ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វិភាគ៖ តួនាទី​ដ៏​ស្មុគស្មាញ​របស់​កាតា​មាន​សារៈសំខាន់​ចំពោះ​គោល​នយោបាយការ​បរទេស​អាមេរិក


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ស្តាប់មន្ត្រីនៅ Education City ក្នុងទីក្រុង Doha ប្រទេសកាតា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ ទំនាក់ទំនងការងាររបស់កាតាជាមួយសត្រូវ​អាមេរិក​បាន​ធ្វើ​ឱ្យ​ខ្លួន​ក្លាយ​ជាដៃគូដែលមិនអាចកាត់ថ្លៃបានសម្រាប់អាមេរិក និងប្រទេសលោកខាងលិច។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ស្តាប់មន្ត្រីនៅ Education City ក្នុងទីក្រុង Doha ប្រទេសកាតា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ ទំនាក់ទំនងការងាររបស់កាតាជាមួយសត្រូវ​អាមេរិក​បាន​ធ្វើ​ឱ្យ​ខ្លួន​ក្លាយ​ជាដៃគូដែលមិនអាចកាត់ថ្លៃបានសម្រាប់អាមេរិក និងប្រទេសលោកខាងលិច។

នាយក​រដ្ឋមន្ត្រី​កាតា លោក Sheikh Mohammed bin Abdulrahman Al Thani បាន​ថ្លែង​កាលពី​ចុង​ខែតុលា​ថា ការ​ចរចា​ស្តី​ពី​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ក្រុម​ Hamas កំពុង​ដំណើរការ​ទៅ​មុខ។ ដោយ​ចំណាប់ខ្មាំង​ភាគច្រើន​ក្នុង​ចំណោម​ជាង ២០០ នាក់​នៅ​តែ​ជាប់​ឃុំ ឬ​មិន​ទាន់​មាន​ព័ត៌មាន ហើយ​តំបន់​ហ្កាហ្សា​នឹង​មិន​មាន​អាហារ ទឹក និង​អគ្គិសនី​ក្នុង​ពេល​ឆាប់ៗ សម្ពាធ​អន្តរជាតិ​ធ្លាក់​ទៅ​លើ​រដ្ឋ​ឈូង​សមុទ្រ​នេះ​ដើម្បី​ជួយ​ធានា​ការ​ដោះលែង​ពួកគេ។

ទំនាក់ទំនង​ការងារ​របស់​កាតា​ជាមួយ​ក្រុម Hamas និង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី៧ ខែតុលា ដែល​ឱ្យ​អ៊ីស្រាអែល​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​បាន​ជំរុញ​ឱ្យ​មាន​កំហឹង​ជា​សាធារណៈ​នៅ​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​អ្នក​វិភាគ​មើល​ឃើញ​ថា ប្រទេស​នេះ​ជា​តួអង្គ​សំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្របសម្រួល​ជម្លោះ។

មេដឹកនាំ​ប្រទេស​កាតា​ដើរ​តួ​គន្លឹះ​ក្នុង​ការ​ធានា​ការ​ដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល។ មន្ត្រី​កាតា​បាន​ជួយ​សម្របសម្រួល​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ការ​ដោះលែង​ស្ត្រី​ជនជាតិ​អ៊ីស្រាអែល​ ២ នាក់​ដែល​ឃុំ​ខ្លួន​ដោយ​ក្រុម​ Hamas នៅ​ថ្ងៃទី២៣ ខែតុលា ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប្រទេស​នេះ​បាន​ចរចា​ដោះលែង​លោក Judith និង​អ្នកស្រី Natalie Raanan ដែល​ជា​ប្តី​ប្រពន្ធ។

កាតា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​ជា​យូរយារ​ណាស់​មក​ហើយ។ ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ឧស្ម័ន​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​យោធា​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក ដែល​ជា​មូលដ្ឋាន​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់ នៅ​មូលដ្ឋាន​ទ័ពអាកាស Al Udeid ។ មូលដ្ឋាន​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ជនជាតិ​កាតា​ក្នុង​ឆ្នាំ១៩៩៦ ហើយ​បាន​ទទួល​ការ​ទទួល​ស្គាល់​ពី​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០០២ នៅ​ពេល​ដែល​អនុប្រធានាធិបតី លោក Dick Cheney បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ទីនោះ។

ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​នេះ​មាន​តាំង​ពី​ឆ្នាំ១៩៧២ ហើយ​ផ្តោត​លើ​បញ្ហា​សន្តិសុខ ថាមពល និង​ការ​អប់រំ​ក្នុង​តំបន់។ ប្រទេស​កាតា​សហការ​ជាមួយ​យោធា​អាមេរិក លើ​ផ្នែក​ប្រឆាំង​ភេរវកម្ម និង​ប្រឆាំង​អំពើ​ជ្រុល​និយម ដែល​មាន​ប្រតិបត្តិការ​នៅ​ឆ្ងាយៗ​ដូចជា​តំបន់​ស្នែង​អាហ្វ្រិក​ជាដើម។

