ពួកគេ​បាន​បញ្ជាក់​ថា ប្រទេស​ដទៃ​ទៀត​ត្រូវ​ធ្វើ​អន្តរាគមន៍​លើ​រឿង​នេះ​ដើម្បី​ធានា​ឲ្យ​មាន​ការ​បន្ត​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ពិភព​លោក​លើ​រឿង​សិទ្ធិ​មនុស្ស។

ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដោយសារ​តែ​ប្រទេស​នេះ​បាន​ព្រមាន​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ ប្រសិន​បើ​ក្រុមប្រឹក្សា​នេះ​មិន​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​នោះ​ទេ។ មន្ត្រី​របស់​សហរដ្ឋ​អាមេរិក​ក៏​បាន​ចោទ​ប្រកាន់​ផង​ដែរ​ថា ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ដែល​មាន​សមាជិក​ចំនួន ៤៧ ប្រទេស​នេះ​មិន​មាន​ប្រសិទ្ធភាព។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ច្រាន​ចោល​ការ​រិះគន់​នេះ។

លោក Kenneth Roth នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ឯ​ទី​ក្រុង New York បាន​ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖ «ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​សម្រេច​នូវ​កិច្ចការ​ល្អៗ​ជា​ច្រើន​កន្លង​មក​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន ដូចជា​កូរ៉េខាងជើង មីយ៉ាន់ម៉ា ស៊ូដង់​ខាង​ត្បូង និង​ស៊ីរី​ជា​ដើម។ ប៉ុន្តែ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ផ្ដល់​ការ​យក​ចិត្ត​ទុកដាក់​តែ​ចំពោះ​ប្រទេស​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នេះ​ទៀត ដោយសារ​តែ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​រិះគន់​ខ្លាំងក្លា​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល បានជា​សហរដ្ឋ​អាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​នេះ​ដោយ​មិន​ផ្ដល់​តម្លៃ​ដល់​ក្រុមប្រឹក្សា​នេះ និង​ព្យាយាម​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​រិះគន់​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​ទៅ​លើ​អ៊ីស្រាអែល»។

មន្ត្រី​របស់​សហរដ្ឋអាមេរិក​ក៏​បាន​ចោទ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​ផង​ដែរ​ថា​បាន​ទទួល​យក​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នានា​នៅ​លើ​ពិភពលោក​ឲ្យ​ចូល​ជា​សមាជិក​របស់​ខ្លួន ដែល​ប្រទេស​ទាំង​នោះ​មាន​ដូចជា​ប្រទេស​ចិន គុយបា និង​វ៉េណេស៊ុយអេឡា​ជា​ដើម។ ប្រទេស​ចិន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​ភ្លាមៗ។

លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន បាន​ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖ «មនុស្ស​គ្រប់គ្នា​ដែល​គ្មាន​ភាព​លម្អៀង អាច​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​សមិទ្ធផល និង​ការ​វិវឌ្ឍ​ដ៏​អស្ចារ្យ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន។ អាកប្បកិរិយា​របស់​សហរដ្ឋអាមេរិក​ចំពោះ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នេះ បាន​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក»។

សកម្មជន​សិទ្ធិ​មនុស្ស​នានា​បាន​ថ្លែង​ថា ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​នេះ​នឹង​មិន​រារាំង​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​លើ​ពិភពលោក​នោះ​ទេ ប៉ុន្តែ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត។

អ្នកស្រី Sarah Margon នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ឯ​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «ករណី​នេះ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយតប​បែប​អវិជ្ជមាន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​វិញ​ផង​ដែរនៅ​ពេល​ដែល​ប្រទេស​នេះ​ធ្វើ​នូវ​រឿង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដូចជាការ​បំបែក​កុមារ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេហើយ​បែរ​ជា​លើក​ឡើង​ថាពួក​គេ​ត្រូវតែ​ធ្វើ​ដូច្នេះ​ពីព្រោះ​តែ​ច្បាប់​នោះ​ជា​ដើមដែល​តាម​ការ​ពិត វា​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ»។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ ទី២០ ខែ​មិថុនា ថាសហរដ្ឋ​អាមេរិក​នឹង​ឈប់​បំបែក​កុមារ​ពី​ក្រុម​គ្រួសារ​របស់​គេដែល​បាន​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​ម៉ិកស៊ិក​ហើយបន្ទាប់​ពី​ស្ថានភាព​វេទនា​របស់​កុមារ​ទាំង​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​ពី​សំណាក់​អន្តរជាតិ​មក។

លោក Bill Keating សមាជិក​សភា​ប្រចាំ​រដ្ឋ Massachuseth មក​ពី​គណបក្ស​ប្រជាធិបតេយ្យបាន​ថ្លែង​ថារដ្ឋបាល​របស់​លោក Trump មិន​បាន​ឆ្លុះបញ្ចាំង​ពី​អាកប្បកិរិយា​របស់​រដ្ឋាភិបាល​អាមេរិក​ទាំង​មូល​នោះ​ឡើយ។

លោក Bill Keating បាន​ថ្លែង​ថា៖ «សម្រាប់​មនុស្ស​ទូទៅ​នៅ​ជុំវិញ​ពិភពលោកនៅ​ពេល​ដែល​ពួកគេ​សម្លឹង​មើល​ទៅ​លើ​សកម្មភាព​ដូចនេះពួកគេ​គួរតែ​សម្លឹង​មើល​ទៅ​លើ​ស្ថាប័ន​ផ្សេងៗ​ទៀត​ផង​ដែរ​របស់​សហរដ្ឋអាមេរិកដូចជា​សភា​ជាដើមហើយ​នឹង​មើល​ទៅ​លើ​អ្វី​ដែល​ពួកគេ​បាន​លើក​ឡើង»។

អ្នក​តាមដាន​ស្ថានការណ៍​នានា​ក៏​យល់​ឃើញ​ផង​ដែរ​ថាការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​នានាដូចជា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជា​ដើមគឺ​ជា​លក្ខណៈ​សំគាល់​នៃ​របប​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នា​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះដែល​ប្រហែល​ជា​នឹង​មិន​បន្ត​ទៅ​រដ្ឋបាល​បន្ទាប់​របស់​សហរដ្ឋអាមេរិក​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ យូ សុធារី

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG