ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមមន្រ្តី​ស៊ើបការសម្ងាត់​អាមេរិក​មិនភ្ញាក់ផ្អើល​ចំពោះ​ការពង្រីក​ទីតាំង​ផលិតកាំជ្រួចមីស៊ីល​របស់​កូរ៉េខាងជើង​


រូបភាព​ឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន នៅក្នុង​ទីក្រុង​​ Yangdeok។
រូបភាព​ឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន នៅក្នុង​ទីក្រុង​​ Yangdeok។

កិច្ចប្រឹងប្រែង​របស់​កូរ៉េខាងជើង​ដើម្បី​បង្កើន​និង​ពង្រីក​ទីតាំង​ផលិតកាំជ្រួច​មីស៊ីល​វង់ប្រតិបត្តិការឆ្ងាយ​បាន​ធ្វើឡើង​ដោយ​គ្មាន​ការភ្ញាក់ផ្អើល​ពី​ក្រុមមន្រ្តី​ស៊ើបការសម្ងាត់​សហរដ្ឋអាមេរិក​ ជា​អ្នក​ដែល​តាមដាន​យ៉ាងប្រុងប្រយ័ត្ន​ទៅលើ​ការសន្យា​របស់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ក្នុងការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េទាំងមូល។ រូបភាពថ្មីៗ​ដែល​ប្រព័ន្ធ​ផ្កាយ​រណប​ចាប់បាន​ហាក់​បាន​បង្ហាញ​ពី​អ្វី​ដែល​ជា​ការពង្រីក​ទីតាំង​ផលិត​កាំជ្រួច​មីស៊ីល Yeongjeo-dong ដែល​ស្ថិត​នៅក្នុង​តំបន់ភ្នំ​ក្នុង​ប្រទេសកូរ៉េ​ខាងជើង​ ព្រមទាំង​ការសាងសង់​ទីតាំង​ថ្មី​ឈ្មោះ Hoejung-ri ដែល​ស្ថិត​នៅ​ចម្ងាយ​១១គីឡូម៉ែត្រ​ពី​ទីតាំង​ផលិត​កាំជ្រួច​មីស៊ីល Yeongjeo-dong ។

មន្រ្តីស៊ើបការ​សម្ងាត់​អាមេរិក​ម្នាក់​បាន​ប្រាប់ VOA នៅ​ពេល​សួរ​អំពី​រូបភាព​ទាំងនោះ​ថា«ការវិភាគ​របស់​យើង​គ្មាន​ការផ្លាស់ប្តូរ​នោះទេ។ កូរ៉េ​ខាងជើង​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ។ លុះត្រា​តែ​គម្រោង​នេះ​ត្រូវ​បាន​ដាក់ចេញ​ពេញលេញ​ ហើយ​ពួកគេ​បញ្ចប់​ការងារ​របស់​ពួកគេ​ បើ​មិន​ដូច្នោះ​ទេ​យើង​នៅ​តែ​មាន​ការសង្ស័យ​លើ​រឿង​នេះ»។

រូបភាពនានា​ដែល​បណ្តាញ​សារព័ត៌មាន CNN ទទួល​បាន​បង្ហាញ​ថា​កូរ៉េខាងជើង​បាន​ចាប់ផ្តើម​សាងសង់​ទីតាំង​ក្រោមដី​កាល​ពី​ឆ្នាំ២០១៧​ ហើយ​សំណង់​នោះ​នៅ​កំពុង​បន្ត​សាងសង់​នៅឡើយ​បើ​គិតត្រឹម​ខែ​សីហាឆ្នាំនេះ។

ក្រុមអ្នកសា្រវជ្រាវ​នៅ​ឯ​វិទ្យាស្ថាន​សិក្សាអន្តរជាតិ Middlebury ដែល​បាន​វិភាគ​ទៅលើ​រូបភាព​នានា​ដែល​ចាប់​បាន​ដោយ​ផ្កាយរណប​បាន​និយាយ​ថា​ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ទីតាំង​ផលិត​កាំជ្រួចមីស៊ីល Hoejung-ri ត្រូវ​បាន​កំណត់​ជា​សាធារណៈ និង​បាន​ពណ៌នា​អំពី​ការងារ​ដែល​បាន​ធ្វើ​នៅ​ទីនោះ​ថា​ជា​ការងារ​សំខាន់»។

ក្រុមអ្នកសា្រវជ្រាវ​បាន​និយាយ​ថា​ ផ្អែកតាម​ការងារ​ដែលត្រូវ​បាន​ធ្វើ​ និង​ទីតាំង​របស់​រោងចក្រ​ផលិតកាំជ្រួច​មីស៊ីល​នេះ​ ធ្វើ​ឲ្យ​គេសង្ស័យ​ថា​រោងចក្រ​នេះ​អាច​ផលិត​កាំជ្រួច​មីស៊ីល​វង់ប្រតិបត្តិការ​ឆ្ងាយ​ទំនើប​បំផុត​របស់​កូរ៉េខាងជើង​ដែល​មាន​សមត្ថភាព​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាញ់​ដល់​សហរដ្ឋអាមេរិក៕

XS
SM
MD
LG