បន្ទាប់ពី​ពួក​តាលីបង់​បាន​កាន់កាប់​អាហ្វហ្គានីស្ថាន​ទាំង​ស្រុង​ក្នុង​ខែសីហា ឆ្នាំ២០២១ តួនាទី​របស់​កាតា​ក្នុង​ការ​សម្របសម្រួល​ការ​ចាកចេញ​ដោយ​សុវត្ថិភាព​របស់​មនុស្ស​រាប់​ម៉ឺន​នាក់ រួម​ទាំង​ពលរដ្ឋ​អាមេរិក និង​អ្នក​ម៉ៅការ ​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​រដ្ឋាភិបាល​អាមេរិក។

អ្នក​ជម្លៀស​ជិត ៤០% នៃ​មនុស្ស​ទាំង​អស់​បាន​ចាកចេញ​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​កាតា។

ក្នុង​ប៉ុន្មាន​ឆ្នាំ​មុន​ឈាន​ទៅ​ដល់​ការ​កាន់កាប់​របស់​ក្រុម​តាលីបង់ ប្រទេស​កាតា​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​រវាង​មន្ត្រី​សហរដ្ឋអាមេរិក និង​សមាជិក​ក្រុម​តាលីបង់​នៅ​រដ្ឋធានី​ដូហា ដែល​ដឹកនាំ​ដោយ​បេសកជន​ពិសេស​របស់​សហរដ្ឋអាមេរិក លោក Zalmay Khalilzad ។ ខណៈ​ដែល​កិច្ចពិភាក្សា​បាន​បរាជ័យ​នៅ​ទីបំផុត ពួកគេ​បាន​បង្ហាញ​ពី​ការ​ពឹងផ្អែក​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​កាតា​ជា​អន្តរការី​ដ៏​សំខាន់។

សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​នេះ និង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សេង​ទៀត ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បាន​កំណត់​ប្រទេស​កាតា​ជា​សម្ពន្ធមិត្ត​ដែល​មិន​មែន​ជា​សមាជិក​អង្គការ​អូតង់​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ខែមីនា ឆ្នាំ២០២១។

លោក​ប្រធានាធិបតី​បាន​សរសេរ​នៅ​ក្នុង​លិខិត​មួយ​ទៅ​សភា​ថា «ខ្ញុំ​កំពុង​ធ្វើ​ការ​កំណត់​បែប​នេះ​ក្នុង​ការ​ទទួល​ស្គាល់​ការ​រួម​ចំណែក​ជាច្រើន​ឆ្នាំ​របស់​កាតា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​នៃ​ការ​ទទួល​ខុសត្រូវ​របស់​បញ្ជាការ​កណ្តាល​របស់​សហរដ្ឋអាមេរិក និង​ក្នុង​ការ​ទទួល​ស្គាល់​ផលប្រយោជន៍​ជាតិ​ផ្ទាល់​របស់​យើង​ក្នុង​ការ​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ការពារជាតិ និង​សន្តិសុខ​ទ្វេ​ភាគី​ជាមួយ​រដ្ឋ​កាតា​កាន់​តែ​ស៊ីជម្រៅ»។

ថ្មីៗ​នេះ ប្រទេស​កាតា​បាន​សម្របសម្រួល​ការ​ដោះលែង​អ្នក​ទោស​អាមេរិក​ចំនួន​៥នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​ក៏​ដូចជា​ការ​ដោះលែង​កុមារ​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ប្រទេស​រុស្ស៊ី។

កំណត់ត្រា​ដ៏​ល្អ​មួយ

ប្រទេស​កាតា​បាន​ចាប់ផ្តើម​ដើរ​តួ​ជា​អ្នក​សម្រុះសម្រួល​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ក្នុង​ឆ្នាំ២០០៨ នៅ​ពេល​ដែល​ក្រុម Hezbollah បាន​កាន់កាប់​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​លីបង់ រួម​ទាំង​អាកាសយានដ្ឋាន និង​កំពង់ផែ​សំខាន់ៗ ប្រទេស​កាតា​បាន​នាំ​ក្រុម Shiite និង​គូប្រជែង​ដែល​គាំទ្រ​ដោយ​លោក​ខាង​លិច​មក​តុ​ចរចា។ កិច្ចពិភាក្សា​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ដូហា​ ដែល​រារាំង​វិបត្តិ​មិន​ឱ្យ​វិវត្ត​ទៅ​មុខ និង​ធ្វើ​ឱ្យ​ប្រទេស​លីបង់​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ស៊ីវិល​មួយ​ផ្សេង​ទៀត។

