សហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតមួយទៅលើការលើកឡើងនានា ដែលថា អត្តពលិករុស្សីរាប់សិបនាក់បានចូលរួមក្នុងកម្មវិធីរបស់រដ្ឋក្នុងការចាក់ថ្នាំបង្កើនកម្លាំងសម្រាប់កីឡាករ។ នេះបើយោងតាមការរាយការណ៍របស់កាសែតThe New York Times កាលពីថ្ងៃអង្គារ។
ក្រុមកីឡាករ មន្ត្រីរដ្ឋាភិបាលរុស្សី និងអាជ្ញាធរប្រឆាំងការប្រើថ្នាំបង្កើនកម្លាំង ព្រមទាំង អ្នកផ្សេងទៀត ដែលអាចបានទទួលផលប្រយោជន៍ពីផែនការប្រើថ្នាំបង្កើនកម្លាំងកីឡាករនេះ កំពុងត្រូវបានស៊ើបអង្កេតដោយការិយាល័យមេធាវី ប្រចាំសង្កាត់ញូវយ៉ក ឬ Eastern District of New York របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែតដដែល។
តាមធម្មតាសហរដ្ឋអាមេរិកមិនបើកការស៊ើបអង្កេតទៅលើការប្រើថ្នាំបង្កើនកម្លាំងសម្រាប់កីឡាករនេះទេ ប៉ុន្តែនៅពេលដែលបទល្មើសដែលគេចោទប្រកាន់ ពាក់ព័ន្ធនឹងការប្រកួតនៅក្នុងសហរដ្ឋអាមេរិក ឬពាក់ព័ន្ធនឹងគណនីធនាគារអាមេរិក នោះសហរដ្ឋអាមេរិកអាចបើកការស៊ើបអង្កេតបាន។
ក្រុមរដ្ឋអាជ្ញាក៏ត្រូវបានអនុញ្ញាតឲ្យដាក់សំណុំរឿងប្រឆាំងជនបរទេសដែលរស់នៅក្រៅប្រទេសជូនតុលាការផងដែរ ប្រសិនបើរដ្ឋអាជ្ញា អាចបង្ហាញភស្តុតាងថាមានការជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះ។
យោងតាមប្រភពពីរនាក់ ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបង្ហាញអត្តសញ្ញាណ ដោយសារពួកគេ មិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈអំពីរឿងនេះនោះ លោក វេជ្ជបណ្ឌិត Grigory Rodchenkov ដែលជាអតីតប្រធានមន្ទីរពិសោធន៍ប្រឆាំងការប្រើថ្នាំបង្កើនកម្លាំងកីឡាកររបស់ប្រទេសរុស្សី ក៏ស្ថិតក្នុងចំណោមមន្ត្រីរុស្សីជាច្រើននាក់ ដែលកំពុងត្រូវបានស៊ើបអង្កេតផងដែរ។
លោក វេជ្ជបណ្ឌិតរូបនេះ ត្រូវបានចោទប្រកាន់ថាបានបំពេញតួនាទីដ៏សំខាន់នៅក្នុងកម្មវិធីចាក់ថ្នាំបង្កើនកម្លាំងកីឡាករ ដែលឧបត្ថម្ភដោយរដ្ឋរុស្សី។ កម្មវិធីនេះ ត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយ កាលពីខែវិច្ឆិកាឆ្នាំមុនដោយទីភ្នាក់ងារអន្តរជាតិ ប្រឆាំងនឹងការប្រើថ្នាំបង្កើនកម្លាំងកីឡាករ៕