ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប មើល​ឃើញ​ការ​ដក​ខ្លួន​របស់​ស.រ.អា​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប​ ថា​ជា​រឿង​ថ្មី​មួយ


លោក Mike Pompeo រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក និង​លោក​ស្រី Nikki Haley ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការ​ដក​ខ្លួន​របស់​អាមេរិក​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប កាល​ពី​ថ្ងៃ​១៩ មិថុនា ២០១៨។

អង្គការ​សហ​ប្រជាជាតិ​បាន​ចាប់​ផ្តើម​ដំណើរការ​បំពេញ​អាសនៈ​ដែល​ទំនេរ​ ដោយ​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ ថា​ខ្លួន​លា​ឈប់​ពី​ស្ថាប័ន​ ដែល​មាន​សមាជិក​ចំនួន​៤៧​ប្រទេស​នេះ​ហើយ។

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​មិន​បាន​ធ្វើ​ឲ្យ​ខាត​ពេល​បន្តិច​សោះ​ឡើយ​ក្នុង​ការ​បត់​បែន​ឲ្យ​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​នៃ​ស្ថាប័ន​ខ្លួន។ ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​បាន​ដក​ស្លាក​ឈ្មោះ​របស់​សហរដ្ឋអាមេរិក​ពី​កន្លែង​ប្រជុំ​របស់​ប្រទេស​ចំនួន​៤៧។ អង្គការ​សហប្រជាជាតិ​បាន​យក​ស្លាក​ឈ្មោះ​សហរដ្ឋអាមេរិក​ទៅ​ដាក់​នៅ​ក្នុង​ចំណោម​ប្រទេស​អង្កេតការ​វិញ។

អ្នក​នាំ​ពាក្យ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ លោក​ Rolando Gomez បាន​ប្រាប់​វីអូអេ​ថា​ អសនៈ​ដែល​ទំនេរ​នេះ​ នឹង​ត្រូវ​បាន​បំពេញ​ដោយ​សមាជិក​ថ្មី​ដែល​នឹង​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​មហាសន្និបាត​នៃ​អង្គការ​សហ​ប្រជាជាតិ។

លោក​ Gomez បាន​ថ្លែង​ថា៖ «នេះ​ជា​រឿង​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​ទេ​ ដែល​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ ដក​ខ្លួន​ចេញ​។ ដូច្នេះ​ យើង​កំពុង​តែ​បន្តរ​ដំណើរ​ការ​យ៉ាង​ល្អ​បំផុត​ តាម​តែ​យើង​អាច​ធ្វើ​បាន​ទៅ​តាម​នីតិវិធី​សម​ស្រប»។

សមាជិក​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ពី​ប្រាំ​តំបន់​ គឺ​ តំបន់​អាហ្រ្វិក​ អាស៊ី​ អ៊ឺរ៉ុប​ខាង​កើត​ អាមេរិក​ខាង​ត្បូង និង​ខារីបៀន​ និង​ក្រុម​ប្រទេស​លោក​ខាងលិច។ លោក​ Gomez​ បាន​និយាយ​ថា អសនៈ​ដែល​ទំនេរ​របស់​សហរដ្ឋ​អាមេរិក​ នឹង​ត្រូវ​បំពេញ​ដោយ​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ក្រុម​ប្រទេស​លោក​ខាង​លិច​ រួម​មាន​ប្រទេស​កាណាដា​ ណូវែលសេឡង់​ អូស្រ្តាលី​ និង​អ៊ីស្រាអែល។

លោក​ Gomez​ បាន​បន្តរ​ទៀត​ថា៖ «តាម​ទ្រឹស្តី​ ប្រទេស​អ៊ីស្រាអែល​ អាច​ចូល​ជា​ជា​សមាជិក​ ពីព្រោះ​ប្រទេស​នេះ​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​លោក​ខាង​លិច។ ប្រទេស​ណា​មួយ​ក៏​ដោយ​ ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រទេស​លោក​ខាង​លិច​ មាន​សក្តានុពល​ អាច​បំពេញ​កៅអី​ដែល​ទំនេរ​នេះ​បាន»។

ផ្ទុយ​ពីការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​ លទ្ធផល​ដូច្នេះ​ គឺ​មិន​មែន​ជា​ការ​បាត់​បង់​សិទ្ធិ​ជា​សមាជិក​អង្កេតការ​ ដូច​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ បាន​ស្តីរ​បន្ទោស​ទៅ​លើ ​អង្គការ​សហប្រជាជាតិ​ ទៅ​លើ​អ្វី​ដែល​ហៅថា​ ជា​ពុតត្បុត​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ដែល​មាន​ភាព​លំអៀង​ប្រឆាំង​ទៅ​នឹង​ប្រទេស​អ៊ីស្រាអែល​ សម្រាប់​ការ​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​ខ្លួន​នោះ​ទេ។

លោក​ Gomez​ បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​ អាច​បន្ត​ចូលរួម​ និង​ដើរ​តួនាទី​ដ៏​មាន​ឥទ្ធិពល​ ក្នុង​នាម​ជា​សមាជិក​អង្កេតការ។ លោក​បាន​បន្ត​ថា​ វា​គឺ​ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចូលរួម​ ឬ​មិន​ចូលរួម​ជា​មួយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស។

លោក​ Gomez​ បាន​ថ្លែងបន្ត​ថា៖ «ភាព​ខុសគ្នា​ជា​ចំបង​រវាង​សមាជិក​ និង​សមាជិក​អង្កេតការ​ គឺ​ស្ថិត​នៅ​ត្រង់​ថា​សមាជិក​អាច​បោះឆ្នោត​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ ឯ​សមាជិក​អង្កេតការ​មិន​អាច​បោះឆ្នោត​បាន​ទេ។.......សហរដ្ឋ​អាមេរិក​ អាច​នឹង​មាន​លទ្ធភាព​ក្នុង​ការ​គាំទ្រ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ ជះ​ឥទ្ធិពល​លើ​ភាសា​ និង​សេចក្តី​សម្រេច​ផ្សេងៗ​របស់​ក្រុម​ប្រឹក្សា​នេះ​បាន។ ចំណុច​ខុសគ្នា​ជា​ចំបង​នោះ​គឺ​ថា​ សហរដ្ឋអាមេរិក​នឹង​មិន​អាច​បោះឆ្នោត​បាន​ទេ»។

ទោះ​ជា​សហរដ្ឋ​អាមេរិក អាច​បន្ត​ជះ​ឥទ្ធិពល​ដ៏​សម្បើម​ក្នុង​នាម​ជា​អ្នក​អង្កេតការណ៍​ក៏ដោយ​ ក៏​លោក​ Gomez កត់​សម្គាល់​ថា​ វា​តែង​តែ​មាន​ភាព​ប្រសើរ​ជាង​ក្នុង​ការ​ធ្វើ​ជា​សមាជិក​ ជា​ជាង​ជាអ្នក​អង្កេតការ​នៅ​ក្រៅ​សង្វៀន៕

ប្រែសម្រួលដោយ យូ សុធារី

XS
SM
MD
LG