ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ការដកដំណែង​រដ្ឋមន្រ្តីការពារ​ជាតិ​ចិន​អាច​ជា​ការ​ចាប់ផ្តើម​នៃ​និន្នាការថ្មី​មួយ


រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ​ចិន​ចូល​រួម​កិច្ចពិភាក្សា IISS Shangri-La លើកទី២០ ប្រទេស​សិង្ហបុរីកាលពីថ្ងៃទី​២​មិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ​ចិន​ចូល​រួម​កិច្ចពិភាក្សា IISS Shangri-La លើកទី២០ ប្រទេស​សិង្ហបុរីកាលពីថ្ងៃទី​២​មិថុនា ឆ្នាំ២០២៣។

អ្នក​វិភាគ​និយាយ​ថា ស្រប​ពេល​ការ​ដកដំណែង​ជា​បន្តបន្ទាប់​ពី​មន្រ្តី​ជាន់​ខ្ពស់​ឆ្លុះបញ្ចាំង​ពី​ចលាចល​កំពុងកកើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ចិន សហរដ្ឋ​អាមេរិក​ប្រហែល​ចាត់ទុក​ការ​ដក​ដំណែង​រដ្ឋមន្រ្តី​ការពារជាតិ​ចិន​លោក Li Shangfu ជា​ការ​វិវត្ត​វិជ្ជមាន​សម្រាប់​ទំនាក់​ទំនង​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

អ្នកវិភាគ​និយាយ​ថា​ការដក​ដំណែង​រដ្ឋមន្រ្តី​ការពារជាតិ​ចិន​លោក Li Shangfu ជា សញ្ញា​បង្ហាញ​ពី​ចលាចល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក Xi Jinping។ ពួកគេ​ក៏​បាន​លើកឡើង​ថា​ការដក​ដំណែងលោកLi កាល​ពី​ថ្ងៃ​អង្គារ ទី២៤ ខែ​តុលា និង​ការ​ដកដំណែង​មន្រ្តី​ជាន់ខ្ពស់​មួយ​រូប​ទៀតនៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ស្រប​ពេលលោក Xi ចាប់ផ្តើម​អាណត្តិ​ទីបី​ដែល​ខុស​ពី​ក្បួន​ច្បាប់​ពី​មុន​មក ប្រហែល​ជា​ការចាប់ផ្តើម​នៃ​និន្នាការថ្មី​មួយ។

លោក Alfred Wu អ្នក​ជំនាញ​អំពី​នយោបាយ​ចិន​ប្រចាំ​វិទ្យាស្ថានគោលនយោបាយ​សាធារណៈ​ ​Lee Kuan Yew នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​និយាយ​ថា​«គណ បក្ស​កុម្មុយនីស្ត​ចិន​ធ្លាប់​មាន​ប្រព័ន្ធ​ត្រួតត្រា​និង​រក្សា​លំនឹង​នៅ​ក្នុង​ប្រព័ន្ធដឹកនាំ​របស់​ពួកគេ [ប៉ុន្តែ​ចាប់តាំង​ពី​ពេល​លោក Xi ចាប់ផ្តើមកាន់​អាណត្តិ​ទី​បី​មក»គ្មាន​នរណា​ម្នាក់​អាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បាន​នោះ​ទេ ហើយ​អ្វីទាំងអស់​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​លោក Xi ផ្ទាល់»។

លោក Wu បាន​បន្ថែមទៀត​ថាកង្វះ​ការ​ត្រួតពិនិត្យ​និង​រក្សាលំនឹង​នៅ​ក្នុង​ប្រព័ន្ធ​នយោ បាយ​ជាតិ ប្រហែល​នាំ​ឱ្យ​មាន​និន្នាការ​នៃ​ការដក​ដំណែង​មន្រ្តី​ជាន់ខ្ពស់​ភ្លាមៗ។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទូរសព្ទ​ក្នុង​សម្តី​ដើម​ថា«នេះ​អាច​ជា​និន្នាការ​ដែល​នឹង​បន្ត​កើត​ឡើង​នៅ​ក្នុង​អាណត្តិ​ដឹកនាំ​ទីបី​របស់​លោក Xi ហើយ​វា​ប្រហែល​នឹង​អាក្រក់​ជាង​នេះ»។