ទំនាក់ទំនង​ការងារ​របស់​កាតា​ជាមួយ​គូប្រជែង​បែប​ប្រពៃណី​របស់​អាមេរិក​ដូចជា​អ៊ីរ៉ង់ និងរុស្ស៊ី ឬ​ក្រុម​មិន​មែន​រដ្ឋ​ដូចជា​ក្រុម Hamas និង​តាលីបង់ បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ដៃគូ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក Antony Blinken បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ដូហា កាលពី​ថ្ងៃទី១៣ ខែតុលា​ថា «កាតា​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​លើ​បញ្ហា​ជាច្រើន​ដែល​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ​របស់​យើង និង​នៅ​ក្នុង​តំបន់​នេះ រាប់​ចាប់​ពី​ការ​ធ្វើ​ការ​រួម​គ្នា​លើ​ការ​ជម្លៀស​ជនជាតិ​អាមេរិក អាហ្វហ្គានីស្ថាន និង​អ្នក​ផ្សេង​ទៀត​ពី​អាហ្វហ្គានីស្ថាន រហូត​ដល់​ការ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ភាពអាសន្ន​ផ្នែក​មនុស្សធម៌ ដូចជា​ការ​រញ្ជួយដី​ដ៏​អាក្រក់​នៅ​តួកគី និង​នៅ​ក្នុង​ប្រទេស​ស៊ីរី»។

ក្រុម​អ្នក​វិភាគ​ថា សមត្ថភាព​របស់​ប្រទេស​កាតា​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​មិន​មែន​រដ្ឋ និង​តួអង្គ​រដ្ឋ​ដូចជា​រុស្ស៊ី និង​អ៊ីរ៉ង់ ខណៈ​ដែល​នៅ​តែ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​សហរដ្ឋអាមេរិក​ នឹង​បន្ត​ពង្រឹង​សារៈសំខាន់​របស់​ខ្លួន​នៅ​លើ​ឆាក​ពិភពលោក។

អ្នកស្រី Lina Khatib ដែល​នាយិកា​វិទ្យាស្ថាន SOAS Middle East នៅ​សាកលវិទ្យាល័យ SOAS នៃ​ទីក្រុង​ឡុងដ៍​នៅ​ក្នុង​អត្ថបទ​មួយ​សម្រាប់​ទស្សនាវដ្តី Barron បាន​សរសេរ​ថា «កាតា​កំពុង​រៀបចំ​សមិទ្ធិផល​នេះ និង​ការ​សរសើរ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក ជា​ភស្តុតាង​ដែល​ថា​ វា​មាន​ភាព​ត្រឹមត្រូវ​នៅ​ក្នុង​យុទ្ធសាស្រ្ត​របស់​ខ្លួន​ក្នុង​ការ​រក្សា​ទំនាក់ទំនង​បើកចំហ​ជាមួយ​តួអង្គ​ប្រឆាំង​ជាច្រើន។ តួនាទី​របស់​ប្រទេស​នេះ​នៅ​ក្នុង​ជម្លោះ​នា​ពេល​បច្ចុប្បន្ន​នឹង​បង្កើន​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។ អ្នកស្រី​ក៏​ជា​សហការី​នៅ​អង្គការ Chatham House ផង​ដែរ។

អ្នក​ផ្សេង​ទៀត​ថា ការ​មាន​ទំនាក់ទំនង​នឹង​ក្រុម​ដូចជា​ក្រុម Hamas​ នឹង​នាំ​ឱ្យ​មាន​ការត្រួតពិនិត្យ​កាន់​តែ​ខ្លាំង​ចំពោះ​ប្រទេស​កាតា ដែល​ជា​ប្រទេស​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ធំ​ជាង​គេ​ទី​បី​របស់​ពិភពលោក និង​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ត្រឹមតែ ៣០០.០០០ ប៉ុណ្ណោះ។

លោក Mehran Kamrava សាស្ត្រាចារ្យ​រដ្ឋាភិបាល​នៅសាកលវិទ្យាល័យ Georgetown Qatar ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Financial Times បាន​ថ្លែង​ថា «វា​ជា​ដាវ​មុខ​ពីរ​ ហើយ​ជនជាតិ​កាតា​ត្រូវ​តែ​មាន​សារ​ត្រឹមត្រូវ ពីព្រោះ​ទោះ​បី​ជា​ជនជាតិ​អាមេរិក​បាន​សម្តែង​ការ​ដឹងគុណ និង​ទទួល​បាន​ការ​សរសើរ​ពី​សហរដ្ឋអាមេរិក​ក៏​ដោយ ក៏​រូបភាព​របស់​ពួកគេ​កំពុង​មាន​ស្នាមជាំ​ដែរ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG