ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបានថ្លែងថា លោករំពឹងថានឹងមានជំនួបកំពូលជាលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Unនៅខែមករាឬខែកុម្ភៈឆ្នាំក្រោយនេះ។
លោកប្រធានាធិបតី Donald Trump បានប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅ អំឡុងពេល ធ្វើដំណើរតាមយន្តហោះដឹកប្រធានាធិបតី Air Force One ត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលG២០ដែលបានធ្វើឡើងនៅក្នុងប្រទេសអាហ្សង់ទីន ដោយលោកបាននិយាយថាទីតាំងសម្រាប់រៀបចំជំនួបកំពូលបីកន្លែងកំពុងស្ថិតក្រោមពិចារណានៅឡើយ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់អំពីទីតាំងទាំងបីកន្លែងនេះទេ។
លោកTrumpបាននិយាយបន្ថែមទៀតថា លោកនិងលោក Kim កំពុងនិយាយត្រូវគ្នានិងមានទំនាក់ទំនងល្អជាមួយគ្នា។ លោកបានបញ្ជាក់ផងដែរថា នៅពេលណាមួយលោកនឹងអញ្ជើញលោក Kim ឲ្យមកធ្វើទស្សនៈកិច្ចនៅសហរដ្ឋអាមេរិក។
មេដឹកនាំទាំងពីរធ្លាប់បានជួបគ្នាជាលើកទីមួយនៅក្នុងប្រទេសសង្ហបុរីកាលពីខែមិថុនា ក្នុងឆ្នាំនេះ និងបានសន្យាថានឹងធ្វើមិនឲ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទាំងមូល ប៉ុន្តែភាគីទាំងពីរមិនបានចុះកិច្ចព្រមព្រៀងលម្អិតណាមួយនោះទេនាពេលនោះ៕