លោក Li Shangfu បាន​បាត់មុខ​ពី​សាធារណៈ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​សីហា បន្ទាប់​ពី​បាន​ថ្លែង​សុន្ទរកថា​អំឡុងពេលកិច្ចប្រជុំ​សន្តិភាព​និង​សន្តិសុខ​ចិន-អាហ្រ្វិក​នៅ​ក្រុង​ប៉េកាំង។ របាយការណ៍​ព័ត៌មាន​ខ្លះ​លើកឡើង​ថា​លោក​ប្រហែល​ស្ថិត​ក្រោម​ការ​ស៊ើប អង្កេត​ពី​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់ និង​ការ​អភិវឌ្ឍ​គ្រឿង​សម្ភារៈ​យោធា។

ការ​បាត់មុខ​របស់​លោក Li បាន​កើត​ឡើង​ បន្ទាប់​ពី​មាន​ការ​ដកដំណែង​លោក Qin Gang ​រដ្ឋមន្រ្តី​ការបរទេស​ចិន​នៅ​ខែ​កក្កដា។ លោក Qin ក៏​បាន​បាត់មុខ​ពី​សាធារណៈ​ភ្លាមៗ មុនការ​ដករូបលោក​ពី​ដំណែង​ផងដែរ។ កាល​ពី​ថ្ងៃ​អង្គារ ទី២៤ ខែ​តុលា គណៈ កម្មាធិការ​សភា​ចិន​បាន​ដកដំណែង​ជា​ទីប្រឹក្សា​រដ្ឋ​ដែល​ជា​ដំណែង​នៅ​សេសសល់​របស់​លោក Qin។ នៅ​ក្នុង​ករណី​ទាំង​ពីរ​នេះ រដ្ឋាភិបាល​ចិន​មិនបាន​ផ្តល់​ការបក ស្រាយ​ជា​ផ្លូវការ​ណាមួយ​ចំពោះ​ទង្វើ​របស់​ខ្លួន​នោះ​ទេ។

អ្នក​វិភាគ​ខ្លះ​យល់ឃើញ​ថាកង្វះ​ការ​បកស្រាយ​ចំពោះ​ការ​ដកដំណែង​លោក Qin និង​លោក Li គឺ​ជា​ «រឿង​មិនមែន​ធម្មតា»។

លោក Dennis Wilder អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​គម្រោង​ផ្តួចផ្តើម​កិច្ចពិភាក្សា​អា មេរិក​-ចិន​ស្តីពី​បញ្ហា​សាកល​នៅ​សាកលវិទ្យាល័យ Georgetown នៅ​សហរដ្ឋ​អាមេ រិក​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទូរសព្ទ​ថា៖«ជាធម្មតា នៅ​ពេល​រឿង​ទាំងនេះ​កើត ឡើង អ្នក​ដឹង​ហើយ​ថាជា​ទូទៅ​មាន​សេចក្តីថ្លែងការណ៍​ពី​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ឬ​សកម្មភាព​ឧក្រិដ្ឋកម្ម​ដទៃ​ទៀត​ដែល​នាំ​ឱ្យ​មាន​ការ​ដកចេញ​ពី​ដំណែង​ដូច្នេះ»។

ស្រប​ពេលរបាយការណ៍​ព័ត៌មាន​ខ្លះ​បាន​លើកឡើង​ថាការដក​ដំណែង​របស់​លោក Li គឺ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ លោក Wilder បាន​និយាយ​ថាហេតុការណ៍​ដូច​នេះ​ក៏​ឆ្លុះ បញ្ចាំង​ពី​ការមិនពេញ​ចិត្ត​របស់​លោក Xi ចំពោះ​យោធា​ចិន​ផង​ដែរ។ លោក​បាន​បន្ថែម​ថា៖«មាន​លទ្ធភាព​ដទៃ​ទៀត​ដែល​ក្នុង​នោះ​ លទ្ធភាព​មួយ​អាច​ជា​ការ​ពិត ហើយ​កាសែត New York Times បាន​រាយការណ៍​ពី​រឿង​នេះ​ផងដែរ​ថាលោក Xi Jinping មិន​ពេញ​ចិត្ត​ខ្លាំង​នឹង​ហេតុការណ៍​ពាក់ព័ន្ធ​នឹងរឿង​បាឡុង​ចិន»។

ដោយសារ​តែ​អាជ្ញាធរ​មិន​ទាន់​តែងតាំង​អ្នកស្នង​តំណែង​លោកLi ការដក​ដំណែង​របស់​លោក​បាន​ធ្វើ​ឱ្យ​ចិន​ដែល​មាន​យោធា​ធំជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក មិន​ទាន់​មាន​រដ្ឋមន្រ្តី​ការពារជាតិ។ អ្នកវិភាគ​និយាយ​ថា ​ដោយសារ​តែ​រដ្ឋមន្រ្តី​ការពារ​ជាតិ​មិន​អាច​បញ្ជា​និង​ដឹកនាំ​យោធា​អំឡុងពេល​ប្រយុទ្ធ បញ្ហា​នេះ​នឹង​មាន​ផលប៉ះពាល់​តែ​មួយ​កម្រិត​ប៉ុណ្ណោះ​មក​លើ​ការត្រៀមលក្ខណៈ​ជា​ស្រេច​សម្រាប់​ការ​ប្រយុទ្ធ​របស់​យោធា​ចិន។

អ្នកស្រី Lin Ying-yu អ្នក​ជំនាញ​ផ្នែក​យោធា​ចិន​ប្រចាំសាកលវិទ្យាល័យ Tamkang នៅ​កោះតៃវ៉ាន់​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ថា៖ «រដ្ឋមន្រ្តី​ការពារជាតិ​ចិនមាន​តួនា ទី​ចម្បង​នៅ​ក្នុង​ការ​ទូត​ផ្នែក​យោធា ដូច្នេះ​ការ​ដកតំណែង​លោកLiមិន​មាន​ផលប៉ះ ពាល់​ខ្លាំង​មក​លើ​យោធា​ចិន​នោះ​ទេ»។

អ្នកស្រី Rorry Daniels នាយិកា​វិទ្យាស្ថាន​គោលនយោបាយ​សង្គម​អាស៊ី(ASPI) និយាយ​ថាស្រប​ពេល​អវត្តមាន​រដ្ឋមន្រ្តី​ការពារ​ជាតិ​ថ្មី​ប្រហែល​មាន​ផលប៉ះពាល់​តិច តួច​មក​លើ​ប្រតិបត្តិការ​របស់​យោធា ការដក​ដំណែង​លោក Li និង​លោក Qin ដែល​អ្នក​ទាំងពីរ​ត្រូវ​បាន​ជ្រើស​ដោយ​លោក Xi ផ្ទាល់​អាច​ជា​ការ​ក្រើនរំឭក​ដល់​មន្រ្តី​ចិន​ដទៃ​ទៀត​ថាមិន​មាន​នរណា​ម្នាក់​មាន​សុវត្ថិ ភាព​ពី​ការបណ្តេញ​ចេញ​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។

អ្នកស្រី Daniels បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​តាម​ទូរសព្ទ​ថា៖«ច្បាស់​ណាស់​ថា​មាន​កន្លែង​ហានិភ័យ​ខ្លះ​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ចិន។ ហើយ​ខ្ញុំ​គិត​ថា​ការណ៍​នេះ​នឹង​នាំ​ឱ្យ​មានជា​គំនិត​មួយ​ថាគ្មាន​នរណា​ម្នាក់​ជា​អ្នក​ពិសេស​នោះ​ទេ ហើយ​គ្រប់គ្នា​អាច​ជា​គោលដៅ​នៅ​ក្នុង​ចំណោម​មន្រ្តី​ចិន​ដទៃ​ទៀត»។

អ្នកស្រី​បាន​បន្ត​ថា​ផលវិបាក​ពី​ការ​ដក​ដំណែង​លោក Li និង​លោក Qin ប្រហែល​អាច​បង្កើត​ជា​ឧបសគ្គ​ចំពោះ​ការបង្កើត​គោលនយោបាយ​នៅ​ចិន។ អ្នកស្រី​បាន​ថ្លែង​ថា៖ «នៅ​ក្នុង​បរិស្ថាន​ដូចនេះ​ ជា​ការ​លំបាក​ខ្លាំង​នៅ​ក្នុង​ការ​បង្កើត​គោលនយោបាយ​ណា​មួយ ប្រសិន​បើក្រុម​មន្រ្តី​ត្រូវ​តែ​ពិចារណា​ចំពោះ​អ្វី​ដែលអាច​កើត​មាន​មក​លើ​ពួកគេ»។

ការដកដំណែង​រដ្ឋមន្រ្តី​ការពារ​ជាតិ​លោក Li Shangfu ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ មុន​ពេល​ចិន​រៀបចំ​វេទិកា Beijing Xiangshan ជា​កិច្ចពិភាក្សា​ពហុភាគីដែល​មន្រ្តី​ការពារ​ជាតិ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​មក​ជួប​ពិភាក្សា​ពី​យុទ្ធសាស្រ្ត​យោធា​ជា​រួម។ ក្រុម​មន្រ្តី​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថាតំណាង​ពី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ត្រូវ​បាន​អញ្ជើញ​ហើយ​នឹង​ចូលរួម​វេទិកា​នេះ។

លោក Alfred Wu អ្នក​ជំនាញ​អំពីនយោបាយ​ចិន​ប្រចាំ​វិទ្យាស្ថានគោលនយោបាយ​សាធារណៈ Lee Kuan Yew នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​និយាយ​ថាដោយ សារ​តែ​សហរដ្ឋ​អាមេរិក​ទំនង​នឹង​មិន​បញ្ជូន​ប្រេសិត​ជាន់ខ្ពស់​ដើម្បី​ចូលរួម​ក្នុង​វេទិកា​ខាង​លើ​នេះ លោក​គិត​ថា​អវត្តមាន​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​ថ្មី​នឹង​មិន​ប៉ះពាល់​ខ្លាំង​លើ​ទំនាក់​ទំនង​យោធា​ទ្វេភាគី​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន​អំឡុងពេល​កិច្ចប្រជុំ​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា«ចិន​និង​សហរដ្ឋអាមេរិក​នឹង​មាន​ជម្រើសផ្សេង​ទៀត​ ដើម្បី​បន្ត​កិច្ចពិភាក្សា​និង​ទំនាក់ទំនង​ផ្នែក​យោធា»។

ហើយ​ដោយសារ​តែ​លោកLiរង​ការដាក់​ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋាភិបាល​អាមរិក​ដែល​បាន​រារាំង​ការទាក់ទងរបស់​លោក​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin អំឡុងពេល​លោក​បម្រើការ​ជា​រដ្ឋមន្រ្តី​ការពារជាតិ​ចិន​នោះ លោក Dennis Wilder នៃ​សាកលវិទ្យាល័យ​ Georgetown បាន​ព្យាករណ៍​ថា​ការដក​ដំណែង​របស់​លោកLiប្រហែល​នឹង​ធ្វើ​ទំនាក់ទំនង​យោធារវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិ បាល​ក្រុង​វ៉ាស៊ីនតោន​ធូរ​ស្បើយ​ជាង​មុន។

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖​«ខ្ញុំ​រំពឹង​ថាអ្នក​ដែល​លោក Xi Jinping ជ្រើសរើស​ជា​រដ្ឋមន្រ្តី​ការពារ​នឹង​មិនមាន​ការ​ដាក់ទណ្ឌកម្ម​ដូចនេះ​មក​លើ​ពួកគេ​នោះ​ទេ»ដោយ​លោក​បន្ថែម​ថានេះ​ជា​ការ​វិវត្ត​វិជ្ជមាន​មួយ​ពី​ទស្សនៈ​សហរដ្ឋអាមេរិក។

ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ចិន​កំពុង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជំនួប​ដែល​អាច​កើត​ឡើង​រវាង​លោក Xi និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden​ នៅ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ APEC ក្នុង​ក្រុង San Francisco សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា អ្នកស្រី Rorry Daniels នាយិកា​វិទ្យាស្ថាន(ASPI)បាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន តោនសង្ឃឹម​ថា​ជំនួប​នេះ​នឹង​ផ្តល់​ជា​លទ្ធផល​ជា​ដុំកំភួន​សម្រាប់​មន្រ្តី​ថ្នាក់​ទាប​ដើម្បី​ប្រតិបត្តិ​តាម។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖​«មាន​ជម្រើស​ផ្សេងៗ​ដែល​អាច​កើត​ចេញ​ពី​ជំនួប​រវាង​លោក Xi និង​លោក Biden ហើយ​ថា​តើ​វា​នឹង​ជោគជ័យ​ឬ​ទេ​គឺ​អាស្រ័យ​ដោយ​ផ្នែក​លើ​បែបផែន​ដែល​យើង​វាស់វែង​ភាព​ជោគជ័យ»។

តាម​ទស្សនៈ​របស់​អ្នកស្រី លទ្ធផល​ជោគជ័យ​គឺប្រហែល​សម្រាប់​ភាគី​ទាំងពីរ​មាន​ចន្លោះ​ប្រហោងដែល​ត្រូវការចាំបាច់ ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ ដែល​«អាច​មានជា​យូរ​អង្វែង»និង​អាច​ត្រូវ​ប្រតិបត្តិ​តាមដោយ​មន្រ្តី​និង​អ្នក​ពាក់ព័ន្ធ​ពី​ភាគី​ទាំងសងខាង៕

VOA Mandarin service reporter Adam Xu contributed to this report.
អ្នករាយការណ៍ឱ្យវីអូអេ​សេវា​ភាសា​ចិន​កុកងឺ​លោក Adam Xu បានរួមចំណែក​ក្នុង​សេចក្តីរាយការណ៍​នេះ។


ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG