ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ឃើញ​ហានិភ័យ​នៅ​ក្នុង​ជំនួប​លើក​ទី២រវាង​លោក Trump និង​លោក Kim Jong Un


រូបឯកសារ៖ លោក Kim Jong Un និងលោកដូណាល់ ត្រាំនៅក្នុងជំនួបលើកដំបូងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក Kim Jong Un និងលោកដូណាល់ ត្រាំនៅក្នុងជំនួបលើកដំបូងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

លោក Bruce Klingner អតីត​ប្រធាន​ផ្នែក​កិច្ចការ​កូរ៉េ​នៃ​ទីភ្នាក់ងារ CIA ថា៖ «ការ​រៀបចំ​ជំនួប​លើក​ទី ២ ដោយ​គ្មាន​ការ​វិវត្ត​ពិត​ប្រាកដ​នៃ​ការ​ព្រមព្រៀង​ដ៏​ទូលំទូលាយ​អំពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង គឺ​ពិតជា​រឿង​ខុស​ឆ្គង​មួយ»៕

អ្នក​ជំនាញ​ខាង​កិច្ចការ​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ប្រឆាំង​នឹង​កិច្ច​ប្រជុំ​មួយ​ទៀត ដែល​គ្រោង​នឹង​ធ្វើ​ឡើង​រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ដោយ​លើក​ឡើង​ពី​ដំណើរ​វិវត្ត​យឺតយ៉ាវ​នៃ​ការ​លុប​បំបាត់​នុយក្លេអ៊ែរ តាំង​ពី​កិច្ច​ប្រជុំ​លើក​ដំបូង​រវាង​លោក​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មិថុនា​មក។

បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​មេដឹកនាំ​ចិន​នៅ​ក្នុង​កិច្ច​ប្រជុំ G20 កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​មក លោក Trump បាន​បង្ហាញ​ពី​ឆន្ទៈ​នៅ​ក្នុង​ការ​រៀបចំ​ជំនួប​លើក​ទី ២ របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។

នៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​ពី​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​អាហ្សង់ទីន​នេះ លោក Trump បាន​និយាយ​ថា ជំនួប​លើក​ទី ២ របស់​លោក​ជាមួយ​នឹង​លោក Kim Jong Un អាច​ធ្វើ​ឡើង​នៅ​ខែ​មករា ឬ​ក៏​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ ហើយ​ទីតាំង ៣ កន្លែង​ត្រូវ​បាន​ពិភាក្សា​សម្រាប់​ជំនួប​នេះ។

អតីត​មន្ត្រី​អាមេរិក និង​អ្នក​វិភាគ​មួយ​ចំនួន ដែល​ផ្ដោត​លើ​កិច្ចការ​កូរ៉េ​ខាង​ជើង បាន​អះអាង​ថា ការ​ពិភាក្សា​កម្រិត​ការងារ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គួរ​ធ្វើ​ឡើង​មុន​ពេល​លោក Trump ជួប​ជាមួយ​នឹង​លោក Kim Jong Un។ អតីត​មន្ត្រី​អាមេរិក និង​អ្នក​វិភាគ​ទាំង​នោះ​សង្កត់ធ្ងន់​ថា ដំណើរ​វិវត្ត​នៃ​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​អាច​ចាប់ផ្ដើម​ពី​ការ​ចរចា​កម្រិត​ការងារ។

លោក Christopher Hill ដែល​ជា​អ្នក​ចរចា​ចម្បង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ក្នុង​រដ្ឋបាល​អតីត​ប្រធានាធិបតី George W. Bush និយាយ​ថា៖ «ខ្ញុំ​មិន​យល់​ថា ពួកគេ​នឹង​ពិភាក្សា​អំពី​អ្វី​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​គិត​ថា អ្វី​ដែល​លោក Trump ព្យាយាម​ប្រាប់​សារព័ត៌មាន និង​អ្នក​ដទៃ​គឺ​ថា មាន​ការ​វិវត្ត​ទៅ​មុខ ទោះបីជា​ខ្ញុំ​គិត​ថា អ្នក​ដទៃ​ទៀត​មិន​ឃើញ​ការ​វិវត្តណា​មួយ​ក៏​ដោយ។ ដូច្នេះ ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​ខ្លាំងក្លា​លើ​អ្វី​ដែល​លោក Trump បាន​និយាយ​នោះ​ទេ»។

លោក Bruce Klingner អតីត​ប្រធាន​ផ្នែក​កិច្ចការ​កូរ៉េ​នៃ​ទីភ្នាក់ងារ CIA និង​បច្ចុប្បន្ន​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ Heritage Foundation និយាយ​ដូច្នេះ​ថា៖ «ការ​រៀបចំ​ជំនួប​លើក​ទី ២ ដោយ​គ្មាន​ការ​វិវត្ត​ពិត​ប្រាកដ​នៃ​ការ​ព្រមព្រៀង​ដ៏​ទូលំទូលាយ​អំពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង គឺ​ពិតជា​រឿង​ខុស​ឆ្គង​មួយ»៕

XS
SM
MD
LG