ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​អ៊ីរ៉ង់​ចាត់ទុក​ការ​ចរចា​ដោយ​ប្រយោល​​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​​ថា​ជា​​ជំហាន​ស្ថាបនា​មួយ


លោក Enrique Mora មន្ត្រីជាន់ខ្ពស់តំណាងឲ្យសហភាពអឺរ៉ុប និងលោក Abbas Araghchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ អមដោយគណៈប្រតិភូនានា ចូលរួមកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ នៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១។

មន្ត្រី​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​បាន​ហៅ​ការពិភាក្សា​គ្នាក្នុង​ទីក្រុងវីយែន ប្រទេស​អូទ្រីស​ ថាបាន​ទទួល​ផល​ល្អ​ ស្របពេល​ដែល​ភាគី​ទាំងពីរនិង​ប្រទេស​ហត្ថលេខី​ផ្សេងៗទៀតនៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ឆ្នាំ​ ២០១៥ ​កំពុង​ធ្វើ​ការងាររបស់​ខ្លួន​ដើម្បីធ្វើ​ឲ្យកិច្ចព្រមព្រៀង​នេះ​មាន​ដំណើរការឡើង​វិញ។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោក​ Ned Price ​បាន​បញ្ជាក់​ថា ​ពុំ​មាន​ការរំពឹង​ទុក​ណា​មួយ​ស្តីពី​ការជួប​ចរចា​គ្នា​ដោយ​ផ្ទាល់​នោះ​ទេ​ សម្រាប់​ពេល​នេះ​ ប៉ុន្តែសហរដ្ឋ​អាមេរិក​ «បើកចំហទៅ​កាន់​ពួក​គេ ​ព្រោះ​យើងបើក​ចំហចំពោះការងារការទូត»។

លោក​បញ្ជាក់​ថា ​ការជួប​ពិភាក្សាគ្នា​ក្នុង​ទីក្រុង​វីយែននោះ ​«ជា​ជំហាន​ដ៏​សំខាន់​មួយ​ ស្របពេល​ដែល​យើង​កំពុងស្វែងរក​ការកំណត់​ថា តើ​អ្វីទៅ​ដែល​អ៊ីរ៉ង់​នឹង​ត្រៀម​ខ្លួនធ្វើ​ ដើម្បីវិល​ត្រឡប់​ទៅ​រក​ការអនុវត្តឡើង​វិញនូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ»​ ដែល​បានដាក់​កម្រិតដល់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដើម្បី​ទទួលបាន​ការដក​ចេញទណ្ឌកម្ម។

សហរដ្ឋ​អាមេរិកបាន​ដក​ខ្លួន​ចេញ​ពីកិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរអ៊ីរ៉ង់ ​ក្នុង​ឆ្នាំ​ ២០១៨ ​ក្រោម​រដ្ឋបាលរបស់អតីត​ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump ​និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់​ឡើង​វិញ។​

ជា​ការឆ្លើយ​តប​វិញ ប្រទេស​អ៊ីរ៉ង់​ក៏ឈប់​គោរព​ការសន្យា​របស់​ខ្លួនក្រោម​កិច្ច​ព្រម​ព្រៀង​នេះ ​ដោយ​បាន​ប្រមូល​ទុក​កាន់​តែ​ច្រើន​ជាង​មុននូវ​សារធាតុ​អ៊ុយរ៉ាញ៉ូម​ និង​បានបន្តចម្រាញ់សារធាតុ​នេះ​ក្នុង​កម្រិតខ្ពស់​ជាង​មុន​ថែម​ទៀត។

ភាគី​អាមេរិក​និង​អ៊ីរ៉ង់បាន​បង្ហាញ​ពី​ជំហរ​រៀងៗ​ខ្លួន​ក្នុង​ការវិល​ត្រឡប់​ទៅអនុវត្ត​កិច្ចព្រមព្រៀង​ទាំង​ស្រុង​ឡើង​វិញ ​ប៉ុន្តែ​ពុំ​មាន​ភាគី​ណា​មួយមាន​បំណង​ចង់​ចាប់​ផ្តើម​ការអនុវត្ត​មុន​នោះ​ឡើយ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG