ការវាយតម្លៃខុសមួយចំនួនបានធ្វើឲ្យអ្នកតាក់តែងច្បាប់អាមេរិកាំង មានការខឹងសម្បា និងវង្វេងវង្វាន់។ កំហុសទាំងនោះរួមមាន ការវិភាគថា កងទ័ពអាហ្វហ្កានីស្ថានអាចប្រយុទ្ធជាមួយក្រុមតាលីបានក្នុងរយៈពេលជាច្រើនខែ និងការយល់ថា ប្រទេសអ៊ុយក្រែនមុខជាធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ី។
លោកឧត្តមសេនីយ៍ឯក Scott Berrier នាយកទីភ្នាក់ងារស៊ើបការណ៍ក្រសួងការពារជាតិ ថ្លែងថា នៅពេលនិយាយដល់ប្រទេសចិន អ្នកវិភាគផ្នែកស៊ើបការណ៍របស់លោកមានការប្ដេជ្ញាចិត្តថា ពួកគេនឹងវិភាគឲ្យបានត្រឹមត្រូវ។
លោកថ្លែងដូច្នេះថា៖ «ដោយសារតែយោធាប្រជាមានិតចិនមានការរីកលូតលាស់លើគ្រប់ទិដ្ឋភាព យើងបានឃ្លាំមើលលើបញ្ហានេះដោយយកចិត្តទុកដាក់ខ្ពស់អស់រយៈពេល ៥ ឬ ៦ ឆ្នាំមកហើយ»។
លោក Berrier និង មន្ត្រីស៊ើបការណ៍ដទៃទៀត បានសារភាពថា មានភាពចាំបាច់ណាស់ក្នុងការពិចារណាទៅលើសំនួរពាក់ព័ន្ធនឹង«ឆន្ទៈប្រយុទ្ធរបស់ចិន»។
ទោះបីជាមានកិច្ចប្រឹងប្រែងធ្វើទំនើបកម្មយ៉ាងណាក៏ដោយ យោធាចិនមិនបានប្រលូកក្នុងការប្រយុទ្ធផ្ទាល់ចាប់តាំងពីឆ្នាំ១៩៧៩ មក។ ប៉ុន្តែ បើយោងតាមភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក យោធាចិនត្រូវបានដាក់បទបញ្ជាឲ្យត្រៀមខ្លួនរួចជាស្រេចដើម្បីវាយយកកោះតៃវ៉ាន់ លឿនបំផុតនៅដើមឆ្នាំ២០២៥៕